អានតួអត្ថបទ
កម្ពុជា

អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម ធ្វើ​ពិធី​សាសនា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង

អតីត​មេ​ដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ពីរ​រូប គឺ​លោក នួន ជា និង​លោក ខៀវ សំផន ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ជា​បណ្តោះ​អាសន្ន​នៅ​សាលាក្តី​ខ្មែរ​ក្រហម
អតីត​មេ​ដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ពីរ​រូប គឺ​លោក នួន ជា និង​លោក ខៀវ សំផន ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ជា​បណ្តោះ​អាសន្ន​នៅ​សាលាក្តី​ខ្មែរ​ក្រហម
ដោយ៖ វ៉ា សំណព្វ
១៩ នាទី

អតីត​មេ​ដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ពីរ​រូប គឺ​លោក នួន ជា និង​លោក ខៀវ សំផន ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ជា​បណ្តោះ​អាសន្ន​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រៀប​ចំ​ពិធី​សូត្រមន្ត នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី កាល​ពី​ចុង​សប្តាហ៍​នេះ។ ការ​អនុញ្ញាត​ធ្វើ​ពិធី​សាសនា​នេះ​ គឺ​អនុលោម​ទៅ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង នៃ​សាលា​ក្តី​ខ្មែរ​ក្រហម។ លោក នួន ជា ដែល​បច្ចុប្បន្ន​មាន​វ័យ​ ៩១​ឆ្នាំ និង​លោក ខៀវ សំផន អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ ដែល​មាន​វ័យ ៨៦​ឆ្នាំ​ដែរ នៅ​តែ​មាន​សុខភាព​ធម្មតា​ដដែល។

ផ្សាយពាណិជ្ជកម្ម

ដោយ​អនុលោម​ទៅ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ជា​រៀង​រាល់​ឆ្នាំ តុលាការ​កូន​កាត់​មួយ​នេះ តែង​តែ​អនុញ្ញាត​ឲ្យ​ជន​ជាប់​ចោទ​ជា​អតីត​មេ​ដឹកនាំ​កំពូល​នៃ​របប​ខ្មែរ​ក្រហម បាន​ធ្វើ​ពិធី​តាម​បែប​សាសនា ដើម្បី​ចូល​រួម​អបអរសាទរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ដូច​ឆ្នាំ​មុនៗ​ដែរ កាល​ពី​ថ្ងៃ​សុក្រ ទី ៧​មេសា ចុង​សប្តាហ៍​មុន​នេះ អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​គេ​ស្គាល់​ថា តុលាការ​ខ្មែរ​ក្រហម​នោះ បាន​អនុញ្ញាត​ឲ្យ​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​លោក នួន ជា និង ខៀវ សំផន បាន​ធ្វើ​ពិធី​សូត្រមន្ត​តាម​បែប​ព្រះ​ពុទ្ធ​សាសនា ​នៅ​ចំពោះ​មុខ​ព្រះ​សង្ឃ​ចំនួន​ពីរ​អង្គ។ ពីធី​សូត្រមន្ត​តាម​បែប​ព្រះពុទ្ធ​សាសនា​នេះ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​មន្ទីរ​ឃុំ​ឃាំង​បណ្តោះ​អាសន្ន​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ត្រូវ​បាន​ជូន​ដំណឹង​ជា​ផ្លូវ​ការ​ដល់​គ្រប់​ភាគី ពិសេស​គឺ​ក្រុម​គ្រួសារ សាច់​ញាត្តិ​របស់​ជន​ជាប់​ចោទ​ទាំង​ពីរ​រូប ក៏​ប៉ុន្តែ​គេ​មិន​ឃើញ​មាន​ក្រុម​គ្រួសារ​របស់​លោក ខៀវ សំផន ចូល​រួម​នោះ​ទេ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ឌឹម សុវណ្ណារុំ ប្រធាន​ផ្នែក​កិច្ច​ការ​សាធារណៈ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម។

បើ​តាម​ការ​បញ្ជាក់​ពី លោក ឌឹម សុវណ្ណារុំ ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ពិធី​សាសនា​បែប​នេះ គឺ​អនុលោម​ទៅ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​ត្រង់​ប្រការ ៨ ដែល​បាន​ចែង​ស្តីពី​ការ​គាំពារ​ផ្នែក​សាសនា មន្ទីរ​ឃុំ​ឃាំង​បណ្តោះ​អាសន្ន​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​អនុញ្ញាត​ឲ្យ​មាន​ពិធី​សូត្រមន្ត ដើម្បី​ចម្រើន​សិរី​សួស្តី​ដល់​ជន​ជាប់​ចោទ​នៅ​ក្នុង​ឃុំ និង​ក្រុម​គ្រួសារ​របស់​ជន​ជាប់​ចោទ។

គួរ​ជំរាប​ជូន​ថា លោក នួន ជា អតីត​អនុលេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្ស​នៃ​របប​ខ្មែរ​ក្រហម​ក្នុង​វ័យ ៩១​ឆ្នាំ និង ខៀវ សំផន អតីត​ប្រធាន​រដ្ឋ​នៃ​របប​អាវ​ខ្មៅ ដែល​មាន​វ័យ ៨៦​ឆ្នាំ​ហើយ​នេះ ត្រូវ​បាន​តុលាការ​កំពូល​ខ្មែរ​ក្រហម​កាត់​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ កាល​ពី​ថ្ងៃ​ទី​ ២៣ វិច្ឆិកា ឆ្នាំ ២០១៦។ អតីត​មេ​ដឹកនាំ​កំពូល​ទាំង​ពីរ​រូប ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ឃាំង​ជា​បណ្តោះ​អាសន្ន​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ដើម្បី​រងចាំ​ការ​កាត់​ទោស​បន្ថែម ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម និង​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​សំណុំ​រឿង 002/02 ជា​បន្ត​ទៀត។ នៅ​ថ្ងៃ​ទី ២៨​មេសា​ខាង​មុខ​នេះ តុលាការ​ខ្មែរ​ក្រហម​នឹង​បង្គាប់​ឲ្យ​គ្រប់​ភាគី​ទាំង​អស់ ដាក់​សេចក្តី​សន្និដ្ឋាន​បិទ​បញ្ចប់​ការ​ពិភាក្សា​ដេញ​ដោល​នៅ​ក្នុង​សំណុំ​រឿង 002/02 ដើម្បី​ត្រៀម​បើក​សវនាការ​បិទ​បញ្ចប់​លើ​សំណុំ​រឿង​នេះ នៅ​ថ្ងៃ​ទី ៥​មិថុនា។

លោក ឌឹម សុវណ្ណារុំ ប្រធាន​ផ្នែក​កិច្ច​ការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរ​ក្រហម បាន​គូស​បញ្ជាក់​ថា បច្ចុប្បន្ន​ស្ថានភាព​សុខភាព​របស់​ជន​ជាប់​ចោទ​ទាំង​ពីរ​រូប មិន​មាន​ការ​ប្រែ​ប្រួល​ដែល​ជា​ក្តី​ព្រួយ​បារម្ភ​នោះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ