ម៉ាក្រុង ៖ បារាំង “ជំពាក់បំណុល” ប្រជាជនប៉ូលីណេស៊ី ទាក់ទងនឹងការសាកល្បងនុយក្លេអ៊ែរ

លោកប្រធានាធិបតី ​ម៉ាក្រុង ​ប្រកាសទទួលស្គាល់ថា បារាំង “ជំពាក់បំណុល” ប្រជាជន​ប៉ូលីណេស៊ី ទាក់ទង​នឹង​ការសាកល្បងនុយក្លេអ៊ែរ​កាលពីអតីតកាល។
លោកប្រធានាធិបតី ​ម៉ាក្រុង ​ប្រកាសទទួលស្គាល់ថា បារាំង “ជំពាក់បំណុល” ប្រជាជន​ប៉ូលីណេស៊ី ទាក់ទង​នឹង​ការសាកល្បងនុយក្លេអ៊ែរ​កាលពីអតីតកាល។ Ludovic MARIN AFP

ក្នុង​ដំណើរទស្សនកិច្ច​នៅ​ប៉ូលីណេស៊ី លោកប្រធានាធិបតី ​ម៉ាក្រុង ​ប្រកាសទទួលស្គាល់ថា បារាំង “ជំពាក់បំណុល” ប្រជាជន​ប៉ូលីណេស៊ី ទាក់ទង​នឹង​ការសាកល្បងនុយក្លេអ៊ែរ​កាលពីអតីតកាល។ សំណុំ​រឿង​​សាកល្បង​នុយក្លេអែរ នៅតំបន់​ដែនដីនាយ​សមុទ្រ​ប៉ូលីណេស៊ី គឺ​ជារឿង​ដ៏​រស៊ើប ដែល​រដ្ឋអំណាច​បារាំង ព្យាយាម​ជៀសវាង ជាច្រើន​ទសវត្សរ៍​មកហើយ។ ក្នុង​ដំណើរ​ទស្សនកិច្ច ចំនួន​៤ថ្ងៃ ប្រធានាធិបតី ម៉ាក្រុង ក៏បាន​ទុក​ដល់​ថ្ងៃ​ចុងក្រោយ​ ទើបលោក​ថ្លែង​ការណ៍ពី​សំណុំរឿង​ដ៏​រស៊ើប​នេះ ​ទៅកាន់​ប្រជាជាតិ។

ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ប្រកាស​ថា ប្រទេស​បារាំង « ជំពាក់បំណុល​»ពលរដ្ឋប៉ូលីណេស៊ី លោក ម៉ាក្រុង បាន​សន្យា​បើកបង្ហាញ​ការពិត​និង​តម្លាភាព រយៈ​អនុញ្ញាត​ផ្តល់​លទ្ធភាព​ឲ្យ​អ្នក​ស្រាវជ្រាវ​មើល​និងអាន​​ឯកសារ​សម្ងាត់​តម្កល់​នៅ​​បណ្ណាសារ​។

​​ការ​សាកល្បង​នុយក្លេអ៊ែររបស់ទ័ព​បារាំង នៅ​​ប៉ូលីណេស៊ី គឺធ្វើឡើង​នៅ​ចន្លោះ​ ឆ្នាំ​១៩៦៦ ដល់​១៩៩៦។​ ក្នុងរយៈ​​ពេល​៣០ឆ្នាំនោះ បារាំង​បាន​សាកល្បង​នុយក្លេអ៊ែរ ចំនួន​១៩៣ នៅ​លើអាកាស​ និង​នៅក្រោម​សមុទ្រ។

​អតីតប្រធានាធិបតីបារាំង​​ ហ្វ្រង់ស័រ​ ហូឡង់ ពេល​ទៅ​ទស្សនកិច្ច​នៅ​ប៉ូលីណេស៊ី កាលពី​ឆ្នាំ ២០១៦ ​ទទួល​ស្គាល់​ថា ការ​សាកល្បង​នុយក្លេអ៊ែរ​ បាន​ជះផលប៉ះពាល់​ដល់​បរិស្ថាន។ ចំណែក​ប្រជា​ពលរដ្ឋ​ប៉ូលីណេស៊ី​និង​សមាគម​សិទ្ធិមនុស្ស​​ អះអាងថា ព្រោះ​តែ​ការ​សាកល្បង​នុយក្លេអ៊ែរ​ គឺធ្វើ​ឲ្យ​ពលរដ្ឋ​ប៉ូលីណេស៊ី មាន​បញ្ហា​ជំងឺ​មហារីក ជាច្រើន​នាក់​។ ព្រឹទ្ធសភា បារាំង បាន​ធ្វើ​របាយការណ៍​ស៊ើប​អង្កេត​កាលពីឆ្នាំ​២០១៣ រកឃើញ​ថា អាច​មាន​ផលប៉ះពាល់​ដល់​មនុស្ស​យ៉ាងហោច​ ​២ពាន់​នាក់​។​

​ថ្ងៃពុធ ទី​២៨កក្កដា ​ ​ប្រធានាធិបតី ម៉ាក្រុង ថ្លែងថា អ្នក​ដែល​ទទួល​រក​​ផលប៉ះពាល់ នឹងត្រូវស្រាវជ្រាវ​រក ហើយ​នឹ​ងត្រូវ​​ជួយ​ប៉ះប៉ូវ​ការ​ខូច​ខាត។​

សូមជ្រាបថា​ ប៉ូលីណេស៊ី ជា ដែនដីឯនាយ​សមុទ្រ​របស់បារាំង ហើយ​ទទួល​ជំនួយថវិកា​​ជាប្រចាំ​ ពី​រដ្ឋបារាំង ប្រមាណ​ ១,៥ ពាន់លាន​អឺរ៉ូ ជារៀង​រាល់​ឆ្នាំ។ ពេលទៀត​​នេះ ប្រមុខរដ្ឋបារាំង បាន​សន្យា​ផ្តល់​ជំនួយ​វិនិយោគ ៣០០លាន​អឺរ៉ូ​​ ហើយ​៦០០លាន​អឺរ៉ូ សម្រាប់​ជួយ​ដោះស្រាយ​វិបត្តិ​កូវីដ​១៩ នៅ​ប៉ូលីណេស៊ី។ លោក​ ម៉ាក្រុង ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប៉ូលីណេស៊ី ទៅ​ទទួល​ថ្នាំបង្ការ​កូវីដ ព្រោះ​បារាំង​បានផ្តល់​ជំនួយ​​វ៉ាក់សាំង ២៣ម៉ឺនដូស ហើយ​នៅ​សល់​១១ម៉ឺន​ដូច​ទៀត ដែល​កំពុង​រង់ចាំ​មនុស្ស ​ទៅចាក់​ ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI