អ៊ុយក្រែន-រុស្ស៊ី

ទាហាន​​អ៊ុយ​​ក្រែ​ន​​ជាង​១០០​នាក់​​ស្ថិត​ក្នុង​​ការ​ឡោម​ព័ទ្ធ​រ​បស់​​ពួក​​ឧទ្ទាម​​ស្និទ្ធ​​​រុស្ស៊ី​​

កង​ទាហាន​អ៊ុយ​ក្រែន​
កង​ទាហាន​អ៊ុយ​ក្រែន​ REUTERS/Valentyn Ogirenko

បទ​​ឈប់​​បាញ់​​នៅ​តែ​​ផុយ​ស្រួយ​​នៅ​​ប្រទេស​​អ៊ុយ​​ក្រែ​ន​ ភាគ​​ខាង​កើត​។​​ ចំណុច​ក្តៅ​​ថ្មី​​មួយ​​នៃ​​ជម្លោះ​ ក្នុង​​តំបន់​​លូ​ហ្គ​ង់​​ស្គ៍​ (Lougansk) ​គឺ​ថា ​ទាហាន​​អ៊ុយ​​ក្រែ​ន​​ប្រហែល​១០០​នាក់ ​បាន​​ជាប់​​ក្នុង​ការ​​ឡោម​ព័ទ្ធ​​របស់​​ពួក​ឧទ្ទាម​​បំបែក​​ទឹក​ដី​។ ​អាជ្ញាធរ​​អ៊ុយ​​ក្រែ​ន​​កំពុងតែ​​មាន​ការ​បារម្ភ​យ៉ាងខ្លាំង អំពី​ជោគវាសនា​របស់​ពួកគេ។

ផ្សាយពាណិជ្ជកម្ម

 

ស្ថានភាព​មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ ត្បិត​ការ​ប្លោង​គ្រាប់កាំភ្លើង​ធំ រារាំង​អ្នកសង្កេតការណ៍ មិន​ឱ្យខិត​ទៅជិត​តំបន់​នោះ ដើម្បី​វាយតម្លៃ​ទំហំ​ខូចខាត។ បើតាម​អាជ្ញាធរ​អ៊ុយ​ក្រែ​ន យុទ្ធជន​ឧទ្ទាម បាន​វាយលុក​ទៅលើ​ទីតាំង​សម្រាប់​ត្រួតពិនិត្យ​របស់​កម្លាំងរ​ដ្ឋា​ភិ​បាល ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ពី​លូ​ហ្គ​ង់​ស្គ៍ (Lougansk) ឆ្ពោះទៅ​ភាគ​ខាងលិច ពោលគឺ​ឆ្ពោះទៅ​ព្រំដែន​រវាង​តំបន់​ពួក​បះបោរ និង​តំបន់​កងទ័ព​រដ្ឋាភិបាល។ ពួក​ឧទ្ទាម​ទំនង​ជាមាន​រថក្រោះ​ប្រហែល២០គ្រឿង និង​រថពាសដែក​ច្រើន​គ្រឿង​ទៀត។  

អភិបាល​តំបន់​លូ​ហ្គ​ង់​ស្គឹះ ដែល​រដ្ឋាភិបាល​ទីក្រុង​កៀវ (Kiev) ចាត់​ឱ្យទៅ​ត្រួត​ទីតាំង​ទាំងនោះ វាយតម្លៃ​ស្ថានការណ៍​ថា​ធ្ងន់ធ្ងរ។ លោក ហ្គ​ង់​ណា​ឌី ម៉ូ​ស្កាល់ (Guennadi Moskal) ថ្លែងថា ទាហាន​បាន​ក្លាយជា​អ្នក​ជាប់ឃុំ។ កាលពី​ថ្ងៃ​អង្គារ យ៉ាងហោចណាស់​យោធា​ម្នាក់​បាន​ស្លាប់ ក្នុងការ​ឡោមព័ទ្ធ​នោះ។

ដោយឡែក បញ្ជាការដ្ឋាន​យោធា​អ៊ុយ​ក្រែ​ន​ប៉ាន់​ថា ទាហាន​ទាំងនោះ​មិនទាន់​ត្រូវបាន​ឡោមព័ទ្ធ​ទាំងស្រុង​នៅឡើយ​ទេ ហើយ​គេ​នៅ​អាច​ទៅ​ជួយ​បាន​ថែម​ទៀតផង។ គេ​ពិពណ៌នា​ស្ថានភាព​ថា​ពិបាក ប៉ុន្តែ​អាច​គ្រប់គ្រង​បាន។

គ្រប់គ្នា​មិនទាន់​ភ្លេច​សមរភូមិ​នៅ​អ៊ី​ឡូ​វ៉ា​អ៊ី​ស្គ៍ (Ilovaïsk)ទេ។ កាលពី​ខែសីហា​កន្លងទៅ នៅ​ទីតាំង​ដែល​ស្ថិត​នៅក្បែរ​តំបន់​លូ​ហ្គ​ង​ស្គឹះ​នេះ កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ជាប់អន្ទាក់ និង​ត្រូវ​ឡោមព័ទ្ធ​ដោយ​ពួក​គាំទ្រ​រុស្ស៊ី៖ កាលណោះ ទាហាន​ច្រើនជាង១០០នាក់​បាន​ពលី​ជីវិត។ ដើម្បី​បញ្ចៀស​ដំណើរ​ដូចគ្នានេះ​កុំឱ្យ​កើត​ទៀត មន្ត្រី​អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ​នៅ​ទ្វីបអឺរ៉ុប ហៅ​កាត់​ថា OSCE បាន​បោះដៃ​ទៅរក​អាជ្ញាធរ​ក្នុង​តំបន់ ដែល​ប្រកាស​ខ្លួនឯង​ថា ជា​សាធារណរដ្ឋ​លូ​ហ្គ​ង់​ស្គឹះ ប៉ុន្តែ​ឥត​បានការ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI