រុស្ស៊ី-ចំណាកស្រុក

ពលរដ្ឋ​រុស្ស៊ី​ប្រមាណ​១/៣​ប្រាថ្នា​ចាក​ចេញ​ទៅ​រស់​នៅ​ស្រុក​ក្រៅ​

តួលេខ​នេះ​ជា​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ធ្វើ​ដោយ​អង្គការ​សង្គម​សាស្ត្ររុ​ស្ស៊ី ​Romir តាំងពី​ដើម​ខែ​កញ្ញា​មក។ លទ្ធផល​ដែល​ទើប​ចេញ​ផ្សាយ​ថ្ងៃ​នេះ​ បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​កើន​ឡើង​នៃ​ទំនោរ​និរប្រវេសន៍​របស់​ប្រជាពល​រដ្ឋ​រុស្ស៊ី បើ​ប្រៀប​ទៅ​នឹង​៧​ឆ្នាំ​មុន។

ពលរដ្ឋ​រុស្ស៊ី​ប្រមាណ​១/៣ ប្រាថ្នា​ចាកចេញ​ទៅរស់នៅ​ស្រុកក្រៅ​-នេះ​ជាតួលេខ​នៃលទ្ធផល​ស្ទង់មតិ​របស់​អង្គការសង្គមសាស្រ្ត​រុស៊ីRomir
ពលរដ្ឋ​រុស្ស៊ី​ប្រមាណ​១/៣ ប្រាថ្នា​ចាកចេញ​ទៅរស់នៅ​ស្រុកក្រៅ​-នេះ​ជាតួលេខ​នៃលទ្ធផល​ស្ទង់មតិ​របស់​អង្គការសង្គមសាស្រ្ត​រុស៊ីRomir RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

តាម​ការ​វិភាគ​នៃ​អង្គការ​សង្គមសាស្ត្រ​រុស្ស៊​ Romir បំណង​អ្នកស្រុក​រុស្ស៊ី​ ចាក​ចេញ​ពី​ទឹកដី​កំណើត​ទៅ​រស់​នៅ​តាម​ប្រទេស​ក្រៅ មាន​កម្រិត​កើន​ខ្លាំង​ឡើង​ គឺ​ក្រោយ​ពី​លោក​ពូទីន​បាន​ត្រឡប់​ទៅកាន់មុខ​តំណែង​កំពូល​ជា​ប្រធានាធិបតី​វិញ​កាលពី​ខែ​ឧសភា​ឆ្នាំ​នេះ។

យ៉ាងណាមិញ លទ្ធផល​នៃ​ការ​ស្ទាប​ស្ទង់​ធ្វើ​នៅ​តាម​ក្រុង​នៃ​ប្រទេស​ ដែល​មាន​បណ្តាជន​ចំនួន​ចាប់​ពី ១០០.០០០​នាក់​ឡើង​ទៅ​ស​ឲ្យ​ឃើញ​ថា ៖

ជនជាតិ​រុស្ស៊ី​ដល់​ទៅ​៣១% ឬ​ប្រមាណ​១/៣ ចង់​ចាក​ចេញ​ទៅ​រស់​នៅ​ស្រុក​ក្រៅ។

តួលេខ​នេះ​គឺ​១២​% ច្រើន​ជាង​កាលពី​៧​ឆ្នាំ​មុន​ដែល​កាលណោះ មាន​ត្រឹមតែ​ ១៩%​ប៉ុណ្ណោះ​ឬ​មិន​ដល់​១/៥​ផង។

ទន្ទឹម​នេះ ក្នុង​ចំណោម​អ្នក​ស្រុក​ដែល​ត្រូវ​បាន​ស្ទង់​មតិ មាន​ដល់​ជាង​ពាក់​កណ្តាល​ឬ​៥៥​% មិន​ចង់​ផ្លាស់​ប្តូរ​ទីលំនៅ​ឡើយ។ ទោះ​យ៉ាង​ណាក្តី​ ក៏​តួលេខ​នេះ​នៅ​តែ​ទាប​ជាង​កាលពី​ឆ្នាំ ២០០៥ ដែល​មាន​ដល់​ទៅ​៦៣​% ប្តេជ្ញា​ស្រឡាញ់​ទឹកដី​កំណើត​ខ្លួន​ហើយ​គ្មាន​ចេតនា​ចាក​ចេញ​សោះឡើយ។​

សំដែង​នូវ​បំណង​ញឹកញយ​ជាង​គេ​ចង់​ទៅ​រស់​នៅ​ស្រុក​ក្រៅ គឺ​បុរស​ ដែល​មាន​ចំណេះដឹង​ជាន់​ខ្ពស់​ហើយ​រមែង​ទទួល​ប្រាក់​ចំណូល​យ៉ាង​ច្រើន​ឬ​នៅ​លីវ​ឬ រួម​រស់​ជា​មួយ​នារី​ជា​គូ​ខ្លួន ប៉ុន្តែ​គ្មាន​ចំណង​អាពាហ៍​ពិពាហ៍​ទេ។​ យុវជន​បែប​នេះ ក្នុង​វ័យ​ពី​១៨​ទៅ​២៤​ឆ្នាំ មាន​ចំនួន​ដល់​ទៅ ៤៨%​ឬ​សឹង​ពាក់​កណ្តាល​ចង់​ចាក​ចេញ​ពី​រុស្ស៊ី​ទៅ​រស់​នៅ​បរទេស។

ចំណែក​ប្រទេស​ដែល​គេ​ចង់​ទៅ​រស់​នៅ​នោះ ៖
ជាប់​ចំណាត់​ថ្នាក់​ទី​១ គឺ​អឺរ៉ុប​ខាង​លិច​ដែល​មាន​ជាតិ​រុស្ស៊ី ដល់​៣៧​% ចង់​ធ្វើ ចំណាក​ស្រុក​ទៅ​រស់​នៅ។ កាលពី​៧​ឆ្នាំ​មុន តួលេខ​នេះ មាន​ដល់​ទៅ​៥១​%។​ មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​នេះ គឺ​មក​ពី​តំបន់​អឺរ៉ុប​ខាង​លិច​នោះ ​កំពុង​ឆ្លង​កាត់​វិបត្តិ​ហិរញ្ញវត្ថុ។

ជាប់​លេខ​២​គឺ​ប្រទេស Australie និង Novelle Zelande ដែល​ឥឡូវ មាន​ជាតិ​រុស្ស៊ី ២៣​% ចង់​ទៅ​រស់​នៅ​គឺ​កើន​ឡើង ៤% បើ​ប្រៀប​ទៅ​នឹង​១៩%​ កាល​ពី​៧​ឆ្នាំ​មុន។

ជាប់​លេខ​៣ គឺ ជប៉ុន​និង​បណ្តា​ប្រទេស​អាស៊ី​អគ្នេយ៍​ដែល​មាន​ជាតិ​រុស្ស៊ី​ ចំនួន​២១% ចង់​ទៅ​រស់​នៅ​ឬ​កើន​ឡើង​សឹង​៣​ដង​បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០០៥​ ដែល​មាន​ត្រឹម​៨% ប៉ុណ្ណោះ ដ្បិត​តំបន់​អាស៊ី​អគ្នេយ៍ មាន​សេដ្ឋកិច្ច​កំពុង​លូត​លាស់​យ៉ាង​សកម្ម​ទាក់​ទាញ​ទេសចរ​កាន់តែ​ច្រើន​ឡើងៗ ដោយសារ​ធាតុ​អាកាស​អនុគ្រោះ​និង​តម្លៃ​ធូរ​ស្រាល​នៃ​ជីវភាព​នៅ​ទីនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI