អ្នកដំណើរនាវា Westerdam៖ ម៉ាឡេស៊ីថាមានផ្ទុកមេរោគកូរ៉ូណាថ្មី តែកម្ពុជាស្នើឲ្យពិនិត្យឡើងវិញ
អ្នកដំណើរនៃនាវា Westerdam ជាជនជាតិអាមេរិកាំងម្នាក់ ត្រូវអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីរកឃើញថា មានផ្ទុកមេរោគកូរ៉ូណា Covid-19 បន្ទាប់ពីបានចាកចេញពីនាវាតាមរយៈប្រទេសកម្ពុជា នៅថ្ងៃទី១៤កុម្ភៈ។ ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងនេះ ក្រសួងសុខាភិបាលកម្ពុជាបានស្នើទៅកាន់ភាគីម៉ាឡេស៊ីឲ្យពិនិត្យលទ្ធផលនៃការធ្វើតេស្តន៍សុខភាពនោះឡើងវិញ ដោយអះអាងថា អ្នកដំណើរស្ដ្រីរូបនេះ មានសុខភាពល្អប្រសើរពេលចាកចេញពីកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
តាមរយៈសេចក្ដីប្រកាសព័ត៌មានបន្ទាន់ដែលចេញផ្សាយនៅយប់ថ្ងៃទី១៥កុម្ភៈ ក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ស្ដ្រីជនជាតិអាមេរិកាំង វ័យ៨៣ឆ្នាំ ដែលជាអ្នកដំណើរលើនាវា Westerdam ត្រូវក្រសួងសុខាភិបាលត្រួតពិនិត្យសុខភាពយ៉ាងល្អិតល្អន់ មុនពេលធ្វើដំណើរចេញពីប្រទេសកម្ពុជានៅថ្ងៃទី១៤កុម្ភៈ។ ការធ្វើតេស្តន៍សុខភាពនោះទៀតសោត បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាល គឺមានការចូលរួមជាមួយអង្គការសុខភាពពិភពលោក និងអង្គការ USCDC របស់អាមេរិក ដោយអនុវត្តតាមស្តង់ដារបច្ចេកទេស និងនិយ័តកម្មសុខភាពអន្ដរជាតិឆ្នាំ២០០៥ របស់អង្គការសុខភាពពិភពលោក។
លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាលផងនោះ បានគូសបញ្ជាក់ថា ការធ្វើតេស្តន៍លើស្ដ្រីជនជាតិអាមេរិកាំង និងអ្នកដំណើរផ្សេងទៀត បង្ហាញពីលទ្ធផលអវិជ្ជមាននៃមេរោគកូរ៉ូណា Covid-19។ បន្ថែមពីលើលទ្ធផលតេស្តន៍នោះ អ្នកដំណើរលើកប៉ាល់ Westerdam សុទ្ធតែបានឆ្លងកាត់នូវការវាស់សីតុណ្ហភាពរាងកាយ ដែលជាលទ្ធផល ពួកគេពុំមានរោគសញ្ញានៃការឆ្លងមេរោគកូរ៉ូណា Covid-19 ឡើយ។
បន្ទាប់ពីទទួលដំណឹងថា អ្នកដំណើរស្ដ្រីជនជាតិអាមេរិកាំងដែលចាកចេញពីនាវា Westerdam រួចរកឃើញថាមានផ្ទុកមេរោគ Covid-19 ពេលទៅដល់ប្រទេសម៉ាឡេស៊ីនោះ ក្រសួងសុខាភិបាលកម្ពុជា បានស្នើសុំឲ្យប្រទេសម៉ាឡេស៊ី ពិនិត្យលទ្ធផលនៃការធ្វើតេស្តន៍នេះឡើងវិញ ឲ្យមានសុក្រឹតភាព។ សំណើដូចគ្នានេះ ក៏មានដែរពីសំណាក់ក្រុមហ៊ុន Holland American Line ដែលជាម្ចាស់នាវា Westerdam។ តាមរយៈទំព័រហ្វេសប៊ុក ក្រុមហ៊ុននេះ បានបញ្ជាក់អំពីសុខភាពល្អប្រសើរនៃអ្នកដំណើរស្ដ្រីជនជាតិអាមេរិកាំងវ័យ៨៣ឆ្នាំរូបនេះ និងអះអាងថា ខ្លួនកំពុងរង់ចាំលទ្ធផលធ្វើតេស្តន៍សុខភាពលើកទី២ ដើម្បីបញ្ជាក់ឲ្យច្បាស់ពីវត្តមាននៃមេរោគកូរ៉ូណា Covid-19។ សម្រាប់ក្រុមហ៊ុន Holland American Line, លទ្ធផលដែលម៉ាឡេស៊ីប្រកាសចេញកាលពីថ្ងៃទី១៥កុម្ភៈនោះ គ្រាន់តែជាលទ្ធផលបឋមប៉ុណ្ណោះ ដែលចាំបាច់ឲ្យមានការធ្វើតេស្តន៍បញ្ជាក់ម្ដងទៀតទើបអាចយកជាការណ៍បាន។
ពីខាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាវិញ ស្ថានតំណាងនេះ បានទទួលហើយ ដំណឹងដែលថា ពលរដ្ឋរបស់ខ្លួនមានផ្ទុកមេរោគកូរ៉ូណា Covid-19។ និងថា ខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងនៅកម្ពុជា និងនៅបណ្ដាប្រទេសដទៃទៀតនៅក្នុងតំបន់ ដើម្បីធានាថា ពលរដ្ឋអាមេរិកាំង បានទទួលជំនួយនិងការសម្របសម្រួលនានាតាមតម្រូវការនិងស្ថានការណ៍ជាក់ស្ដែង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ