អង្គការសហប្រជាជាតិ-អាកាសធាតុ

កិច្ច​ប្រជុំ​ពី​របាយការណ៍​អាកាសធាតុ​របស់​អ.ស.ប​ ចាប់​បើក​ខណៈ​គ្រោះ​ធម្មជាតិ​កើត​ឡើង​ជា​បន្តបន្ទាប់

ប្រទេសសមាជិក អ.ស.ប. ចំនួនជិត ២០០ នៅថ្ងៃចន្ទ ២៦ កក្កដានេះ បើកកិច្ចប្រជុំអនឡាញ ដើម្បីអនុម័តរបាយការណ៍អាកាសធាតុមួយរបស់ក្រុមអ្នកវិទ្យាសាស្រ្ត។
ប្រទេសសមាជិក អ.ស.ប. ចំនួនជិត ២០០ នៅថ្ងៃចន្ទ ២៦ កក្កដានេះ បើកកិច្ចប្រជុំអនឡាញ ដើម្បីអនុម័តរបាយការណ៍អាកាសធាតុមួយរបស់ក្រុមអ្នកវិទ្យាសាស្រ្ត។ REUTERS - ALY SONG

ប្រទេស​សមាជិក​អ.ស.ប. ចំនួន​ជិត​ ២០០ នៅ​ថ្ងៃ​ចន្ទ​ ២៦ កក្កដានេះ​ បើក​កិច្ច​ប្រជុំ​អនឡាញ​ ដើម្បី​អនុម័ត​របាយការណ៍​អាកាសធាតុ​មួយ​របស់​ក្រុម​អ្នក​វិទ្យាសាស្រ្ត​។ ជាការ​គួរ​ឲ្យ​កត់​សម្គាល់​ កិច្ចពិភាក្សានេះ​ចាប់បើក​នៅក្នុង​អំឡុង​ពេល​ដែល​ពិភពលោកប្រឈម​​កាន់តែខ្លាំង​ទៅ​នឹង​គ្រោះធម្មជាតិដែល​កើត​ឡើង​កាន់​តែ​ច្រើន​និង​សាហាវជាងមុន​។

ផ្សាយពាណិជ្ជកម្ម

អាកាសធាតុ​ឡើងក្តៅខ្លាំង​ ទឹកជំនន់​ និង​គ្រោះរាំងស្ងួត​ដែល​កើតឡើង​នៅក្នុងទ្វីប​ចំនួន​៣ រួមមានអាមេរិក​ខាងជើង​ អឺរ៉ុប​ និងអាស៊ី​ក្នុង​រយៈពេល​ប៉ុន្មានសប្តាហ៍ថ្មីៗនេះ​ ស្តែង​ឲ្យ​ឃើញកា​ន់​តែច្បាស់​ពីផល​ប៉ះ​ពាល់​បង្កដោយការកើនឡើង​នៃ​កម្តៅផែនដី​។ ហេតុផលនេះ​ធ្វើឲ្យ​ប្រទេសសមាជិក​អ.ស.ប.​ដែលជា​ក្រុម​អន្តររដ្ឋាភិបាល​ធ្វើការ​ផ្តោត​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ (IPCC)​ ត្រូវវាយតម្លៃ​និង​អនុម័តលើ​របាយការណ៍​អាកាសធាតុ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រឲ្យបានលឿន​ទាន់ពេលវេលា​។

ស្ថាបនិក​និង​សហការីជាន់ខ្ពស់​នៃអង្គភាពថាមពល​និងអាកាសធាតុ​ដែល​មាន​មូលដ្ឋាន​នៅទីក្រុងឡុងដ៍​លោក Richard Black​ បាន​មាន​ប្រសាសនស៍ថា​ គ្រោះធម្មជាតិ​គឺជា​ការ​ដាស់​ស្មារតី​ពិភពលោក​ឲ្យភ្ញាក់រឭក​និង​យល់កាន់តែច្បាស់​ពី​បញ្ហាប្រឈមដ៏ធំ​នេះ​។

លោក​បានកត់សម្គាល់ថា​របាយការណ៍​របស់ក្រុម​អ្នក​វិទ្យាសាស្ត្រខាងលើ​ចេញតែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ មុន​មហាសន្និបាត​មួយ​របស់អង្គការសហប្រជាជាតិ​ កិច្ចប្រជុំកំពូល​ G-២០​ និង​កិច្ចប្រជុំអាកាសធាតុ​ COP២៦ នៅស្កុតឡែនដ៍​។

ជាការពិត​ ពិភពលោក​កំពុង​ប្រឈមកាន់តែខ្លាំង​នៅនឹងគ្រោះ​ធម្មជាតិ​រួមមាន​ សីតុណ្ហភាព​ឡើង​ក្តៅ​ខ្លាំង​ ទឹកជំនន់​ គ្រោះរាំងស្ងួត​ ភ្លើងឆេះព្រៃ​ និងព្យុះសង្ឃរា​ ដែល​បាន​កើត​ឡើង​កាន់តែ​ញឹក​ញាប់ និង​កាចសាហាវខ្លាំងជាងមុន។

សេចក្តីព្រាងមួយ​នៃ​របាយការណ៍​ដែលលេចធ្លាយ​និងដែល​ទទួលបាន​ដោយទីភ្នាក់ងារ​សារព័ត៌មាន AFP​ បានព្រមានថា​ ការ​ប្រែប្រួលអាកាសធាតុ​នឹងផ្លាស់ប្តូរ​មូលដ្ឋានគ្រឹះ​នៃ​ជីវិត​នៅលើផែនដី​ក្នុង​ទសវត្សរ៍ខាងមុខ​ បើទោះបីជា​គេអាចគ្រប់គ្រងការបំពុលដោយ​ឧស្ម័ន​កាបូនិក​បានក៏ដោយ​។ ហើយបើគ្មាន​ការផ្លាស់ប្តូរផ្លាស់ប្តូរអ្វីជាដុំកំភួនទេនោះ មនុស្ស​ជំនាន់ក្រោយ​នឹង​ប្រឈម​នឹង​បញ្ហា​កាន់​តែធ្ងន់ធ្ងរ​។

គួរបញ្ជាក់ថា​ដើម្បី​កម្រិត​ការ​ឡើង​កម្តៅ​នៃ​ភពផែនដីត្រឹម​ ១,៥​អង្សារបាន​ ក្រុមអ្នក​វិទ្យាសាស្ត្រ​ បានកំណត់ថា​ គេចាំបាច់​ត្រូវ​កាត់​បន្ថយ​ការបំភាយឧស្ម័នផ្ទះ​កញ្ចក់ឲ្យ​បាន​ ៥០%​ នៅ​ត្រឹមឆ្នាំ ២០៣០​ ហើយ​ត្រូវ​កាត់​បន្ថយការ​បំភាយឧស្ម័នផ្ទះ​កញ្ចក់​ឲ្យ​ដល់​កម្រិត ០ នៅ​ត្រឹម​ឆ្នាំ២០៥០។ ក៏ប៉ុន្តែ​ កំដៅផែនដី​បច្ចុប្បន្ន​បាន​ឡើងលើស ១អង្សាររួចបាត់ទៅហើយ​លើសសម័យ​បុរេឧស្សាហកម្ម​។ នេះ​បើ​តាមក្រុម​អ្នក​ជំនាញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI