អានតួអត្ថបទ

កងទ័ព​អ៊ីរ៉ាក់​វាយលុក​ចូលដល់​មូលដ្ឋាន​ធំ​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម

ទីក្រុង​រ៉ាម៉ាឌី ដែល​កងទ័ព​ជាតិ​អ៊ីរ៉ាក់ កំពុង​ព្យាយាម​វាយដណ្តើម​យក​ពី​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម
ទីក្រុង​រ៉ាម៉ាឌី ដែល​កងទ័ព​ជាតិ​អ៊ីរ៉ាក់ កំពុង​ព្យាយាម​វាយដណ្តើម​យក​ពី​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម AFP/AFP
ដោយ៖ សេង ឌីណា
1 នាទី

មន្រ្តី​កងកម្លាំង​ប្រឆាំង​ភេរវកម្ម​បាន​ឲ្យដឹង​ថា នៅថ្ងៃ​អង្គារ កងទ័ព​អ៊ីរ៉ាក់​បានបាន​វាយលុក​ចូល​ទៅដល់ ទីក្រុង​​រ៉ាម៉ាឌី (Ramadi) ដែល​ជា​ទីតាំង​ធំ​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ការវាយដណ្តើម​កាន់កាប់​ក្រុង​រ៉ាម៉ាឌី​នេះ អាច​រាប់​ថា​ជា​ជោគជ័យ​ដ៏ធំមួយ​របស់​កងទ័ព​អ៊ីរ៉ាក់ ក្រោយ​ពី​ត្រូវ​ទទួល​បរាជ័យ បាត់បង់​ទឹកដី​ជាច្រើន​ទៅក្នុង​ដៃ​ក្រុម​ជីហាត ចាប់តាំង​ពី​ឆ្នាំ​ទៅមិញ។

ផ្សាយពាណិជ្ជកម្ម

អស់រយៈពេល​ជាង​ពីរ​សប្តាហ៍​មក​ហើយ ដែល​កងទ័ព​អ៊ីរ៉ាក់ បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ក្នុងគោលដៅ​ដណ្តើម​កាន់កាប់​ទីក្រុង​រ៉ាម៉ាឌី ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​កងកម្លាំង​ចម្រុះ​ ទាំង​ទាហាន​ ប៉ូលិស និង​កងកម្លាំង​នៃ​កុលសម្ព័ន្ធ​ស៊ុននីត ហើយ​ដោយ​មាន​ការគាំទ្រ​ពី​សំណាក់​កងទ័ព​អាកាស​របស់​អាមេរិក។ ​យោងតាម​មន្រ្តី​កងទ័ព​អ៊ីរ៉ាក់ ប្រតិបត្តិការ​​​ដំណាក់កាល​ផ្តាច់ព្រ័ត​វាយលុក​ចូល​ក្នុង​ក្រុង​​រ៉ាម៉ាឌី​បាន​ចាប់ផ្តើម​ឡើង កាល​ពី​យប់​ថ្ងៃ​ចន្ទ ហើយ​កងកម្លាំង​ចម្រុះ​​បាន​វាយលុក​ចូល​ទៅ​ជិត​ដល់​កណ្តាល​ក្រុង​ នៅថ្ងៃ​អង្គារ ដោយ​មាន​ការ​ប្រយុទ្ធតបត​តិចតួច​ប៉ុណ្ណោះ ពី​សំណាក់​កងកម្លាំង​រដ្ឋ​អ៊ីស្លាម។

មន្រ្តី​កងទ័ព​អ៊ីរ៉ាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា នៅ​ថ្ងៃ​អង្គារ ត្រឹមអំឡុង​ថ្ងៃ​ត្រង់ កងទ័ព​អ៊ីរ៉ាក់​បានចូល​ទៅដល់​ប្រមាណ​ជា ២គីឡូម៉ែត្រ​ពីកណ្តាល​ក្រុង​រ៉ាម៉ាឌី ហើយ​កំពុង​ជម្លៀស​ជនស៊ីវិល​ឲ្យ​ចេញ​ពី​ក្រុង។

យោងតាម​ការ​ប៉ាន់ស្មាន​របស់​កងទ័ព​អាមេរិក ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​​ពីដំបូង​មាន​កងកម្លាំង​ក្នុង​ចន្លោះ​ពី ៦០០នាក់ ទៅ​១ពាន់នាក់ នៅ​ក្នុង​ទីក្រុង​រ៉ាម៉ាឌី ក៏ប៉ុន្តែ ក្រោយ​ពី​មាន​ការ​វាយប្រយុទ្ធគ្នា​យ៉ាងខ្លាំងក្លា ក្នុងរយៈពេល​ពីរសប្តាហ៍​កន្លងទៅនេះ ​ចំនួន​កងកម្លាំង​រដ្ឋអ៊ីស្លាម​​​នៅ​រ៉ាម៉ាឌី ធ្លាក់​ចុះ​មក​នៅត្រឹមតែ​​​ប្រមាណ​ពី ៣០០ ទៅ ៤០០នាក់​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ទីក្រុង​រ៉ាម៉ាឌី​នេះ គឺ​ជា​ក្រុង​ដ៏ធំមួយ​នៅ​ប៉ែក​ខាង​លិចប្រទេស​អ៊ីរ៉ាក់ ហើយ​​​ត្រូវ​ធ្លាក់​ក្នុងការ​កាន់កាប់​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម កាល​ពីខែ​ឧសភា​កន្លងទៅ។ ចាប់តាំង​ពី​ខែ​កក្កដា​មក កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ព្យាយាម​វាយដណ្តើម​​យក​ក្រុង​នេះ​វិញ​ជាច្រើនលើក ក៏ប៉ុន្តែ សុទ្ធតែ​ត្រូវ​ទទូល​បរាជ័យ។ ទើបតែ​ប្រតិបត្តិការ​លើកនេះ​ទេ ដែល​កងកម្លាំង​រដ្ឋាភិបាល​មាន​ប្រៀបខ្លាំង​លើ​កងកម្លាំង​រដ្ឋអ៊ីស្លាម​ ដែល​គេ​អាចរាប់​ថា​ជា​ជោគជ័យ​ដ៏សំខាន់​មួយ ក្រោយ​​ពី​ត្រូវ​កងកម្លាំង​រដ្ឋអ៊ីស្លាម​វាយដណ្តើម​កាន់កាប់​ទឹកដី​ស្ទើរតែ​អស់​១ភាគ៣ នៃ​ទឹកដី​អ៊ីរ៉ាក់​ទាំងមូល ចាប់តាំង​ពី​ពាក់កណ្តាល​ឆ្នាំ​២០១៤​កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ