តុលាការ​អូស្ត្រាលី​ សម្រេច​ហាមមិនឲ្យមាន​អាជីវកម្ម​ធ្យូងថ្ម​ក្រោម​ហេតុផល​ការប្រែប្រួល​អាកាសធាតុ​

ផ្សែង ដែលកំពុងតែភាយចេញពីរោងចក្រឧស្សាហកម្ម នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនាខែមិថុនា ឆ្នាំ២០១៧។
ផ្សែង ដែលកំពុងតែភាយចេញពីរោងចក្រឧស្សាហកម្ម នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនាខែមិថុនា ឆ្នាំ២០១៧។ REUTERS/David Gray

នៅថ្ងៃសុក្រ​ ទី៨​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ នេះ​ តុលាការ​អូស្ត្រាលី​បាន​ ចេញ​សេចក្តីសម្រេច​មួយ បដិសេធ​ចំពោះ​គម្រោងការ​សាងសង់​អណ្តូងរ៉ែធ្យូងថ្ម នៅក្នុងរដ្ឋ New South Wales​។ តុលាការ​ បានសម្រេច​បដិសេធបែបនេះ​ ក្រោមហេតុផលថា​ ផលិតកម្ម​រ៉ែធ្យូងថ្ម ​ អាចធ្វើឲ្យ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ កាន់តែ​មានសភាព​អាក្រក់ឡើងៗ​។

ផ្សាយពាណិជ្ជកម្ម

ដោយសារតែ​ពិភពលោក​ បូករួមទាំង​ប្រទេស​អូស្ត្រាលី​ខ្លួនឯងផង​ កំពុងតែ​រង​ផលប៉ះពាល់​ពីការប្រែប្រួល​អាកាសធាតុ​ ទើប​តុលាការអូស្ត្រាលី​ សម្រេច​មិនអនុញ្ញាតឲ្យ​មានការ​ធ្វើអាជីកម្ម​រ៉ែធ្យូងថ្ម​នៅក្នុង​ប្រទេស​។

មន្ត្រី​តុលាការ​អូស្ត្រាលី​ម្នាក់​ បានលើកឡើងថា​ គម្រោងការ​បង្កើត​អណ្តូងរ៉ែធ្យូងថ្ម​មួយ​ នៅក្នុង​រដ្ឋ New South Wales រដ្ឋ​ដែលស្ថិត​នៅភាគត្បូង​ប្រទេសអូស្ត្រាលី​ គឺការគម្រោងដែលបង្កើតឡើង​ មិនសមស្រប​ទៅតាមទី​កន្លែង និងវេលា​។

មិនសមស្រប​ទៅតាមទី​កន្លែង និងវេលា ជាពាក្យ​ដែលមន្ត្រីតុលាការ​អូស្ត្រាលីចង់សំដៅ​ ពីបញ្ហាការប្រែប្រួលអាកាសធាតុ ដែលកើតឡើងដោយសារ​ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

សូមជម្រាបជូនថា​ នៅប៉ុន្មានឆ្នាំ​ចុងក្រោយនេះ​ កម្តៅរបស់​ភពផែនដី​បានកើនឡើង​គួរឲ្យព្រួយបារម្ភ​ជាខ្លាំង​ ដោយសារតែ​ការបញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់​។ ឧស្ម័នផ្ទះកញ្ចក់​ ដែលកើតចេញច្រើន​ពី​សកម្មភាព​ឧស្សាហកម្ម​រោងចក្រ​ និងយានយន្ត​ជាដើម​។ល។

សូមជម្រាបជូនថា​ តុលាការ​អូស្ត្រាលី​ បានសម្រេច​មិនអនុញ្ញាតឲ្យ​មានដំណើរ​ឧស្សាហកម្មធ្យូងថ្ម​ ក៏ដោយសារ​គោរពតាម​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ស្តីអំពី​ការប្រែប្រួលអាកាសធាតុ​ កាលពីឆ្នាំ២០១៥ ដែរ​។ សន្ធិសញ្ញា​ ដែល​ស្នើឲ្យ​ប្រទេស​ជាសមាជិក​ទាំងអស់ ព្យាយាម​កាត់បន្ថយ​ ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​ ដើម្បី​ទប់ស្កាត់​ការឡើង​កម្តៅ​នៃ​ភពផែនដី​។

ជុំវិញបញ្ហានេះដែរ​ គេដឹងថា​ការសម្រេច​របស់​តុលាការអូស្ត្រាលី​នាពេលនេះ​ ក៏​ដោយសារ​តែ​ទទួលរង​ឥទ្ធិពល​ ពី​អ្នកជំនាញ​ផែ្នក​អាកាសធាតុ​ផងដែរ​។ ជាក់ស្តែង​ លោក Will Steffen អ្នកជំនាញ​សិក្សា​ផ្នែក​អាកាសធាតុ​ បានប្រាប់ទៅកាន់​តុលាការថា​ អូស្ត្រាលី​ អំពីផលប៉ះពាល់ ដែល​អូស្ត្រាលី​រងគ្រោះពី​ការឡើងកម្តៅ​ផែនដី​។ ជាពិសេស​ សីតុណ្ហភាព​ នៅអូស្ត្រាលី​ បានកើនកម្តៅ​ខុសប្រក្រតី​ អស់រយៈពេល​ជាង​មួយ​សតវត្សរ៍​កន្លង​មកហើយ​។

គួរជ្រាបផងដែរថា​ អូស្ត្រាលី​គឺជា​ប្រទេសដែលផលិត​ និងនាំចេញធ្យូងថ្ម​ដ៏ធំបំផុត​ជាងគេ​មួយ​នៅក្នុង​ពិភពលោក​។ ដោយឡែក ចំណាត់ការ​ថ្មី​របស់​តុលការ​អូស្ត្រាលី​ មិនអនុញ្ញាតឲ្យ​មាន​ឧស្សាហកម្ម​រ៉ែធ្យូងថ្ម​ នៅក្នុង​ប្រទេសលើកនេះ​ ក៏ត្រូវ​បានសារទរ​ដោយ​អ្នកជំនាញ​អាកាសធាតុ​នៅក្នុង​ប្រទេសផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI