ក្រុមហ៊ុនហ្វេសប៊ុកដកចេញទំព័រមួយដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលសិង្ហបុរី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមហ៊ុនហ្វេសប៊ុក នៅថ្ងៃអង្គារទី១៨ កុម្ភៈ បានសម្រេចដកចេញនូវទំព័រនយោបាយមួយ នៅក្នុងប្រទេសសិង្ហបុរី ទៅតាមការទាមទាររបស់រដ្ឋាភិបាលនៃប្រទេសអាស៊ីមួយនេះ។ ហ្វេសប៊ុក បានពន្យល់ថា ចំណាត់ការរបស់ខ្លួនធ្វើឡើងដោយគោរពទៅតាម ច្បាប់ដ៏ចម្រូងចម្រាសរបស់សិង្ហបុរី ដែលប្រឆាំងទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីនធ័រនែត។
នៅសិង្ហបុរី ច្បាប់គ្រប់គ្រងព័ត៌មានតាមអ៊ីនធ័រនែត ត្រូវបានគេរិះគន់យ៉ាងខ្លាំង។ ក៏ប៉ុន្តែ តាមរយៈច្បាប់នេះ រដ្ឋមន្ត្រីសិង្ហបុរី មានសិទ្ធិបញ្ជាឲ្យម្ចាស់ក្រុមហ៊ុនអ៊ីនធ័រនែតឬបណ្តាញសង្គម ធ្វើការព្រមានដល់ម្ចាស់គេហទំព័រ ឬម្ចាស់គណនីបណ្តាញសង្គមណាមួយបាន។ មិនតែប៉ុណ្ណោះ មន្ត្រីរដ្ឋាភិបាលសិង្ហបុរី ក៏អាចបញ្ជាឱ្យ ក្រុមហ៊ុនអ៊ីនធ័រនែត បិទទំព័រនានា នៅក្នុងប្រទេសរបស់ខ្លួនផងដែរ។
គេហទំព័រនយោបាយ States Times Review (STR) នៅគ្រាកន្លងមក ធ្លាប់បានចេញផ្សាយអត្ថបទរិះគន់រដ្ឋាភិបាលជាញឹកញយ និងត្រូវបានចោទប្រកាន់ម្តងហើយម្តងទៀត ថាបានផ្សព្វផ្សាយព័ត៌មានមិនពិត។
រដ្ឋាភិបាល នៅគ្រាកន្លងមក ធ្លាប់បានទាមទារជាផ្លូវការឲ្យ STR កែតម្រូវព័ត៌មានរបស់ខ្លួនដែរ ប៉ុន្តែ STR បានបដិសេធមិនធ្វើតាមការបង្គាប់បញ្ជារបស់រដ្ឋអំណាចសិង្ហបុរីឡើយ។ ដូច្នោះហើយទើបអាជ្ញាធរសិង្ហបុរី នៅសប្តាហ៍នេះ សម្រេចចេញបញ្ជាឱ្យក្រុមហ៊ុនហ្វេសប៊ុកបិទទំព័រនេះចោលតែម្តង។
ពាក់ព័ន្ធរឿងនេះដែរ ខាងក្រុមហ៊ុនហ្វេសប៊ុកបញ្ជាក់ថា ខ្លួនពិតជាបានដកចេញនូវទំព័រនយោបាយរបស់គេហទំព័រព័ត៌មាន (STR) ពិតមែន តាមបទបញ្ជារបស់អាជ្ញាធរសិង្ហបុរី។ ដោយគោរពទៅតាមបទបញ្ជានេះ ហ្វេសប៊ុកថាខ្លួនត្រូវបានបង្ខំ ដោយភាពស្របច្បាប់ នៅក្នុងដែនដីសិង្ហបុរីដែលជារដ្ឋមានបទបញ្ញត្តិតឹងរឹងខ្លាំង។
ក្រៅពីហ្វេសប៊ុក ក្រុមហ៊ុនជាច្រើនទៀតមានដូចជា Google Twitter បូករួមទាំងក្រុមអ្នកការពារសិទ្ធិមនុស្ស បានសំដែងនូវក្តីបារម្ភ ថាច្បាប់នេះ អាចជាឧបករណ៍ប្រើប្រាស់ សម្រាប់រឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសសិង្ហបុរី។
ដោយឡែក រដ្ឋអំណាចសិង្ហបុរី បាននិយាយដោយទទូចថា ច្បាប់នេះ មិនមែនបង្កើតឡើង ដើម្បីត្រួតត្រាសេរីភាពបញ្ចេញមតិរបស់បុគ្គលណា ឬស្ថាប័នណាមួយនោះទេ តែសិង្ហបុរី ត្រូវការច្បាប់នេះជាចាំបាច់ ដើម្បីបញ្ឈប់ការរីករាលដាលនៃការនិយាយភូតកុហក តាមអ៊ីនធ័រនែត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ