សិទ្ធិមនុសុ្ស

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​Amnesty International

អង្គការ​ការពារសិទ្ធិមនុស្ស​ប្រារព្ធខួប៥០​ឆ្នាំរបស់ខ្លួន
អង្គការ​ការពារសិទ្ធិមនុស្ស​ប្រារព្ធខួប៥០​ឆ្នាំរបស់ខ្លួន DR

នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​ទី​​២៤​​ឧសភា​​នេះ ​អង្គការ​​ការពារ​​សិទ្ធិ​មនុស្ស​​​​Amnesty​ International ​បាន​​ចេញ​​ផ្សាយ​​របាយការណ៍​​ប្រចាំ​​ឆ្នាំ​​២០១២​​របស់​​ខ្លួន​ដែល​​ស្តី​ពី​​សិទ្ធិ​​មនុស្ស​​ក្នុង​​ពិភពលោក​នៅ​​ឆ្នាំ​​២០១១​​កន្លង​​ទៅ​​នេះ។​ សម្រាប់ ​​Amnesty​ International​ អំណាច​​ផ្តាច់ការ​​បាន​​ត្រូវ​​មួយ​​ដំបង​​ធ្ងន់​​នៅ​​ក្នុង​​ឆ្នាំ​​២០១១ ​រី​ឯ​​យុត្តិធម៌​​អន្តរជាតិ​​បាន​​ឈាន​​ជើង​​ទៅ​​មុខ​​មួយ​​ជំហាន​​ធំ។​

ផ្សាយពាណិជ្ជកម្ម

នៅ​អាស៊ី​ប៉ាស៊ីហ្វិក​Amnesty International ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ ទៅ​លើ​ប្រទេស​ចិន កូរ៉េ​ខាង​ជើង និង​ភូមា។ ចិន​បាន​និង​កំពុង​បន្ត​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ខ្ទប់​រាល់​ការ​ប្រឆាំង​តវ៉ា។ រី​ឯ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កូរ៉េ​ខាង​ជើង​វិញ នៅ​តែ​គ្មាន​ការ​រីក​ចម្រើន​អ្វី​បន្តិច​សោះ​ឡើយ។ ដោយ​ឡែក​នៅ​ភូមា Amnesty International កត់​សម្គាល់​ថា នៅ​ម្ខាង​អាជ្ញាធរ​បាន​ដោះលែង​អ្នក​ទោស​នយោបាយ​ក្នុង​នោះ​រួម​មាន​លោក​ស្រី​អុង សាន់ស៊ូជី​ផង រី​ឯ​នៅ​ម្ខាង​ទៀត អាជ្ញាធរ​កំពុង​បង្កើន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ជនជាតិ​ភាគ​តិច។

នៅ​អាស៊ី​កណ្តាល​វិញ Amnesty International ចោទ​ប្រកាន់​ខ្លាំង​ អ៊ូសបេគីស្ថាន តួម៉េនីស្ថាន និងអាស៊ៃបៃហ្សង់។ គ្មាន​ឡើយ​ការ​រីក​ចម្រើន​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ទាំង​បី​នេះ។ ក្រៅ​ពី​នេះ Amnesty International ឱ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​ឥទ្ធិពល​នៃ​បដិវត្តន៍​អារ៉ាប់​នៅ​ភូមិភាគ​ដើម​បូព៌ា​និង​នៅ​អាហ្វ្រិក​ខាង​ជើង ឥទ្ធិពល​ដែល​បាន​ធ្លាយ​ចូល​ទៅ​ដល់​បណ្តា​ប្រទេស​អាហ្វ្រិក​ខ្មៅ​មួយ​ចំនួន ដូច​ជា​អង់ហ្គោឡា អ៊ូហ្កង់ដា និង​សេណេហ្កាល់ ជាទី​ដែល​រដ្ឋ​អំណាច​បាន​ប្រើ​កម្លាំង​ទ័ព​ខ្លាំង​ហួស​ហេតុ ដើម្បី​ខ្ទប់​ឬ​វាយ​បង្ក្រាប​ពួក​បាតុករ។

ដូច​គ្នា​អ៊ីចឹង​ដែរ អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត​ក៏​បាន​ពង្រឹង​ខ្លាំង​ហួសហេតុ​ដែរ​មធ្យោបាយ​ប្រឆាំង​នឹង​ពួក​បាតុករ។ ដោយ​ឡែក Amnesty International គូស​បញ្ជាក់​ថា អៀរ៉ង់​កាន់​តែ​ស្គាល់​ភាព​ឯកា​ខ្លាំង​ឡើង​ជា​លំដាប់​នៅ​ក្នុង​ឆាក​តំបន់ ប៉ុន្តែ​នៅ​តែ​បន្ត​បំបិទ​មាត់​អ្នក​ប្រឆាំង​និង​បន្ត​អនុវត្ត​ទោស​ប្រហារ​ជីវិត។ រី​ឯ​អ៊ីស្រាអែល​វិញ បាន​ធ្វើ​ឱ្យ​ស្ថានភាព​មនុស្សធម៌​ធ្លាក់​ដុនដាប​មែន​ទែន​នៅ​Gaza និង​បាន​បន្ត​ធ្វើ​អាណានិគមកិច្ច​ខុស​ច្បាប់​នៅ​Cisjordanie។

 
ដោយ​ឡែក Amnesty International ប្រាប់​ឱ្យ​ដឹង​ថា សង្គម​ស៊ីវិល​នៅ​ប្រទេស​រុស្ស៊ី​បាន​និង​កំពុង​បន្ត​ងើប​ប្រឆាំង​នឹង​អំណាច​ផ្តាច់ការ​របស់​ពូទីន(Poutine) និង​មេដវេដេវ(Medvedev)
តាម​រយៈ​មហាបាតុកម្ម​ជា​ច្រើន​មិន​ដែល​មាន តាំង​ពី​សហភាព​សូវៀត​បាន​រលំ​រលាយ​បាត់​ទៅ។ ក៏​ប៉ុន្តែ យោង​ទៅ​តាម​Amnesty International អាជ្ញាធរ​បាន​គាប​សង្កត់​ខ្លាំង​ឡើង​ជា​លំដាប់​ទៅ​លើ​ពួក​ប្រឆាំង។

យោង​ទៅ​តាម​អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ​ដដែល ការ​គាប​សង្កត់​និង​ការ​បាញ់​សម្លាប់​ក៏​មាន​កើត​ឡើង​ដែរ​នៅ​អាមេរិក​ខាង​ត្បូង ជាអាទិ៍​នៅ ប្រេស៊ីល កូឡុំប៊ី និង​ម៉ិកស៊ិក ដោយសារ​តែ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ប្រជាជន​និង​ក្រុម​អ្នក​មាន​អំណាច​ដែល​ខ្លាច​បាត់​បង់​ប្រយោជន៍​សេដ្ឋកិច្ច​និង​នយោបាយ។
Amnesty International ក៏​កត់​សម្គាល់​ឃើញ​ដែរ​ថា នៅ​ទ្វីប​អាមេរិក ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​របស់​ជនជាតិ​ដើម​បាន​កើន​ឡើង​ខ្លាំង​នៅ​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ ដោយហេតុតែ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​និង​ការ​រុករក​ធនធាន​ធម្មជាតិ​ដែល​បាន​ប៉ះពាល់​ដល់​ប្រពៃណី​និង​ការ​រស់​នៅ​របស់​ជនជាតិ​ដើម។

ទន្ទឹម​នេះ នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន Amnesty International ក៏​លើក​ឡើង​ដែរ​ថា និន្នាការ​ឆ្ពោះ​ទៅ​រក​ការ​កម្ចាត់​ចោល​ទោស​ប្រហារ​ជីវិត​មាន​ការ​វិវឌ្ឍន៍​ទៅ​មុខ។ ដោយ​ឡែក អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ​អះអាង​ថា យុត្តិធម៌​អន្តរជាតិ​មាន​ការ​រីក​ចម្រើន​គួរសម នៅ​គ្រប់​ទិសទី​ក្នុង​ពិភពលោក តាម​រយៈ​ការ​កាត់​ក្តី​ទៅ​លើ​ពួក​អ្នក​ដែល​ជាប់​សង្ស័យ​ថា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI