ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សំណុំរឿង​០០៣​ជា​អធិករណ៍​ដែល​អាច​រាំងស្ទះ​ដល់​សាលាក្តី​ខ្មែរ​ក្រហម

សំឡេង ០៤:១៩
អង្គជំនុំជម្រះ​នៃ​តុលាការ​ខ្មែរក្រហម
អង្គជំនុំជម្រះ​នៃ​តុលាការ​ខ្មែរក្រហម ©វណ្ណារ៉ា/RFI

ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ មជ្ឈដ្ឋាន​សង្គម​ស៊ីវិល ​និង​នយោបាយ​បាន​ចាប់ផ្តើម​ជជែក​គ្នា​ជា​ថ្មី​ អំពី​សំណុំរឿង​០០៣ ​និង​០០៤ ​ក្នុង​ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម។​ សង្គ្រាម​ពាក្យ​សម្តី​បាន​ផ្ទុះ​ឡើង​ ខណៈ​ដែល​សហ​ព្រះរាជអាជ្ញា​ជាតិ ​និង​អន្តរជាតិ​បាន​បង្ហាញ​ពី​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ស៊ើប​អង្កេត​ទៅលើ​សំណុំ​រឿង​ថ្មី​ ក្រៅ​ពី​សំណុំ​រឿង​០០១ និង​០០២។ ​ក្រោយ​ពេល​ដែល​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​សំណុំរឿង​០០៣ ​សហ​ព្រះរាជអាជ្ញា​កម្ពុជា​បាន​ជំទាស់​យ៉ាង​ដាច់ខាត​ចំពោះ​រឿង​នេះ។ តើ​សំណុំ​រឿង​០០៣​អាច​ទៅ​រួច​ដែរ​ឬ​ទេ? ​តើ​បញ្ហា​០០៣​អាច​បង្ក​ផលវិបាក​បែបណា​ចំពោះ​សាលាក្តី​ខ្មែរក្រហម?

ផ្សាយពាណិជ្ជកម្ម

 

ខណៈ​ដែល​សំណុំ​រឿង​០០២​ត្រូវ​គេ​គ្រោង​នឹង​លើក​យក​មក​បើក​សវនាការ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​ អធិករណ៍​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​ ស្តីពី​សំណុំរឿង​០០៣។ ​នៅ​ពេល​ដែល​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ​លោក​ អាន់ដ្រូ​ ឃេលី​ ( Andrew Carley ) ​បាន​ស្នើ​ទៅ​សហចៅក្រម​ស៊ើបអង្កេត​ ឲ្យ​បើក​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ពេញ​លេញ​ទៅ​លើ​ជន​សង្ស័យ​៥​នាក់​ទៀត​ នៅ​ក្នុង​សំណុំរឿង​០០៣ ​សហ​ព្រះរាជអាជ្ញា​កម្ពុជា ​លោក​ស្រី​ ជា លាង ​បាន​ប្រកាស​បដិសេធ​យ៉ាង​ដាច់​ខាត​ថា ​ជនសង្ស័យ​ទាំង​៥​នាក់​ដែល​លើក​ឡើង​ដោយ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​មិន​ស្ថិត​ក្រោម​យុត្តាធិការ​របស់​សាលាក្តី​ខ្មែរក្រហម​ទេ។

ការ​ខ្វែង​គំនិត​គ្នា​រវាង​ដៃគូ​ក្នុង​សាលាក្តី​នេះ​បាន​បង្ហាញ​ពី​បញ្ហា​ផ្ទៃក្នុង​ដ៏​ចម្រូង​ចម្រាស​សម្រាប់​តុលាការ​ខ្មែរក្រហម។ ​សំឡេង​រិះគន់​បាន​លាន់​លឺ​ឡើង​ពី​មជ្ឈដ្ឋាន​ជាច្រើន។ ​ក្រុម​អ្នក​រិះគន់​បាន​ស្តី​បន្ទោស​សហ​ព្រះរាជអាជ្ញា​ជាតិ​ថា​កំពុង​ទទួល​រង​ឥទ្ធិពល​នយោបាយ​ពី​រដ្ឋាភិបាល​ដើម្បី​រាំងខ្ទប់​មិន​ឲ្យ​មាន​សំណុំរឿង​០០៣​ ឬ​០០៤។

ជាការ​ពិត​ណាស់ ​ឥទ្ធិពល​នយោបាយ​ក្នុង​សាលាក្តី​ខ្មែរក្រហម​មិន​មែន​ជា​រឿង​អាថ៌​កំបាំង​ទេ។ មិន​អាថ៌​កំបាំង​ដោយ​ហេតុ​ថា​ នរណា​ក៏ដឹង​ដែរ​ថា ​សាលាក្តី​កូន​កាត់​មួយ​នេះ​កើត​ចេញ​ពីការ​ចរចា ​និង​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​យ៉ាង​តឹងតែង​រវាង​រដ្ឋាភិបាល​កម្ពុជា ​និង​អង្គការ​សហ​ប្រជា​ជាតិ។ ​គេ​បាន​ប្រើ​ពេល​ជិត​១០​ឆ្នាំ​ទម្រាំ​ឈាន​ដល់​កិច្ចព្រមព្រៀង​គ្នា​បង្កើត​ឲ្យ​មាន​សាលាក្តី​នេះ​ឡើង។ ​គោលការណ៍​សំខាន់​បំផុត​សម្រាប់​សាលាក្តី​ខ្មែរក្រហម​គឺ​ការ​កម្រិត​ក្របខណ្ឌ​នៃ​ការ​កាត់​ទោស​ត្រឹម​មនុស្ស​ពីរ​ជំពូក​គត់​គឺ៖​ «មេដឹកនាំ​កំពូល ​និង​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ពី​ថ្ងៃ​ទី​១៧​មេសា​ឆ្នាំ​១៩៧៥​ដល់​ថ្ងៃ​ទី​៦​មករា​ឆ្នាំ​១៩៧៩»។ ​នេះគឺ​ជា​គន្លឹះ​សម្រាប់​ស្វែង​យល់​ពី​យុត្តាធិការ​នៃ​តុលាការ​ខ្មែរក្រហម។

ឥឡូវ​នេះ ​សាធារណមតិ​ហាក់​បាន​និង​កំពុង​ផ្តោត​អារម្មណ៍​តែ​ទៅ​លើ​ឥទ្ធិពល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​សាលាក្តី​ខ្មែរក្រហម។​ សំណួរ​ដែល​គេ​បាន​លឺ​ជា​ញឹក​ញាប់​បំផុត​ គឺថា ​តើ​ហេតុអ្វី​បាន​ជា​ភាគី​កម្ពុជា​មិន​ចង់​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​មនុស្ស​ផ្សេង​ទៀត​ក្នុង​សំណុំរឿង​០០៣​ ឬ​០០៤​ ក្រៅ​ពី​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំង​៥​នាក់? ​សំណួរ​នេះ​ពិតជា​ត្រឹមត្រូវ​ ប៉ុន្តែ ​គេ​ហាក់​ដូច​ជា​ជាភ្លេច​ចោទ​សួរ​សំណួរ​សំខាន់​មួយ​ទៀត​ នោះ​គឺ​ តើ​ហេតុអ្វី​បាន​បរទេស​ដែល​គាំទ្រ​ខ្មែរ​ក្រហម​ទាំង​ក្នុង​ពេល​កាន់​អំណាច​និង​ក្រោយ​ឆ្នាំ​១៩៧៩ ​ក្នុង​នោះ​ក៏​មាន​អង្គការ​សហ​ប្រជាជាតិ​ដែរ​ មិន​ត្រូវ​បាន​គេ​យក​មក​កាត់​ទោស​ផង?​ សំណួរ​នេះ​អាច​ឲ្យ​យើង​យល់​បាន​ថា ឥទ្ធិពល​នយោបាយ​នៅ​ពីក្រោយ​សាលាក្តី​ខ្មែរក្រហម​ក៏​មាន​ផង​ដែរ​​មក​ពី​ខាង​ភាគី​អន្តរជាតិ។​

ដូច្នេះ ​វាហាក់​ដូច​ជា​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ​ថា ​សំណុំរឿង​ ០០៣​ ឬ​ ០០៤ ពិត​ជា​មិន​អាច​ទៅ​រួច​ឡើយ។ ​មិន​អាច​ទៅ​រួច​ដោយ​ហេតុ​ថា ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​កំណត់​យុត្តាធិការ​ដែល​ខ្លួន​បាន​ព្រមព្រៀង​ជាមួយ​ភាគី​សហប្រជាជាតិ​ដដែល ​ដោយ​ទំនង​ជា​មិន​អនុញ្ញាត​ឲ្យ​ភាគី​ដៃគូ​យក​ប្រៀប​លើ​ខ្លួន​តាម​អំពើ​ចិត្ត​នោះ​ឡើយ។

សរុប​មក​វិញ ​ដោយ​យោង​ទៅ​លើ​ហេតុផល​ដូច​បាន​លើក​ឡើង​ខាង​លើ ​កុំថា​ឡើយ​ដល់​ទៅ​សំណុំ​រឿង​០០៣​ ឬ​០០៤ ​តែ​ក្តី​បារម្ភ​ដែល​មនុស្ស​ជាច្រើន​បាន​មើល​ឃើញ​តាំង​ពី​ដើម​ទី​នោះ​គឺ​ខ្លាច​ក្រែង​តែ​សំណុំ​រឿង​០០២​មិន​អាច​ដំណើរការ​បាន​ចប់​ចុង​ចប់​ដើម​ផង​ក៏​មិន​ដឹង? ​ដូច្នេះ ការ​លើក​យក​សំណុំ​រឿង ​០០៣​ ឬ​០០៤ ​មក​ធ្វើ​ជា​រឿង​សំខាន់​នៅ​ពេល​នេះ​ វា​គ្រាន់​តែ​ជា​រឿង​ស្រមើ​ស្រមៃ​មួយ​ ដែល​នឹង​បន្ថែម​ភាព​ស្មុគស្មាញ​ដល់​ការ​បញ្ចប់​សំណុំ​រឿង​០០២​តែ​ប៉ុណ្ណោះ។

ជា​គំនិត​សម្រាប់​ពិចារណា៖​ ជន​រងគ្រោះ​ប្រហែល​ជា​គ្មាន​ថ្ងៃ​អាច​ស្ងប់​ចិត្ត​បាន​ឡើយ​ប្រសិន​បើ​គេ​ព្យា​យាម​ចោទ​សួរ​ថា ​តើ​យុត្តិធម៌​ពិត​ប្រាកដ​នៅ​ឯ​ណា? ​ប៉ុន្តែ ​គេ​ប្រហែល​ជា​អាច​បង្ខំ​ចិត្ត​បិទ​ទំព័រ​ខ្មៅ​ងងឹត​នេះ​ចោល​បាន​ប្រសិន​បើ​គេ​ព្យាយាម​គិត​ត្រឹម​តែ​ថា ​ការ​កាត់ក្តី​អតីត​មេដឹកនាំ​កំពូលៗ​ខ្មែរក្រហម​ប៉ុន្មាន​នាក់​នេះ​គឺជា​ “និមិត្តរូប​នៃ​យុត្តិធម៌” ​ក្នុង​សំណុំរឿង​ខ្មែរក្រហម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI