អាកាសធាតុ-ដឹកជញ្ជូនផ្លូវ​សមុទ្រ

រដ្ឋាភិបាល​អង់គ្លេស គាំទ្រ​កម្មវត្ថុ​កំណត់​អព្យាក្រិត្យកាបូន នៅឆ្នាំ​​២០៥០ សម្រាប់​វិស័យ​ដឹក​ជញ្ជូន​​ផ្លូវសមុទ្រ

ការដឹកជញ្ជូនផ្លូវសមុទ្រ គឺជាប្រភពនៃការបញ្ចេញឧស្ម័នកាបូនិក ចំនួន​៣%
ការដឹកជញ្ជូនផ្លូវសមុទ្រ គឺជាប្រភពនៃការបញ្ចេញឧស្ម័នកាបូនិក ចំនួន​៣% Don MacKinnon AFP/File

ខណៈដែល​សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP26 កំពុងតែខិតជិតមកដល់ ប្រទេសអង់គ្លេស ដែលជាអ្នកទទួលរៀបចំសន្និសីទនេះ បាន​ប្រកាស​នៅថ្ងៃចន្ទ ទី​១៣កញ្ញានេះថា គេគាំទ្រគំនិតស្នើឲ្យ​កំណត់កម្មវត្ថុរួម ទាក់ទិននឹងការ​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​កាបូនិក នៅក្នុងវិស័យ​ដឹកជញ្ជូន​ផ្លូវ​សមុទ្រ ទូទាំង​ពិភពលោក។ ក្រសួងដឹកជញ្ជូន​អង់គ្លេសអះអាងថា គេគាំទ្រ​​កម្មវត្ថុអាព្យាក្រិត្យកាបូន នៅឆ្នាំ​២០៥០ សម្រាប់វិស័យដឹកជញ្ជូន​ផ្លូវសមុទ្រពិភពលោក ហើយត្រូវតែចាប់​ផ្តើម​ ប្រើ​នាវាដឹកជញ្ជូន ដែល​មិន​បំពុលបរិស្ថាន នៅឆ្នាំ​២០២៥។

ផ្សាយពាណិជ្ជកម្ម

រដ្ឋភិបាល​អង់គ្លេស គាំទ្រឲ្យ​កំណត់កម្មវត្ថុអព្យាក្រិត្យកាបូន នៅឆ្នាំ២០៥០ សម្រាប់វិស័យដឹកជញ្ជូនផ្លូវសមុទ្រពិភពលោក​។ ក្រសួងដឹកជញ្ជូនអង់គ្លេស អះអាងថា បើធ្វើបានមែន វាគឺជា​កម្មវត្ថុ​ដ៏ក្លាហានបំផុត នៅក្នុង​ការប្រឹងប្រែងដោះស្រាយ​វិបត្តិអាកាសធាតុ ព្រោះថា​វិស័យដឹកជញ្ជូនផ្លូវសមុទ្រពិភពលោក គឺជាប្រភបនៃការ​បញ្ចេញឧស្ម័នកាបូនិក ចំនួន​៣%។

តែយ៉ាងណា ក្រសួងដឹកជញ្ជូនអង់គ្លេស ទទួលស្គាល់ថា កម្មវត្ថុនេះ គឺត្រូវតែឆ្លងកាត់ការសម្រេចជាមុនសិន នៅក្នុង​អង្គការកិច្ចការសមុទ្រពិភពលោក (OMI) ដែលជាផ្នែកមួយនៃអង្គការសហប្រជាជាតិ ហើយដែលមានទីតាំងនៅទីក្រុងឡុងដ៍។

សូមរំលឹកថា កាលពី​ខែមិថុនា កន្លងទៅ ឆ្លងកាត់ការចរចារយៈពេល​១សប្តាហ៍ អង្គការកិច្ចការសមុទ្រពិភពលោក បាន​សម្រេច​កំណត់​វិធានការថ្មី សំដៅ​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក ចេញពីនាវាដឹកជញ្ជូន​ ចំនួន​១១% នៅរវាងឆ្នាំ​២០២៣-២០២៦។ អង្គការបរិស្ថានជាច្រើន បានថ្លែងរិះគន់ចំពោះកម្មវត្ថុដ៏ស្តួចស្តើងនេះ ហើយជាងនេះទៀត អង្គការកិច្ចការសមុទ្រមិនបានកំណត់កម្មវត្ថុ​ ចាប់ពី​ឆ្នាំ​២០២៧ទៅទេ ទាំងដែល​អង្គការនេះធ្លាប់បានកំណត់យុទ្ធសាស្ត្រ ថាចង់កាត់បន្ថយឧស្ម័នកាបូនិក ចំនួន​៤០% នៅរវាងឆ្នាំ​២០៣០។

គួរបញ្ជាក់ថា កម្មវត្ថុដ៏តូចស្តួចស្តើង របស់អង្គការកិច្ចការសមុទ្រពិភពលោកនេះ ត្រូវបាន​ស្នើនឹងគាំទ្រដោយ​ប្រទេសសមាជិកមួយចំនួន ដូចជា ចិន អាហ្សង់ទីន ឈីលី​ អេមៀរ៉ាត់អារ៉ាប់រួម ឥណ្ឌា ប៉ាណាម៉ា និងសិង្ហបុរីជាដើម។ ពោលគឺសុទ្ធតែជាប្រទេសធំៗ មានចំណែកក្នុង​វិស័យជំនួញដឹកជញ្ជូនផ្លូវសមុទ្រ។

សម្រាប់អង់គ្លេស ដែលនឹងទទួលរៀបចំ​សន្នសីទអន្តរជាតិស្តីពីបរិស្ថាន COP26  នៅខែ​វិច្ឆិកាខាងមុខ ការប្រកាសគាំទ្រកម្មវត្ថុអព្យាក្រិត្យកាបូនឆ្នាំ​២០៥០ សម្រាប់វិស័យដឹកជញ្ជូនផ្លូវសមុទ្រនេះ បានធ្វើឡើងចំពេលដែល នៅទីក្រុងឡុងដ៍ ចាប់ពីថ្ងៃចន្ទនេះទៅ គឺមាន​កម្មវិធី សប្តាហ៍អន្តរជាតិនៃវិស័យ​ដឹកជញ្ជូនផ្លូវសមុទ្រ។ អង់គ្លេសចង់យកឱកាសនេះ ផ្សព្វផ្សាយ​អំពីរបត់គិតគូរពីបរិស្ថាន ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុង​វិស័យដឹកជញ្ជូនផ្លូវសមុទ្រ។ យោងតាមលិខិតរបស់​ក្រសួងដឹកជញ្ជូនអង់គ្លេស គឺរំពឹងថានៅរវាងឆ្នាំ​២០២៥ គឺនាវាដែលបើកចូលដែនទឹកអង់គ្លេស ត្រូវតែជានាវាដែលមិនបំពុល​បរិស្ថាន។

គួរកត់សំគាល់ដែរថា រដ្ឋាភិបាលអង់គ្លេស បានប្រកាសកាលពីខែកក្កដា កម្មវត្ថុអព្យាក្រិត្យកាបូន នៅឆ្នាំ២០៥០ ព្រមទាំងវិធានការសំខាន់ៗទាំងឡាយ ស្តីអំពីការកាត់បន្ថយឧស្ម័នពុល នៅក្នុង​វិស័យដឹកជញ្ជូន។ ជាក់ស្តែង នៅឆ្នាំ២០៤០ គេនឹងហាមឃាត់រាល់រថយន្តកាមីញ៉ុង ដែលប្រើប្រេងសាំង និង ប្រេង​ម៉ាស៊ូត។ ហើយក្នុងវិស័យដឹកជញ្ជូនផ្លូវអាកាសវិញ គឺត្រូវតែគ្មានការបញ្ចេញឧស្ម័នកាបូនិក នៅរវាង​ឆ្នាំ​២០៤០ សម្រាប់ជើងហោះហើរក្នុងស្រុក និងព្រលានយន្តហោះអង់គ្លេស និងនៅ​ឆ្នាំ​២០៥០ សម្រាប់ជើងហោះហើរអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI