អានតួអត្ថបទ
អូស្រ្តាលី

ផ្តល់​ “ការងារ​និង​កំណើន​សេដ្ឋកិច្ច​ពិភពលោក” ជា​ពាក្យ​សន្យា​ថ្មី​របស់​ក្រុម​ប្រទេស​ហ្សេ​២០

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ក្រុមប្រទេស​ហ្សេ ២០ នៅ​អូស្ត្រាលី ថ្ងៃទី ២០ កញ្ញា ២០១៤
រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ក្រុមប្រទេស​ហ្សេ ២០ នៅ​អូស្ត្រាលី ថ្ងៃទី ២០ កញ្ញា ២០១៤ © Reuters
ដោយ៖ អៀង សុខម៉ិញ
១២ នាទី

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស​មហាអំណាច​ទាំង​២០​នៅ​លើ​ពិភពលោក កំពុង​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃ​សៅរ៍​នេះ សម្រាប់​រយៈ​ពេល​ពីរ​ថ្ងៃ​ នៅ​ប្រទេស​អូស្ត្រាលី។ បើ​តាមប្រទេស​អូស្ត្រាលី​​ ដែល​ជា​ប្រធាន​ផ្លាស់​វេន​ ក្រុម​ប្រទេស​ហ្សេ​២០ ​សន្យា​​លើក​តម្កើង​វិស័យ​ការងារ​និង​កំណើន​សេដ្ឋកិច្ច​ពិភពលោក។

ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី និង​អភិបាល​ធនាគារ​​នៃ​ក្រុម​ប្រទេស​ហ្សេ​២០ កំពុង​តែ​ពិភាក្សា​ត្រួត​ពិនិត្យ​លើ​កម្មវត្ថុ​ ផ្នែក​ផ្តល់​កំណើន​សេដ្ឋកិច្ច​ សម្រាប់​៥​ឆ្នាំ​ខាង​មុខ និង​លើ​វិធានការ​ប្រយុទ្ធ​ប្រឆាំ​ង​ការងប់​​​​ប្រមូល​ពន្ធដារ (ដូច​បារាំង)។ បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អូស្ត្រាលី ដែលជា​តំណាង​ម្ចាស់​ផ្ទះ ​បើក​សម័យ​ប្រជុំ​ថ្ងៃ​នេះ​ ​ក្រុម​ប្រទេស​ហ្សេ​២០ កំពុង​តែ​ឈ្មុះ​ឈ្មុល​ដាច់​ខាត​​ជួយ​ពិភពលោក​ឱ្យ​បាន​ប្រសើរ​ឡើង ដោយ​​ផ្តល់​កំណើន​សេដ្ឋកិច្ច បង្កើត​ការងារ ការងារ​មានកម្រៃ​ខ្ពស់ ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​ ដើម្បី​ឱ្យ​កុមារ​មាន​ទឹក​ស្អាត​បរិភោគ មាន​សាលា​រៀន​ និង​ទទួល​បាន​ថែ​ទាំ​ផ្នែក​សុខភាព។​

ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ​បាន​កំណត់​កម្មវត្ថុ​ បង្កើន​តម្លៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់ក្រុម​​ប្រទេសហ្សេ​២០ ចំនួន​២%បន្ថែម ពីពេល​នេះ​ដល់​ឆ្នាំ​២០១៩ ពោល​គឺ​ស្មើ​នឹង​​បង្កើន​ផលិតផល​សរុប​របស់​ពិភពលោកបាន​លើស​ពី​ ២០០០ពាន់​​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

​សម្រាប់​លោក​រដ្ឋមន្ត្រី​អូស្ត្រាលី ដែល​ជា​​ប្រធាន​ផ្លាស់​វេន​ក្រុម​ប្រទេស​ហ្សេ​២០ ​ជាមួយ​ជំនួប​ប្រជុំថ្ងៃ​នេះ​ជា​ជំនួប​ត្រៀម​ថ្នាក់​រដ្ឋមន្ត្រី​​ បន្ទាប់​មក​ទើប​​ឈាន​ដល់​ជំនួប​កំពូល​ថ្នាក់​ប្រមុខ​រដ្ឋ​ និង​រដ្ឋាភិបាល​នៅ​ខែ​វិច្ឆិកា​ខាង​មុខ លទ្ធផល​នៃការងារ​បូក​ចូល​គ្នា នឹង​ក្លាយ​ជា​ឱកាស​មាស​​សម្រាប់​ប្តូរ​ផ្លាស់​ជោគ​វាសនា​សេដ្ឋកិច្ច​ពិភពលោក។

ប៉ុន្តែ​ចេតនា​ល្អ​របស់​អូស្ត្រាលី អាច​នឹង​ជួប​គ្រោះ​ហានិភ័យ​ សម្រេច​មិន​បាន ដោយ​ហេតុ​តែ​ស្ថានភាព​សេដ្ឋកិច្ច​​ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បានធ្លាក់​ចុះ​ដុន​ដាប​យ៉ាង​ខ្លាំង។ កាលពី​ថ្ងៃ​ចន្ទ​ អង្គការ​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច បាន​សង្កេត​ឃើញ​មាន​ការ​បន្ថយ​ល្បឿន​កំណើន​សេដ្ឋកិច្ច​ពិភពលោក​​ និង​បាន​បញ្ចុះ​អត្រា​កំណើន​នៅ​តំបន់​អឺរ៉ូ​ដល់​០,៤​បើ​ប្រៀប​ទៅ​ប៉ាន់​ស្មាន​នៅ​ខែ​ឧសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ