អ្នកច្បាប់យល់ឃើញផ្សេងគ្នាចំពោះការសាកសួរលោក សម រង្ស៊ីតាម Skype
នៅថ្ងៃនេះ គឺជាថ្ងៃកំណត់ដែលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះឲ្យលោក សម រង្ស៊ី ចូលខ្លួនដើម្បីឲ្យព្រះរាជអាជ្ញាសាកសួរជុំវិញដំណើររឿងបរិហាកេរ្តិ៍លោក ហេង សំរិន។ លោក សម រង្ស៊ី មិនបានចូលខ្លួនមកផ្ទាល់ទេ តែបានស្នើសុំឲ្យមានការសាកសួរ តាមប្រព័ន្ធទំនាក់ទំនងSkype។ សំណើនេះត្រូវបានបដិសេធដោយ ប្រធានសាលាដំបូងរាជ ធានីភ្នំពេញ។ ប៉ុន្តែអ្នកច្បាប់យល់ផ្សេងៗគ្នាចំពោះរឿងនេះ។
ចុះផ្សាយនៅថ្ងៃ៖
លោក ហុង គឹមសួន នាយកស្តីទីអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាមេធាវីដើមបណ្តឹងរដ្ឋប្បវេណី នៅសាលាក្តីខ្មែរក្រហម បានលើកឡើងថា ការសាកសួរជនណាម្នាក់ដោយតំណាងអយ្យការតាមរយៈ ប្រព័ន្ធទំនាក់ទំនងSkype មិនមានចែងក្នុងច្បាប់នោះទេ។ លោកបន្តថា ការសាកសួរតាមប្រព័ន្ធអ៊ីនធើណិតនេះ អាចប៉ះពាល់ដល់ការរក្សាការសម្ងាត់ នៅក្នុងសំណុំរឿងផងដែរ ព្រោះប្រព័ន្ធនេះងាយស្រួលក្នុងការលបស្តាប់ ឬថតសម្លេង។
លោកថា នៅសាលាក្តីខ្មែរក្រហមឯណោះវិញ ការសាកសួរតាមប្រព័ន្ធទំនាក់ទំនងSkype ឬ អ៊ិនធើណិត មានតែនៅក្នុងដំណាក់កាលសវនាការតែប៉ុណ្ណោះ ហើយចៅក្រមគឺជាអ្នកសាកសួរ សាក្សីដែលមិនអាចមកចូលរួមសវនាការបាន។
ដោយឡែក លោក នី ចាន់ឌី មេធាវី នៃក្រុមមេធាវី Legal Town Law Groupនិយាយថា ថ្វីត្បិត តែច្បាប់មិនមានចែងពីការសាកសួរជនណាម្នាក់តាមរយៈប្រព័ន្ធទំនាក់ទំនងSkype ឬអ៊ីនធើណិត តែតុលាការមានសិទ្ធិសម្រេច ប្រសិនបើតុលាការយល់ឃើញថា ជននោះគឺជាជនសំខាន់មិនអាចខ្វះបាន នៅក្នុងសំណុំរឿងណាមួយ។ ប៉ុន្តែលោកថា ជនដែលត្រូវកោះហៅ គប្បីចូលខ្លួនមកឆ្លើយបំភ្លឺដោយផ្ទាល់ នៅមុនពេលដែលអយ្យការអមសាលាដំបូង ចាត់វិធានការ តាមនីតិវិធីជាបន្តទៀត។
ជុំវិញរឿងនេះដែរ លោក ឡោ ជុនធី មេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា និយាយថា ដោយសារតែបច្ចេកវិទ្យាមានការរីកចម្រើន តុលាការគួរសម្របសម្រួលឲ្យមានការសាកសួរតាមប្រព័ន្ធទំនាក់ទំនងSkype ក្នុងករណីលោក សម រង្ស៊ី នេះ។ លោកបន្តថា តុលាការអាចចាត់មន្ត្រីណាម្នាក់ ឲ្យទៅអមលោក សម រង្ស៊ី នៅទីដែលលោកកំពុងផ្តល់ចម្លើយដើម្បីអោយការឆ្លើយឆ្លងមានភាពត្រឹមត្រូវនិងអាចទទួលយកបាន។
សូមបញ្ជាក់ថា ទាក់ទងនឹងការកោះហៅនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបញ្ជាក់ថា នោះជារឿងនយោបាយសុទ្ធសាធ។ លោកថាគណបក្សសង្គ្រោះជាតិនឹងមិនតតាំងតាមផ្លូវច្បាប់នោះទេ ហើយ គណបក្សនឹងរកច្រកចេញតាមរយៈដំណោះស្រាយនយោបាយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ