អានតួអត្ថបទ

តុលាការ​អេស្ប៉ាញ​ចេញដីកា​ចាប់ខ្លួន​មេដឹកនាំ​ផ្តាច់ទឹកដី​កាតាឡូញ៉ា

លោក​ការឡែស ពីកដឺម៉ុង (Carles Puidgemont) អតីត​ប្រមុខដឹកនាំ​រដ្ឋបាល​កាតាឡូញ៉ា
លោក​ការឡែស ពីកដឺម៉ុង (Carles Puidgemont) អតីត​ប្រមុខដឹកនាំ​រដ្ឋបាល​កាតាឡូញ៉ា REUTERS/Yves Herman
ដោយ៖ សេង ឌីណា
១៣ នាទី

តុលាការ​អេស្ប៉ាញ​ចេញដីកា​ចាប់ខ្លួន​អតីត​ប្រមុខដឹកនាំ​កាតាឡូញ៉ា គឺ​លោក ការឡែស ពីកដឺម៉ុង (Carles Puigdmont) ដែល​ត្រូវ​រដ្ឋាភិបាល​ចោទប្រកាន់​ពី​បទបះបោរ ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​ផ្តាច់​ទឹកដី​កាតាឡូញ៉ា ជា​រដ្ឋ​ឯករាជ្យ​ដាច់ចេញ​ពី​អេស្ប៉ាញ។ ដីកា​ចាប់ខ្លួន​នេះ​ត្រូវ​បាន​តុលាការ​ចេញ​នៅថ្ងៃ​សុក្រ មួយថ្ងៃ​ក្រោយ​ពី​បាន​ចាប់​ខ្លួន​អតីត​រដ្ឋមន្រ្តី​កាតាឡូញ៉ា​​ចំនួន ៨រូប ដាក់​ឃុំខ្លួន​ជា​បណ្តោះអាសន្ន កាលពីថ្ងៃ​ព្រហស្បតិ៍​។

ផ្សាយពាណិជ្ជកម្ម

ដីកា​ដែល​តុលាការ​អេស្ប៉ាញ​ចេញ ដើម្បី​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក​ ការឡែស ពីកដឺម៉ុង នៅថ្ងៃ​សុក្រ​នេះ គឺ​ជា​ដីកា​ចាប់ខ្លួន​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប ដោយសារ​តែ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ លោក ការឡែស ពីកដឺម៉ុង បាន​រត់គេចខ្លួន​ទៅ​កាន់​ប្រទេស​ប៊ែលហ្ស៊ិក ហើយ​បដិសេធ​មិន​ចូល​ខ្លួន​ទៅ​តាម​ដីកា​កោះ ដែល​តុលាការ​បាន​ចេញ កាល​ពី​ថ្ងៃ​ពុធ។

មេធាវី​របស់​លោក​ការឡែស ពីកដឺម៉ុង ក៏​បាន​បញ្ជាក់​ឲ្យដឹង​ផងដែរ​ថា កូនក្តី​របស់​លោក​ គឺ​ពិត​ជា​ត្រូវ​តុលាការ​អេស្ប៉ាញ​ចេញដីកា​តាម​ចាប់ខ្លួន​មែន ហើយ​ថា លោក​ការឡែស ពីកដឺម៉ុង នឹងបន្ត​ស្ថិត​នៅ​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក ហើយ​ថា​នឹង​សហការ​​យ៉ាងពេញលេញ​ជាមួយ​អាជ្ញាធរ​ប៊ែលហ្ស៊ិក។

គួរបញ្ជាក់ថា ការ​ចេញដីកា​ចាប់ខ្លួន​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​ មានន័យថា តុលាការ​អេស្ប៉ាញ​នឹង​បញ្ជូន​សំណើ​ជាផ្លូវការ​ទៅ​កាន់​តុលាការ​ប៊ែលហ្ស៊ិក ដើម្បី​សុំ​ឲ្យ​ធ្វើ​បត្យាប័ន​លោក​ការឡែស ពីកដឺម៉ុង។

យោងតាម​នីតិវិធី ក្រោយ​ពី​ទទួល​បាន​សំណើ​សុំ​ធ្វើ​បត្យាប័ន​នេះ តុលាការ​ប៊ែលហ្ស៊ិក​​ត្រូវ​ធ្វើ​ការ​សិក្សា​សំណុំរឿង​​និង​​ចេញ​សេចក្តីសម្រេច នៅ​ក្នុងរយៈពេល​យ៉ាងយូរ​បំផុត ៦០ថ្ងៃ។ ក៏ប៉ុន្តែ មេធាវី​របស់​ការឡែស ពីកដឺម៉ុង បាន​បញ្ជាក់​រួចជាស្រេច​ហើយ​​ថា ប្រសិន​បើ​តុលាការ​ជាន់ទាប​ប៊ែលហ្ស៊ិក​សម្រេច​ធ្វើ​បត្យាប័ន លោក​ការឡែស ពីកដឺម៉ុង នឹង​ប្តឹង​ជំទាស់​នឹង​សេចក្តីសម្រេច​នេះ ទៅកាន់​តុលាការ​ជាន់ខ្ពស់​ជា​បន្តបន្ទាប់​ទៀត ដែល​នេះ​មានន័យថា ដំណើរការ​នីតិវិធី​ក្នុងការ​ធ្វើ​បត្យាប័ន​លោក​ការឡែស ពីកដឺម៉ុង អាច​នឹង​ត្រូវ​អូសបន្លាយ​ពេល​រាប់ខែ ឬ​រហូតដល់​ទៅ​រាប់​ឆ្នាំ​ក៏​ថាបាន។

គួរបញ្ជាក់​ផងដែរ​ថា ដីកា​ដែល​តុលាការ​អេស្ប៉ាញ​ចេញ​នៅថ្ងៃ​សុក្រ​នេះ មិនត្រឹមតែ​ចេញ​ឲ្យ​ចាប់ខ្លួន​លោក​ការឡែស ពីកដឺម៉ុង តែ​ម្នាក់​នោះទេ តែ​ក៏​បាន​បង្គាប់​ឲ្យ​ចាប់ខ្លួន​ផងដែរ អតីត​រដ្ឋមន្រ្តី​របស់​លោក​ចំនួន ៤នាក់​ផ្សេងទៀត ដែល​កំពុង​តែ​គេចខ្លួន​នៅ​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក​ជាមួយ​លោក។ ចំណែក​ឯ​អតីត​រដ្ឋមន្រ្តី​ចំនួន ៨រូបផ្សេងទៀត ដែល​មិន​រត់គេចខ្លួន​ទៅ​ក្រៅ​ប្រទេស ត្រូវ​បាន​តុលាការ​ចាប់ឃុំខ្លួន​ជា​បណ្តោះអាសន្ន តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្នុងពេល​ដែល​ប្រធាន​សភា និង​សមាជិក​គណៈអចិន្រ្តៃយ៍​សភា​ជាច្រើន​រូបផ្សេងទៀត ត្រូវ​តុលាការ​បង្គាប់​ឲ្យ​ចូលខ្លួន នៅថ្ងៃព្រហស្បតិ៍​សប្តាហ៍​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ