អាកាសធាតុ-COP26

អាកាសធាតុ៖​ អង់គ្លេស​ប្រជុំ​ជាមួយ​​ប្រទេស​៥១ ដើម្បី​ត្រៀម​​បើក​ការចរចា​សន្និសីទ​អាកាសធាតុ​​COP26

លោក​បូរីស ចនសុន ក្នុងពេលធ្វើសន្ទរកថា ទទួលរៀបចំសន្និសីទអាកាសធាតុ COP26 ដែល​នឹងត្រូវរៀបចំនៅ​ខែវិច្ឆិកា នៅទីក្រុងហ្ក្លាស្កូវ តំបន់ស្កុតលែន។ ទីក្រុងឡុងដ៍ ថ្ងៃទី ៤ កុម្ភៈ ២០២០
លោក​បូរីស ចនសុន ក្នុងពេលធ្វើសន្ទរកថា ទទួលរៀបចំសន្និសីទអាកាសធាតុ COP26 ដែល​នឹងត្រូវរៀបចំនៅ​ខែវិច្ឆិកា នៅទីក្រុងហ្ក្លាស្កូវ តំបន់ស្កុតលែន។ ទីក្រុងឡុងដ៍ ថ្ងៃទី ៤ កុម្ភៈ ២០២០ AP - Chris J Ratcliffe

ក្នុងអំឡុងពេលនេះ គ្រោះធម្មជាតិ សីតុណ្ហភាពក្តៅខ្លាំង ភ្លើងឆេះព្រៃ ខ្យល់ព្យុះ ជំនន់ទឹកភ្លៀង បានកើតឡើងយ៉ាងញឹកញាប់ និងមានភាព​កាចសាហាវបំផុត។ តែទន្ទឹមនឹងនេះ ប្រទេសទាំងអស់ ហាក់ដូចជាពិបាកស្វែងរក​ការស្រុះស្រួលគ្នាណាស់ នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង នឹងការកើនឡើង​កំដៅផែនដី។ នៅខែវិច្ឆិកាខាងមុខ សន្និសីទពិភពលោក ស្តីពីអាកាសធាតុ COP26  នឹងត្រូវធ្វើឡើង នៅទីក្រុងហ្ក្លាស្កូវ តំបន់ស្កុតលែន។ នៅថ្ងៃអាទិត្យនេះ ប្រទេសអង់គ្លេសបាន​ដឹកនាំការចរចា​ ជាមួយប្រទេស​៥១ ដើម្បី​ឈាន​ទៅត្រួសត្រាយផ្លូវ ជជែកគ្នា​លើបញ្ហាជាច្រើន ក្នុងកម្មវត្ថុកាត់បន្ថយកំដៅផែនដី ដែលនឹងត្រូវលើកមកនិយាយ ​ក្នុងសន្និសីទនៅខែវិច្ឆិកា។

ផ្សាយពាណិជ្ជកម្ម

ស្រោចស្រង់​កម្មវត្ថុ រួមគ្នាទប់សីតុណ្ហភាព​ផែនដី កុំឲ្យ​ឡើងលើសពី ១.៥°c ដែលត្រូវបាន​កំណត់​កាលពីក្នុង​ឱកាសសន្និសីទក្រុងប៉ារីស ស្តីពីអាកាសធាតុ គឺជាអ្វីដែលសន្និសីទ COP26 ត្រូវប្រឹងប្រែងធ្វើឲ្យ​បាន​។

ដើម្បីត្រួសត្រាយ​ផ្លូវ ដ៏ស្មុគស្មាញនេះ អង់គ្លេសដែលជាប្រទេសម្ចាស់ផ្ទះ រៀបចំ​សន្និសីទ COP26  បាន​បើកការជជែកគ្នាជាមុនពីចំងាយ នៅថ្ងៃអាទិត្យទី ២៥ដល់ថ្ងៃចន្ទ ទី២៦កក្កដា ដើម្បីនិយាយគ្នា លើសំណុំរឿងសំខាន់ៗមួយចំនួន ទាក់ទិននឹងការកាត់បន្ថយឧស្ម័នកាបូនិក និងការគ្រប់គ្រង​ទីផ្សារកាបូនឲ្យមានតម្លាភាព។ យោងតាមលិខិតប្រកាស​របស់​គណកម្មការរៀបចំ ប្រទេសបញ្ចេញ​ឧស្ម័នកាបូនិកធំៗទាំង៣ មាន​ ចិន សហរដ្ឋអាេមរិក និងឥណ្ឌា នឹង​មាន​វត្តមានក្នុងការ​ប្រជុំ​នេះដែរ។

លោក Alok Sharma រដ្ឋមន្ត្រីបរិស្ថានអង់គ្លេស បានលើកឡើងថា លោកសង្ឃឹមថា ប្រទេសធំៗទាំងអស់ នឹងនិយាយគ្នាដោយត្រង់ទៅត្រង់មក ដើម្បី​ស្វែងរកការសហការគ្នា សាមគ្គីគ្នា ក្នុងយុទ្ធនាការកាត់បន្ថយ​កំដៅផែនដីនេះ។ ការនិយាយគ្នា​ត្រង់ៗ ពីចំងាយ នឹងបើកផ្លូវ ឲ្យ​គ្រប់ភាគី អាចស្វែងរកដំណោះស្រាយរួមគ្នា នៅក្នុងឱកាស​សន្និសីទនៅខែវិច្ឆិកាខាងមុខ។

ដោយឡែក កិច្ចប្រជុំរដ្ឋមន្ត្រីថាមពល និងបរិស្ថាន នៃ​ប្រទេសសេដ្ឋកិច្ចនាំមុខ G20 ដែលទើបតែបិទបញ្ចប់ នៅទីក្រុងណាប់ប្ល៍ កាលពីថ្ងៃសុក្រកន្លងទៅ គឺប្រទេសទាំងអស់ ពុំបានស្រុះស្រួលគ្នា ចេញជាសេចក្តីថ្លែងការណ៍រួមទេ។ លោករដ្ឋមន្ត្រី​ក្រសួងអន្តរកម្ម​ថាមពល និងបរិស្ថានអ៊ីតាលី បាន​លើកឡើងថា ការចរចាគ្នា បាននៅជាប់គាំង គ្មានការស្រុះស្រួលគ្នា ដោយសារតែចិន រុស្ស៊ី និង​ឥណ្ឌា បាន​បដិសេធ មិនព្រមទទួលយកចំណុចមួយចំនួន តួយ៉ាង គឺការ​ទាមទារ ឲ្យ​បោះបង់ចោល ការផលិត​ថាមពល​ដើរដោយ​ចំហេះធ្យូងថ្ម នៅឆ្នាំ​២០២៥​។

គួរកត់សំគាល់ថា កិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុឆ្នាំ​២០១៥ បានកំណត់​កម្មវត្ថុ ទប់សីតុណ្ហភាពផែនដី កុំឲ្យ​ឡើងលើសពី ១.៥ ទៅ ២°c ពីនេះដល់ឆ្នាំ២០៣០។ ក៏ប៉ុន្តែយោងតាមអ្នកជំនាញអាកាសធាតុ កំដៅផែនដីបច្ចុប្បន្នបាន​ឡើងលើសជាង ១°c  រួចបាត់ទៅហើយ បើប្រៀបធៀបទៅនឹង​សីតុណ្ហភាពផែនដី ក្នុងសម័យ​បុរេឧស្សាហកម្ម។ មានប្រទេសមួយចំនួន បានទាមទារថា ត្រូវតែបន្ថែមការប្រឹងប្រែង ឲ្យ​ខ្លាំងជាង​អ្វីដែលមានកំណត់ ក្នុងកិច្ចព្រមព្រៀងក្រុង​ប៉ារីស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI