Opep-ប្រេងកាត

អ្នកជំនាញ៖ពិភពលោកមិនទាន់អាចបំភ្លេចប្រេងចោលបានទេ ទោះបីជាមានថាមពលស្អាតក៏ដោយ

លោក​ Fatih Birol នាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិ។
លោក​ Fatih Birol នាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិ។ AP - Michel Euler

នៅ​ថ្ងៃ​អង្គារ ទី១៤ កញ្ញា ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ខែ​ដោយ​ព្យាករណ៍​ថា ក្រោយ​ពី​តម្រូវការ​ប្រេង​ក្នុង​លោក​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល ៣ខែ​ជាប់​គ្នា​ពី​ខែ​កក្កដា​ដល់​ខែ​កញ្ញា​នេះ​មក តម្រូវការ​ប្រេង​នឹង​ហក់​ឡើង​វិញ​ចាប់​ពី​ខែ​តុលា​រហូត​ដល់​ដំណាច់​ឆ្នាំ ២០២១ នេះ។ ចំណែក​អង្គការ​នៃ​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ​ហៅ​កាត់ Opep បាន​បញ្ជាក់​នា​ថ្ងៃ​ចន្ទ ទី១៣ កញ្ញា​ថា កំណើន​តម្រូវការ​ប្រេង​លើ​លោក​នឹង​អាច​មាន​លើស​ពី​កម្រិត​នៅ​មុន​ផ្ទុះ​ជំងឺ​កូវីដ១៩ ទៅ​ទៀត។ តាម Opep  កំណើន​តម្រូវការ​ប្រេង​នេះ​ក៏​ដោយសារ​មាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ បាន​ច្រើន និង​ការ​ងើប​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​សកល។ សេដ្ឋកិច្ច​សកល​ដែល​នៅ​តែ​ត្រូវ​ការ​ប្រេង ទោះ​បី​ជា​មាន​ការ​ស្វែង​រក​ប្រភព​ថាមពល​ផ្សេង​ដែល​ស្អាត​មិន​បំពុល​បរិយាកាស​ក៏​ដោយ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ព្យែរ ទែរហ្សង់ នាយក​ទស្សនាវដ្តី « Petrostrategy »។

ផ្សាយពាណិជ្ជកម្ម

« គេ​អាច​ជជែក​ពី​ថ្ងៃ ខែ​ពិត​ប្រាកដ​ដែល​តម្រូវការ​ប្រេង​នៅ​លើ​ទីផ្សារ​នឹង​ឡើង​លើស​កម្រិត​ដែល​មាន​នៅ​មុន​ពេល​ផ្ទុះ​វិបត្តិ​កូវីដ១៩។ តែ​សម្រាប់​ខ្ញុំ និង​ដូច​ដែល​គ្រប់​ស្ថាប័ន​ទាំង​អស់​បាន​ព្យាករណ៍ រួម​ទាំង​អង្គការ​នៃ​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ Opepផង​បាន​ពិនិត្យមើល​តួលេខ​ឡើង​វិញ និង​បាន​សន្និដ្ឋាន​ដោយ​ទទួល​ស្គាល់​ដូច​គ្នា​ថា វា​ពិត​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ដែល​ពិភពលោក​នឹង​លែង​ត្រូវ​ការ​ប្រេង​នោះ។

មិនមែន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ និង​តាម​រយៈ​ពាក្យសម្តី​តែ​ប៉ុន្មាន​ម៉ាត់​ដែល​គេ​អាច​លែង​ត្រូវ​ការ​ប្រេង និង​ជំនួស​ឧស្សាហកម្ម​ប្រេង​នេះ​ដោយ​ប្រភព​ថាមពល​ផ្សេង​ដែល​ស្អាត​ជាង​នេះ​ទេ។ ដើម្បី​អាច​ជំនួស​ថាមពល​ប្រេង​ដោយ​ថាមពល​ស្អាត​បាន គេ​ត្រូវ​ការ​ពេល និង​ត្រូវ​ឲ្យ​មាន​ការ​ប្រឹងប្រែង​ថែម​ទៀត។ ការ​ព្យាករណ៍​ប្រកប​ដោយ​សុទិដ្ឋិនិយម​របស់​ស្ថាប័ន​ខ្លះ ពិសេស​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​ធ្វើ​ឲ្យ​គេ​ជឿ​ថា សករាជ​ប្រេង​ជិត​ឈាន​ដល់​ទីបញ្ចប់​ហើយ។

នេះ​មិន​អាច​ជា​រឿង​ពិត​ទេ។ ដូច្នេះ​នៅ​ម្ខាង គេ​ត្រូវ​បន្ត​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​រក​ថាមពល​ផ្សេង​ក្រៅ​ពី​ប្រេង។ ចំណែក​នៅ​ម្ខាង​ទៀត គេ​ក៏​ត្រូវ​បន្ត​អភិវឌ្ឍ និង​ស្វែង​រក​ប្រភព​អណ្តូងប្រេង​ថ្មីៗ​ទៀត​ដែរ។ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ខ្វះ​ប្រេង ហើយ​ទាំង​អស់​គ្នា​នឹង​បង់​តម្លៃ​ប្រេង​នៅ​ក្នុង​តម្លៃ​មួយ​ដ៏​ខ្ពស់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI