អ៊ីស្រាអែល ចាប់ផ្តើមសាងសង់បន្លាលួសនៅតាមបណ្តោយព្រំដែនក្នុងតំបន់ហ្គាហ្សា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃអាទិត្យ ទី៣ កុម្ភៈ ឆ្នាំ២០១៩ ប្រទេសអ៊ីស្រាអែល បានប្រកាសអំពីផែនការសាងសង់បន្ថែមនូវបន្លាលួសតាមបណ្តោយព្រំដែនរបស់ខ្លួននៅឯតំបន់ហ្គាហ្សា។ មួយវិញទៀត បើតាមក្រសួងការពារជាតិអ៊ីស្រាអែល បន្លាលួសតាមរបងព្រំដែន នឹងត្រូវស្ថាបនាឲ្យកាន់តែរឹងមាំខ្លាំងជាងមុន ដើម្បីការពារការវាយប្រហារផ្សេងៗ ពីសំណាក់ក្រុមភេរវជន ឬពីចលនាប៉ាឡេស្ទីនហាម៉ាសជ្រុលនិយម។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា នៅចុងខែមករា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ អ៊ីស្រាអែលបានចាប់ផ្តើមជួសជុលកែកុន ធ្វើឲ្យយ៉ាងណាឲ្យរបាំងការពារព្រំដែន នៅតំបន់ហ្គាហ្សា កាន់តែរឹងមាំខ្លាំងឡើង។
លោកនេតាន់យ៉ាហ៊ូ បាននិយាយទៀតថាដើម្បីការពារកុំឲ្យក្រុមភេរវជន ឬពួកសកម្មប្រយុទ្ធហាម៉ាស អាចឆ្លងចូលទៅក្នុងដែនដីអ៊ីស្រាអែលបាន របងលួសតាមបណ្តោយព្រំដែននឹងត្រូវស្ថាបនាក្នុងរយៈកំពស់ ៦ម៉ែ្រត ពីដី និងមានប្រវែង៦៥ គីឡូម៉ែត្រ នៅតាមតំបន់ព្រំខណ្ឌចែកដែនដីស្រាអែល និងដែនដីប៉ាឡេស្ទីន-ហ្គាហ្សា។
ទាក់ទងនឹងគោលនយោបាយពង្រឹងសន្តិសុខតាមតំបន់ព្រំដែន របស់លោកនាយកអ៊ីស្រាអែលនេះដែរ គេជឿថា នេះជាយុទ្ធសាស្ត្រដើម្បីទាក់ទាញប្រជាប្រិយភាព ជាពិសេសនៅមុនការបោះឆ្នោតមកដល់ នាខែមេសា ឆ្នាំ២០១៩ ខាងមុខ។
តែផ្ទុយពីការលើកឡើងខាងលើ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានលើកឡើងថា ការរឹតបន្តឹងសន្តិសុខ តាមខ្សែបន្ទាត់ព្រំដែន មិនមានជាប់ពាក់ព័ន្ធអ្វី ទៅនឹងការបោះឆ្នោតក្នុងប្រទេសអ៊ីស្រាអែលនាពេលខាងមុខនោះទេ។ លោកបញ្ជាក់បន្ថែមទៀតថា ដោយសារតែភាពរញ៉េរញៃ-អសន្តិសុខនៅតែកើតមាន នៅក្បែរតំបន់ព្រំដែនហ្គាហ្សា ទើបអាជ្ញាធរអ៊ីស្រាអែលចាត់វិធានការបែបនេះ។
សូមរឮកជូនថា ជាទូទៅក្រុមហាម៉ាសនិងទាហានអ៊ីស្រាអែល តែងតែប៉ះទង្គិចគ្នាជាញឹកញយ នៅតាមតំបន់ព្រំដែនហ្គាហ្សា។ ជាក់ស្តែង ស្ទើរតែជារៀងរាល់សប្តាហ៍ទៅហើយ ដែលក្រុមហាម៉ាសប្រមូលម្តុំគ្នាតវ៉ា ដើម្បីឲ្យអ៊ីស្រាអែលយល់ព្រមឲ្យជនជាតិប៉ាឡេស្ទីន ដែលភៀសខ្លួនដោយសារសង្គ្រាមនាឆ្នាំ១៩៤៨ ចូលទៅតាំងទីលំនៅក្នុងទឹកដៃកំណើតវិញ។ ទឹកដៃកំណើត ដែលបច្ចុប្បន្ន ជាទឹកដីស្ថិតក្រោមការគ្រប់គ្រងប្រទេសអ៊ីស្រាអែល។
គួរជ្រាបទៀតថា ចាប់តាំងពីខែមីនា ឆ្នាំ២០១៨ រហូតមកដល់ពេលនេះ មានប្រជាជនប៉ាឡេស្ទីន យ៉ាងហោចណាស់ក៏ចំនួន ២៤៦ នាក់ដែរបានស្លាប់ និងទាហានអ៊ីស្រាអែល ២ នាក់ស្លាប់ ដោយសារតែការប៉ះទង្គិចគ្នានៅឯតំបន់ហ្គាហ្សា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ