លោក​អូបាម៉ា​ថា​បទឈប់បាញ់​នៅ​ស៊ីរី​កំពុងតែ​រង្គោះរង្គើ​ខ្លាំង

លោក​អូ​បាម៉ា នៅ​ក្នុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន ពេល​បំពេញ​ទស្សនកិច្ច​នៅ​អង់គ្លេស
លោក​អូ​បាម៉ា នៅ​ក្នុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន ពេល​បំពេញ​ទស្សនកិច្ច​នៅ​អង់គ្លេស REUTERS/Andy Rain/Pool

លោក​​អូបាម៉ា ប្រធានាធិបតី​អាមេរិក ក៏ដូចជា ​លោក​ស្តាហ្វាន ដឺមីស្ទូរ៉ា ​(Staffan de Mistura) ​​ប្រេសិតពិសេស​របស់​អ.ស.ប​ ទទួលបន្ទុក​ដោះស្រាយវិបត្តិ​ស៊ិរី សុទ្ធតែ​បាននាំគ្នា​លើកឡើង​ពី​ក្តីបារម្ភ ជុំវិញ​ភាពផុយស្រួយ​នៃ​បទឈប់បាញ់​នៅ​ស៊ីរី។ ទោះជាយ៉ាងណា ​លោក​អូបាម៉ា​បាន​ទទួល​ស្គាល់​ថា ​បទឈប់បាញ់​នេះ​បាន​នៅ​ជាប់​បាន​យូរ​ជាង​ការរំពឹងទុក​របស់​លោក កាល​ពីមុន។

ផ្សាយពាណិជ្ជកម្ម

បទឈប់បាញ់​​ត្រូវ​បាន​ភាគី​ជម្លោះ​នៅស៊ីរី ព្រមព្រៀង​គ្នា និង​​​បាន​ចូល​ជាធរមាន កាល​ពីថ្ងៃ​ទី២៧​កុម្ភៈ​កន្លងទៅ ក្រោយ​ពី​មាន​ការ​សម្របសម្រួល​ពី​សំណាក់​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី។ ក៏ប៉ុន្តែ ​នៅ​ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​ថា ការវាយប្រយុទ្ធគ្នា ​រវាង​គូបដិបក្ខ​បាន​ចាប់ផ្តើម​កើតមានឡើងវិញ​កាន់តែ​ខ្លាំងឡើង ​នៅ​ក្នុង​ពេល​ដែល​កិច្ចចរចា ​ស្វែងរក​ដំណោះស្រាយ​នយោបាយ ​បាន​ចាប់ផ្តើម​បើកធ្វើឡើង​សាជាថ្មី នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ។

លោក​ស្តាហ្វាន ដឺមីស្ទូរ៉ា ប្រេសិតពិសេស​អ.ស.ប​ទទួលបន្ទុក​ដោះស្រាយ​វិបត្តិ​ស៊ីរី បាន​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ កាល​ពីថ្ងៃ​សុក្រ​ថា “បទឈប់បាញ់​នៅតែ​ស្ថិតនៅជា​ធរមាន ក៏ប៉ុន្តែ វា​អាច​នឹង​ត្រូវ​រលាយទៅវិញ ប្រសិនបើ​គេ​មិន​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់ទេនោះ”។

ចំណែក​លោក​អូបាម៉ា​វិញ ដែល​កំពុងបំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អង់គ្លេស ក៏​បាន​លើកឡើង​ពី​ក្តីបារម្ភ​ស្រដៀងគ្នា​នេះ​ដែរ។ បន្ថែម​ពីលើ​នេះ លោក​អូបាម៉ា​ក៏​បាន​ឆ្លៀត​​ចោទសួរ​ផងដែរ អំពី​ចេតនា​ពិតប្រាកដ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ​ដែល​ជា​ខ្នងបង្អែក​ដ៏ធំមួយ​របស់​លោក​បាស្ហា អាល់អាសាដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI