ការទាស់សំដីគ្នារវាងក្រុងម៉ូស្គូនិងវ៉ាស៊ីនតោនមកពីរឿងបោះឆ្នោតនៅរុស្ស៊ី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តបនឹងមតិលោកស្រីរដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Clintonដែលថាការបោះឆ្នោតសភានៅរុស្ស៊ីកាលពីថ្ងៃអាទិត្យទី៤ធ្នូ បានប្រព្រឹត្តទៅគឺក្នុងបរិយាកាសគ្មានសេរីភាពនិងគ្មានយុត្តិធម៌ លោកនាយករដ្ឋមន្ត្រីពូទីនដែលល្បីជា”បុរសខ្លាំង”នៅរុស្ស៊ីទើបឆ្លើយទៅវិញ ថា សេចក្តីថ្លែងការណ៍នោះរបស់ប្រមុខការទូតអាមេរិកគឺមានន័យជា”ការញុះញង់” ពួកប្រឆាំង នៅរុស្ស៊ីឲ្យរឹតតែបានចិត្ត។ នៅថ្ងៃសៅរ៏ស្អែក ពួកគេនឹងបន្តធ្វើមីទ្ទិញប្រឆាំងទល់នឹង “លទ្ធផលក្លែងបន្លំ” នៃការបោះឆ្នោតនោះ ដោយនឹងមានបាតុករចូលរួមយ៉ាងហោចណាស់ ៣ម៉ឺននាក់។
គឺកាលពីថ្ងៃ៦ធ្នូ ដែលលោកស្រីប្រមុខការទូតអាមេរិក Hillary Clinton បានថ្លែងថា ការបោះឆ្នោតសភាកន្លងទៅនៅរុស្ស៊ី មិនអាចត្រូវចាត់ទុកថា “សេរី និង សុចរិត “ឡើយ។
តាមប្រសាសសន៍គាត់ ដំណឹងស្តីអំពីការក្លែងបន្លំសន្លឹកឆ្នោត និងភាពមិនប្រក្រតីផ្សេងៗទៀត ក្នុងការបោះឆ្នោតនោះ គឺញ៉ាំងឲ្យកើតឡើងជា”ក្តីព្រួយបារម្ភមែនទែន”។
តាមលោកស្រី Hillary Clinton បើអាជ្ញាធររុស្ស៊ី នៅតែបណ្តោយ ឲ្យមានការវាយដំធ្វើបាប ស្រេចតែចិត្ត ទៅលើប្រជាពលរដ្ឋ ដោយគ្រាន់តែគ្នាសមិទ្ធិ សិទ្ធិតវ៉ាដែលមាន ចែងស្រាប់ក្នុង រដ្ឋធម្មនុញ្ញ គឺមានន័យថា ថ្នាក់ដឹកនាំនយោបាយនៅរុស្ស៊ី កំពុងបំពានលើគោលការណ៍ នៃយុត្តិធម៌ ហើយធ្វើឲ្យរង្គោះរង្គើដល់ ទំនុកចិត្តរបស់ប្រជាពលរដ្ឋទៅលើរដ្ឋខ្លួន។
លោកស្រីប្រមុខការទូតអាមេរិក គូសបញ្ជាក់ថា ប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅរុស្ស៊ី សក្តិសម ទទួលបាននូវការស៊ើបអង្កេតឲ្យបានហ្មត់ចត់ អំពីគ្រប់តែករណីរំលោភបំពាន ដែលកើតមាន ក្នុងការបោះឆ្នោតនោះ។
ថ្ងៃ៨ធ្នូម្សិលមិញ លោកនាយករដ្ឋមន្ត្រីពូទីន ដែលឈរឈ្មោះជាថ្មីសម្រាប់ជាប់ជា ប្រធានាធិបតីរុស្ស៊ិវិញ បានប្រតិកម្មថា សំដីលោកស្រីប្រមុខការទូតអាមេរិក Hillary Clinton ថា ការបោះឆ្នោតសភានៅរុស្ស៊ីកន្លងទៅ គឺ”គ្មានសេរីភាពនិងគ្មានភាពសុចរិត” គឺជា”ភ្លើងខៀវ” លើកទឹកចិត្តពួកប្រឆាំងនៅរុស្ស៊ី ឲ្យបានដៃធ្វើមិទ្ទិញតវ៉ា ដោយមានការគាំទ្រពេញទី ពីខាង ក្រសួងការបរទេសអាមេរិក ទល់នឹងលទ្ធផលនៃការបោះឆ្នោតនោះ - ធ្វើ ទៅតាមScenario ដែលមានគ្រោងទុកជាស្រេច ដោយរដ្ឋបរទេស។ គោលដៅScenario នេះ គឺបង្កឲ្យមាន រលកនៃ ”បដិវត្តន៍មានពណ៌” ដូចដែលធ្លាប់បានបោកបក់ នៅ អ៊ុយក្រែននិង គៀរហ្ស៊ីស៊ីស្ថាន។
តាមលោកពូទីន ការការពារអធិបតេយ្យជាតិ ជា កាតព្វកិច្ចរបស់រដ្ឋរុស្ស៊ី ហើយរុស្ស៊ី នឹងកែឆ្នៃច្បាប់ខ្លួន ឆ្ពោះទៅបង្កើននាទីទទួលខុសត្រូវ ទៅលើរាល់អ្នកណាដែលប្រព្រឹត្ត តាម ខ្សែញាក់របស់រដ្ឋបរទេស ដើម្បីជះឥទ្ធិពលមកលើ ដំណើរវិវឌ្ឍន៍នយោបាយផ្ទៃក្នុង ប្រទេសរុស្ស៊ីផ្ទាល់។
គឺក្នុងស្ថានភាពសង្គ្រាមសំដីនេះ រវាងទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោន ដែលពួកប្រឆាំងនៅរុស្ស៊ី បានឯកភាពគ្នាទៅហើយ តាមរយៈបណ្តាញសង្គម Facebook និង Twitter ថា នឹងបន្តធ្វើ
មីទ្ទិញ ក្នុងរដ្ឋធានីខ្លួន នៅថ្ងៃសៅរ៏ស្អែក តវ៉ាជាថ្មីទល់នឹងលទ្ធផលនៃការបោះឆ្នោត ដោយនឹង មានមនុស្សចូលរួម យ៉ាងហោចណាស់ចំនួន ៣ម៉ឺននាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ