បារាំង-វ៉ាក់សាំងកូវីដ១៩

ការសិក្សា៖ ៨៥%នៃអ្នកជំងឺកូវីដដែលចូលព្យាបាល​នៅមន្ទីរពេទ្យ ជាអ្នក​មិនទាន់ចាក់វ៉ាក់សាំង

គ្រូពេទ្យ​ចាក់ថ្នាំបង្ការកូវីដ​ Pfizer ដល់​មនុស្ស​ចាស់​នៅ​ខេត្ត​Strasbourg ភាកខាងកើត​បារាំង កាលពី​ខែ​មករា ឆ្នាំ ២០២១
គ្រូពេទ្យ​ចាក់ថ្នាំបង្ការកូវីដ​ Pfizer ដល់​មនុស្ស​ចាស់​នៅ​ខេត្ត​Strasbourg ភាកខាងកើត​បារាំង កាលពី​ខែ​មករា ឆ្នាំ ២០២១ AP - Jean-Francois Badias

ចាក់ ឬ​មិនចាក់ថ្នាំបង្ការ កូវីដ? ការសិក្សា​មួយ​របស់​នាយកដ្ឋាន​ស្រាវជ្រាវ ស្ថិតិ​របស់​ក្រសួង​សុខាភិបាល​បារាំង បានបង្ហាញ កាលពីថ្ងៃ​សុក្រទី ៣០​កក្កដា ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ។ លទ្ធផល​នៃការសិក្សា ត្រូវ​បាន​ចុះផ្សាយ ក្នុង​កាលៈទេសៈ​មួយ ដែល​រដ្ឋាភិបាល​បារាំង​កំពុង​បញ្ចុះបញ្ចូល និង​ធ្វើច្បាប់​ចាប់តម្រូវ​ឲ្យ​ប្រជាជន​ចាក់វ៉ាក់សាំងបង្ការ​កូវីដ ក្នុង​គោលដៅ ជៀសវាង​រលកទី​៤ នៃជំងឺកូវីដ។

ផ្សាយពាណិជ្ជកម្ម

លទ្ធផល​នៃ​ការសិក្សា​របស់​នាយកដ្ឋាន​ស្រាវជ្រាវ​ស្ថិតិ​របស់​ក្រសួង​សុខាភិបាល​បារាំង នឹងអាច​ផ្តល់​គំនិតខ្លះ សម្រាប់​អ្នកដែល​សង្ស័យ មិនជឿជាក់​លើ​ប្រសិទ្ធិភាព​របស់វ៉ាក់សាំង​បង្ការកូវីដ។ ចុះផ្សាយ​ជាលើកទី១ ដោយ​នាយកដ្ឋាន​ស្រាវជ្រាវស្ថិតិ នៃ​ក្រសួងសុខាភិបាល​បារាំង ការសិក្សា ដែល​ផ្អែក​លើ​ទិន្នន័យ​នៃ​លទ្ធផល​តេស្តកូវីដ យុទ្ធនាការ​ចាក់វ៉ាក់សាំង ហើយនិង​ការព្យាបាល​នៅមន្ទីរពេទ្យ បាន​បង្ហាញថា ៨៥% ឬ​៨នាក់ ក្នុង​ចំណោម​១០នាក់ នៃ​អ្នកជំងឺកូវីដ​ដែល​ចូលព្យាបាល​នៅមន្ទីរពេទ្យ ជាអ្នកដែល​មិនបាន​ចាក់​វ៉ាក់សាំង។ ចំណែក​អ្នកដែល​បាន​ចាក់វ៉ាក់សាំងរួចហើយ​ទាំងពីរដូស តំណាង​ឲ្យ​៧%​នៃ​អ្នកដែល​ចូលព្យាបាល​នៅមន្ទីរពេទ្យ។ ​ការសិក្សា បង្ហាញដែរថា ចំនួន​អ្នកជំងឺកូវីដ នៅ​មន្ទីរពេទ្យ ចាប់កើន ឡើងវិញ ក៏​ដោយសារ តែ​ចំនួន​អ្នកជំងឺ​ដែល​មិនបាន​ចាក់វ៉ាក់សាំង។

 

អ្នកដែល​មិនទាន់​ចាក់វ៉ាក់សាំង ទាល់តែសោះ ក៏មាន​ចំនួនច្រើន នៅ​បន្ទប់​សង្គ្រោះបន្ទាន់ ប្រមាណ ៨៥%​នៃចំនួន​អ្នកជំងឺសរុប។ ៧៨%​នៃ​អ្នកស្លាប់​ដោយសារ​កូវីដ​ ជា​អ្នកដែល​មិនបាន​ចាក់ថ្នាំ​បង្ការកូវីដ។ ចំណែក ១១%​ជា​អ្នកដែល​បាន​ទទួល​វ៉ាក់សាំង ២ដូស និង​១១%ផ្សេងទៀត ជាអ្នកដែល​ទើប ទទួលបាន​វ៉ាក់សាំង​១ដូស។ លទ្ធផលនៃ​សិក្សា​របស់​នាយកដ្ឋានស្រាវជ្រាវ​ស្ថិតិបារាំង​បាន​បញ្ជាក់​កាន់តែច្បាស់ នូវ​ការលើកឡើង​កន្លងមក​របស់​ក្រុមគ្រូពេទ្យ និង​សារៈសំខាន់​នៃ​វ៉ាក់សាំង ដើម្បី​ទប់ទល់ជួយ​កុំ​ឲ្យ​គេ​ធ្លាក់ខ្លួនឈឺ ចូលព្យាបាលនៅមន្ទីរពេទ្យ។

ការសិក្សា​ខាងលើ​បានផ្តោត​ទៅលើ​រយៈពេល​កំណត់ មួយ ពី​ចុងខែ​ឧសភា ដល់​ថ្ងៃទី ១១​កក្កដា ​នៅពេលដែល​ពលរដ្ឋ​បារាំង ៣៥% បាន​ចាក់វ៉ាក់សាំង​ទាំងពីរដូស។ ប៉ុន្តែ គិតត្រឹម​ថ្ងៃពុធទី​២៨​កក្កដា ពលរដ្ឋបារាំង ដែលមាន​អាយុ ចាប់ពី​១២​ឆ្នាំ ចំនួន ៥៩,៧% បានទទួល​ថ្នាំ​បង្ការកូវីដ១៩។

ជាមួយការវិវឌ្ឍ និងការឆ្លងរាលដាល​លឿនខ្លាំង​នៃ​មេរោគបំប្លែងខ្លួន​ “ដែលតា” លទ្ធផល​នៃ​ការសិក្សារបស់​នាយកដ្ឋាន​ស្រាវជ្រាវ​ស្ថិតិ​របស់​ក្រសួង​សុខាភិបាល​បារាំង នឹងអាច​ប្រែប្រួល​បន្តទៀត។ ទាក់ទង​នឹង​មេរោគបំប្លែងខ្លួន “ដែលតា” ការសិក្សា​របស់នាយកដ្ឋាន​ស្រាវជ្រាវ​ស្ថិតិ​បារាំង​បាន​រកឃើញថា អ្នកឆ្លង​មេរោគកូវីដ “ដែលតា” មាន​ចំនួន​ច្រើន​ នៅ​បន្ទប់សង្រ្គោះបន្ទាន់ គឺ​ច្រើនជាង​នៅ​បន្ទប់ព្យាបាល​ធម្មតា។ ការណ៍នេះ បញ្ជាក់​ពី​ស្ថានភាពជំងឺកូវីដ​ធ្ងន់ធ្ងរ បង្កឡើង​ដោយ មេរោគកូវីដ​បំប្លែងខ្លួន “ដែលតា”។

នៅមុន​ការសិក្សា​របស់​បារាំង ការសិក្សា​របស់​ប្រទេស​អង់គ្លេស​ធ្លាប់​បានលើកឡើង​ពីស្ថានភាពអ្នកជំងឺ​ក្នុង​ទម្រង់ធ្ងន់ធ្ងរ បន្ទាប់ពី​បាន​ឆ្លងមេរោគកូវីដ​បំប្លែងខ្លួន “ដែលតា” ដែលលេចចេញដំបូង នៅប្រទេស​ឥណ្ឌា។

មេរោគកូវីដ​បំប្លែងខ្លួន “ដែលតា” បានធ្វើ​ឲ្យ​ចំនួន​អ្នកឆ្លងកូវីដ​ថ្មី នៅប្រទេស​បារាំង កើនឡើង​ខ្ពស់​ជាបន្តបន្ទាប់ នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ។ ក្នុង​រយៈពេលមួយ​ថ្ងៃ​ព្រហស្បតិ៍ គេ​រកឃើញ​មាន​ចំនួន ២៤០៣៩នាក់ និង​អ្នកស្លាប់ ៦០នាក់ ។ នេះបើតាម​ការប្រកាស​របស់​ក្រសួងសុខាភិបាល​បារាំង កាលពីថ្ងៃ​សុក្រ ម្សិលមិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI