ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Covid-19៖ អ៊ីតាលី​បារម្ភខ្លាំង ​ក្រោយស្លាប់​អ្នក​ផ្ទុក​​មេរោគ​២នាក់ ​និង​រកឃើញ​អ្នកឆ្លង​ថ្មី​៣០​នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅភាគខាងជើងប្រទេសអ៊ីតាលី អាជ្ញាធរកំពុងមានការព្រួយបារម្ភខ្លាំង អំពីការឆ្លងរាលដាល នូវមេរោគ កូរ៉ូណាប្រភេទថ្មី ​Covid-19 បន្ទាប់ពី​មានអ្នកផ្ទុកមេរោគ២នាក់ ជាជនជាតិអ៊ីតាលី បានស្លាប់នៅយប់ថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍ទី២២កុម្ភៈ។ ក្រោយការស្លាប់នេះ អាជ្ញាធរបានធ្វើតេស្តតាមដាន នឹងបានរកឃើញចំនួន​អ្នកឆ្លងមេរោគកូរ៉ូណា នៅអ៊ីតាលី កើនដល់ប្រមាណ​៣០នាក់។ ទីក្រុងមួយចំនួន​នៅភាគខាងជើង ត្រូវបានអាជ្ញាធរបិទ ហាងទំនិញ សាលារៀន ទីប្រជុំជន ឬការរៀបចំកម្មវិធីកីឡាផ្សេងៗ ត្រូវហាមឃាត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។

ទីក្រុង​ Codogno ភាគខាងជើងអ៊ីតាលី បានក្លាយ​ជាទីតាំងថ្មីដែលផ្ទុះ​ការឆ្លងរាលដាល​មេរោគ​កូរ៉ូណា។​​ ថ្ងៃទី​២២កុម្ភៈ ២០២០​
ទីក្រុង​ Codogno ភាគខាងជើងអ៊ីតាលី បានក្លាយ​ជាទីតាំងថ្មីដែលផ្ទុះ​ការឆ្លងរាលដាល​មេរោគ​កូរ៉ូណា។​​ ថ្ងៃទី​២២កុម្ភៈ ២០២០​ Local Team/REUTERS TV via REUTERS
ផ្សាយពាណិជ្ជកម្ម

ផ្ទុះការឆ្លង​រាលដាល​ នៅភាគខាងជើងអ៊ីតាលី

អ៊ីតាលីមាន​មនុស្សស្លាប់២នាក់ ដោយសារមេរោគកូរ៉ូណា។ អ្នកស្លាប់ទីមួយ គឺជាមនុស្ស​ភេទប្រុស​អាយុ៧៨ឆ្នាំ ​រស់នៅខេត្ត Padoue តំបន់ Vénetie។ បុរសនេះ​ចូលទៅ​សម្រាកនៅមន្ទីរពេទ្យ ២សប្តាហ៍មកហើយ ដោយសារជម្ងឺផ្សេង​ តែក្រោយមកគេបានរកឃើញ ថាមានផ្ទុកមេរោគ កូរ៉ូណា​។ លុះយប់​ថ្ងៃសុក្រ២១កុម្ភៈ ម៉ោង​ប្រមាណ​១១យប់ អាជ្ញាធរសុខាភិបាលអ៊ីតាលី បានប្រកាសថាអ្នកជម្ងឺនេះ​បានស្លាប់ ដោយ​មេរោគកូរ៉ូណា។ ហើយនៅព្រឹកថ្ងៃសៅរ៍ទី២២កុម្ភៈ យោងតាម​ទីភ្នាក់ងារព័ត៌មាន ANSAអ៊ីតាលី បាន​ប្រកាសថា មានករណីស្លាប់ម្នាក់ទៀត អ្នកជំងឺភេទស្រី នៅក្នុងតំបន់ Lombardie ភាគខាងជើង​អ៊ីតាលី​ដែរ។

ចំនួន​អ្នកឆ្លងមេរោគកូរ៉ូណា បានកើនឡើងមួយរំពេច នៅអ៊ីតាលី គឺដោយសារតែ នៅខេត្តLodi​ភាគខាងជើង​អ៊ីតាលីដែរ​ មានបុរសម្នាក់​អាយុ​៣៨ឆ្នាំ ត្រូវគេរកឃើញ ថាមានផ្ទុកមេរោគកូរ៉ូណា។ ភ្លាមៗ អាជ្ញាធរសុខាភិបាលអ៊ីតាលី បានធ្វើតេស្តពិនិត្យមនុស្សផ្សេងទៀត ដែលបានជួបប្រាស្រ័យជាមួយបុរសនេះ។ យោងតាម​ព័ត៌មាន​ចុងក្រោយ បុរសនេះ បានចម្លងមេរោគកូរ៉ូណា ទៅឲ្យប្រពន្ធខ្លួន ដែល​មានផ្ទៃពោះ ចម្លងទៅឲ្យបុគ្គលិក​មន្ទីរពេទ្យ​ចំនួន​​៥នាក់ និង​មនុស្ស ​យ៉ាងហោច​៣នាក់​ទៀត នៅ​ទីតាំង​បារមួយកន្លែង ដែល​បុរសនោះ​មាន​ទំលាប់ទៅ។

ជាសរុប គិតមកត្រឹមពេលនេះ​ នៅអ៊ីតាលីមានករណី​ឆ្លង​មេរោគ​កូរ៉ូណា​​៣០ករណី ដោយ​សុទ្ធតែ​នៅ​តំបន់​ភាគ​ខាងជើង ក្បែរ​ទីក្រុង​មីឡង់ ដែល​ជា​ទីក្រុង​ធំទី២របស់អ៊ីតាលី។ អាជ្ញាធរអ៊ីតាលី បានចេញវិធានការបន្ទាន់ នៅតាមទីក្រុង និងឃុំមួយចំនួន ដោយបានហាមឃាត់មនុស្សមិនឲ្យចេញពីផ្ទះ។ ហាងទំនិញ ទីប្រជុំ​ជន សាលារៀនត្រូវបិទ ហើយពិធីបុណ្យ ឬកម្មវិធីប្រកួតកីឡា ក៏ត្រូវផ្អាកដែរ។ ដំណឹងទាំងអស់នេះ បានធ្វើឲ្យមានបរិយាកាសភ័យខ្លាច នៅក្នុងចំណោមប្រជាជន។ តែយ៉ាងណា លោក​នាយករដ្ឋមន្ត្រីអ៊ីតាលី បានអំពាវនាវ កុំឲ្យប្រជាជនភ័យហួសហេតុ ព្រោះការបិទខ្ទប់ទីក្រុង គឺជាវិធីតែមួយគត់ ក្នុងរារាំងមេរោគកុំឲ្យរាលដាល ហើយអាជ្ញាធរកំពុងតែតាមដាន យ៉ាងយកចិត្តទុកដាក់បំផុត។

ស្វែងរកប្រភពនាំមេរោគកូរ៉ូណាពីចិន មកអ៊ីតាលី

គេកំពុងតែស្វែងរកអ្នកផ្ទុកមេរោគដំបូងគេបង្អស់។ ក្នុងករណី បុរសអាយុ៣៨ឆ្នាំ នៅខេត្តLodi ដែលបានឆ្លងទៅមនុស្ស​ជាច្រើននាក់នោះ ត្រូវគេសង្ស័យថា បានឆ្លងមកពីមនុស្សម្នាក់ទៀត ដែលទំនងគឺជាអ្នកនាំមេរោគ​នេះ មកពីប្រទេសចិន។ បុរសអាយុ៣៨ឆ្នាំនេះ ធ្វើការនៅក្រុមហ៊ុនUnilever ដែលជាក្រុមហ៊ុនអ​ន្តរ​ជាតិ​ដ៏​ធំមួយ។ បុរសនេះ​មិនបានធ្វើ​ដំណើរ​ទៅចិនទេ​ ក៏​ប៉ុន្តែ​កាល​ពីថ្ងៃទី​១​កុម្ភៈ ​បុរសនេះ​ បាន​ជួប​បាយ​ថ្ងៃត្រង់ ​ជាមួយ​នឹង​អ្នក​រួមការងារ​ម្នាក់​ជនជាតិ​អ៊ីតាលីដែរ ដែល​ទើបតែ​មកពី​ប្រទេស​ចិន។

ឥឡូវគេ​កំពុង​ស្វែងរក មនុស្ស​ដែល​ទើបតែ​មកពី​ប្រទេស​ចិន​នោះ ព្រោះមនុស្ស​នោះ​អាច​ជា​អ្នក​ផ្ទុកមេរោគ​ដំបូងគេ។ តាម​ការ​ឲ្យដឹង ​បុរស​នោះ រស់នៅ​ខេត្ត​Piacenza ជាប់នឹង​ខេត្ត​Lodi ដែរ។ អ្វីដែល​ជា​ការ​ព្រួយ​បារម្ភ​បំផុត អាជ្ញាធរ​បាន​លើកឡើង​ថា គឺគេ​សង្ស័យ​ថា អ្នក​ផ្ទុក​មេរោគ​នេះ អាច​ចម្លង​ទៅ​មនុស្ស​ផ្សេងទៀត ​ទាំង​ដែលខ្លួន​គ្រាន់តែ​ផ្ទុក​មេរោគ តែ​មិន​មាន​ចេញ​រោគសញ្ញា ឬ​អាការៈជម្ងឺ​ឡើយ។ មានន័យ​ថា លទ្ធភាព​ឆ្លង​ទៅ​អ្នកផ្សេង អាច​មាន​​កាន់តែ​មានច្រើន ​ព្រោះ​អ្នក​ផ្ទុក​មិនដឹង​ខ្លួន​ថាមាន​ផ្ទុក​មេរោគ។

ចំណែក​ករណី​បុរស​អាយុ​​៧៨ឆ្នាំ ដែល​ទើបតែ​ស្លាប់​កាលពីយប់ថ្ងៃសុក្រ នៅតំបន់​Vénetie គឺវា​កាន់តែ​គួរឲ្យ​ព្រួយបារម្ភ​ និង​មាន​ការ​ងឿងឆ្ងល់ ដោយសារ​តែ​បុរស​ចំណាស់​នោះ មិនធ្លាប់​បាន​ធ្វើដំណើរទៅ​ប្រទេស​ចិន ហើយ​ក៏​មិន​ទំនាក់ទំនង​ ប្រាស្រ័យ​ប៉ះពាល់​ជាមួយ​អ្នកណា ដែលធ្វើ​ដំណើរ​មកពី​ចិនដែរ។ នេះបើ​ផ្អែក​តាម​សម្តី​របស់​មន្ត្រី​ជាន់ខ្ពស់​អ៊ីតាលីម្នាក់។ ត្រង់ចំណុចនេះ គឺធ្វើឲ្យអាជ្ញាធរ កាន់តែបារម្ភ ​ព្រោះវា​មាន​អ្នកន័យ​ថា បុរសនោះ​ឆ្លង​ពីអ្នកផ្សេង ​ដែល​គេមិន​ទាន់​ស្គាល់​អត្តសញ្ញាណ និង​ដែល​មិនទាន់​មាន​អាការៈជម្ងឺ។​ មានន័យថា វាប្រាកដ​ជាមាន​អ្នកឆ្លង​ច្រើននាក់​ផ្សេងទៀត មិនខានទេ។

ករណីឆ្លងក្រៅស្រុកចិន មានកាន់តែច្រើនគួរឲ្យបារម្ភ

អាជ្ញាធរអ៊ីរ៉ង់ ក៏ទើបតែបានប្រកាសនៅថ្ងៃនេះដែរ ថាមានអ្នកស្លាប់ដោយមោរោគកូរ៉ូណាម្នាក់ទៀត ដែលធ្វើឲ្យចំនួន​អ្នកស្លាប់ដោយមេរោគនេះ មានចំនួន​៥នាក់ហើយ នៅអ៊ីរ៉ង់។ នៅកូរ៉េខាងត្បូងឯនោះវិញ អាជ្ញាធរបានបញ្ជាក់ថា មានផ្ទុះការឆ្លងថ្មីបន្ថែម ដល់ទៅ ១៤២ករណី ដែលធ្វើឲ្យកូរ៉េខាងត្បូង មានអ្នកឆ្លងសរុបដល់ទៅ ៣៤៦នាក់។  ទោះចង់មិនចង់ ដំណឹងនៃការឆ្លងរាលដាល នៅតាមប្រទេសផ្សេង ក្រៅពីចិន ដែលចេះតែកើន ច្រើនឡើងច្រើនឡើងនេះ គឺវាបានធ្វើឲ្យមានការព្រួយបារម្ភ ភ័យខ្លាច។ លោកប្រធានអង្គការសុខភាពពិភពលោក បានថ្លែងកាលពីថ្ងៃសុក្រម្សិកមិញថា ដំណាក់កាលនេះ “យើងនៅអាចទប់ការឆ្លងរាលដាល បាន ក៏ប៉ុន្តែ​វាកាន់តែលំបាកទៅៗហើយ”

បើតាមការវិភាគ បញ្ហាចំបង គឺមេរោគនេះ អាចសំងំនៅក្នុងខ្លួនមនុស្សម្នាក់បានយូរថ្ងៃណាស់ ទំរាំវាស្តែងចេញជាអាការៈជម្ងឺ ហើយធ្វើឲ្យ​​មនុស្សនោះដឹងខ្លួនសង្ស័យ និងទៅពេទ្យពិនិត្យ។ មានន័យថាក្នុងកំឡុងពេល ដែលមិនទាន់មានអាការៈជម្ងឺ គឺមនុស្សនោះអាចចម្លងទៅអ្នកផ្សេងទៀត។

ប្រភពពីអាជ្ញាធរសុខាភិបាលខេត្តហ៊ូពេ ប្រទេសចិន បានឲ្យដឹងនៅថ្ងៃសៅរ៍ទី២២កុម្ភៈ​  ថាមេរោគកូរ៉ូណា Covid-19​ ទំនង​ជា​អាចសំងំក្នុងខ្លួនមនុស្ស បានដល់ទៅ២៤​ថ្ងៃឯណោះ មុននឹងស្តែងចេញជាអាការៈជម្ងឺ​។ បុរសជនជាតិចិនអាយុ​៧០ឆ្នាំម្នាក់ នៅខេត្តហ៊ូពេ ទើបតែមានអាការៈជម្ងឺ ក្តៅខ្លួន នៅថ្ងៃទី​២០ កុម្ភៈនេះ។ អាជ្ញាធរចិន​អះអាងថា បុរសនោះ បានជួបប្រាស្រ័យជាមួយ​ប្អូនស្រីខ្លួន ដែលមានផ្ទុកមេរោគកូរ៉ូណា តាំងតែពីថ្ងៃទី​២៤មករា ហើយទំនងជាបានឆ្លង ពីប្អូនស្រី ក្នុងពេលនោះ។

តែយ៉ាងណា នេះគ្រាន់តែ ជាករណីមួយដាច់ដោយឡែក ដោយយើងមិនទាន់​អាចយកជាគោលការណ៍ទូទៅបានទេ។ តែយ៉ាងណាក៏ដោយ បញ្ហានេះ ជំរុញឲ្យមនុស្សម្នាក់ៗ មានការប្រុងប្រយ័ត្នខ្ពស់ រក្សាអនាម័យ​​ឲ្យ​បានខ្ជាប់ខ្ជួន លាងសម្អាតដៃ​ និង​ ពាក់ម៉ាស ព្រោះយើងមិនអាចដឹងទេ ថាអ្នកណាមាន ឬមិនផ្ទុកមេរោគកូរ៉ូណា រួមទាំងខ្លួនឯងផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI