១០០ថ្ងៃនៃការកាន់កាប់តំណែងប្រធានាធិបតីកូរ៉េខាងត្បូងរបស់លោកស្រីប៉ាក់ គុនហេ
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃអង្គារ ទី៤ ខែមិថុនានេះ ជាខួបគម្រប់ ១០០ថ្ងៃគត់នៃការឡើងកាន់តំណែងប្រធានាធិបតីកូរ៉េខាងត្បូងរបស់លោកស្រី ប៉ាក់ គុនហេ។ មានបញ្ហាជាតិ និងអន្តរជាតិជាច្រើនដែលលោកស្រីប៉ាក់ គុនហេបានប្រឈមនៅក្នុងរយៈពេល ១០០ថ្ងៃកន្លងទៅ ពិសេសគឺការប្រទូសរ៉ាយជាមួយកូរ៉េខាងជើង។
លោកស្រីប៉ាក់ គុនហេត្រូវកាន់តំណែងប្រធានាធិបតីកូរ៉េខាងត្បូងរយៈពេល ៥ឆ្នំា។ គិតត្រឹមថ្ងៃអង្គារ ទី៤ មិថុនានេះ គឺមានរយៈពេល ១០០ថ្ងៃគត់ដែលលោកស្រីបានកាន់តំណែងកំពូលមួយនេះ។ ដូច្នេះ ១០០ថ្ងៃ ពិតជាមិនច្រើន ហើយក៏ពិតជាមិនអាចសម្រេចអ្វី បានជាដុំកំភួនដែរ។ ម្យ៉ាងទៀត គ្រាន់តែបានចូលកាន់តំណែងជាផ្លូវការភ្លាម លោកស្រីបានពើបប្រទះនឹងវិបត្តិផ្ទៃក្នុងមួយចំនួន ដោយចាប់ផ្តើមពីវិបត្តិគ្មានរដ្ឋាភិបាលអស់ជាច្រើនសប្តាហ៍ និងពិសេសទៅទៀតនោះ គឺលោកស្រីបានទទួលការរិះគន់ ទិតៀនខ្លំាង ពីកង្វះទំនាក់ទំនងជាមួយសាធារណៈជន និងអំពីជម្រើសរដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តីសម្រាប់រដ្ឋាភិបាលថ្មី។
សូមបញ្ជាក់ថា មានរដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តីចំនួន ១១រូបបានសុំដកខ្លួនចេញវិញ ក្រោយពីមានការសួដេញដោលយ៉ាងខ្លំាង នៅក្នុងរដ្ឋសភា។ ម្យ៉ាងទៀត នៅក្នុងជម្រើសរដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តីមិនបានសម្រេចនោះ លោកស្រីមិនធ្វើការសុំទោសដោយផ្ទាល់ខ្លួនទេ តែបែរជាឲ្យអ្នកនំាពាក្យរបស់លោកស្រី ធ្វើការសុំទោសជំនួសទៅវិញ។ បន្ទាប់មក គឺរូបលោកអ្នកនំាពាក្យរបស់លោកស្រីនោះឯង ដែលបានជាប់ចោទពីបទចែចង់ផ្លូវភេទលើស្រីម្នាក់ដែលធ្វើកម្មសិក្សានៅក្នុងស្ថានទូតកូរ៉េខាងត្បូង ប្រចំាទីក្រុងវាស៊ីតោន។ រឿងរ៉ាវនេះបានកើតមាន នាឱកាសដំណើរទស្សនកិច្ចរបស់លោកស្រីប៉ាក់ គុនហេនៅសហរដ្ឋអាមេរិក។ ភ្លាមៗ អ្នកនំាពាក្យរូបនោះ ក៏ត្រូវបានដកចេញពីតួនាទី។
ជាការពិតណាស់ ថ្លែងនៅពេលទទួលបានតំណែងភ្លាម លោកស្រីប៉ាក់ គុនហេបានសន្យាច្រើនណាស់ ចំពោះប្រទេស និងប្រជាជនកូរ៉េខាងត្បូង រួមមាន ស្ថាបនាសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីឦសាន ធ្វើឲ្យប្រសើរនូវប្រព័ន្ធការពារសង្គម និងកាត់បន្ថយវិសមភាព នៅក្នុងសង្គម។ ប៉ុន្តែ ១០០ថ្ងៃក្រោយមក ប្រជាជនកូរ៉េខាងត្បូងគ្រប់រូបបាន និងកំពុងបន្តរងចំាលទ្ធផលជាក់ស្តែង ពីលោកស្រីប៉ាក់ គុនហេ។ យ៉ាងណាក៏ដោយ គេក៏នៅមិនទាន់អាចស្តីបន្ទោសលោកស្រីបានទេ ព្រោះថាក្នុងពេលជាមួយគ្នានេះ លោកស្រីក៏កំពុងប្រឈមមុខខ្លំាងនឹងការបង្ករឿងពីសំណាក់កូរ៉េខាងជើង។
១០០ថ្ងៃនៃការកាន់តំណែងរបស់លោកស្រីប៉ាក់ គុនហេបានគ្របដណ្តប់ដោយបញ្ហាកូរ៉េខាងជើង
រយៈពេល ១០០ថ្ងៃនៃការកាន់តំណែងប្រធានាធិបតីកូរ៉េខាងត្បូងរបស់លោកស្រីប៉ាក់ គុនហេត្រូវបានគ្របដណ្តប់សឹងតែទំាងស្រុង ដោយភាពតានតឹងជាមួយកូរ៉េខាងជើង។ ត្រង់ចំណុចនេះ គេអាចនិយាយបានថា ទោះបីជានៅក្នុងជំនាន់ប្រធានាធិបតីកូរ៉េខាងត្បូងរូបណា ក៏ដោយ ក៏វិបត្តិជាមួយកូរ៉េខាងជើងត្រូវបានគេចាត់ទុក ជាវិបត្តិយ៉ាងប្រឈម និងរុំារ៉ៃមួយ នៅក្នុងឧបទ្វីបកូរ៉េ តំាងពីក្រោយសង្រ្គាមកូរ៉េឆ្នំា ១៩៥០-១៩៥៣។ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងកាលពីរដូវរងារឆ្នំា ២០១២ បញ្ហាជាមួយកូរ៉េខាងជើងមិនត្រូវបានប្រជាជនកូរ៉េខាងត្បូងចាត់ទុកជាប្រធានបទអាទិភាពទេ។ តែនៅចន្លោះពីថ្ងៃបញ្ចប់ការបោះឆ្នោត នាដំណាច់ខែធ្នូ ឆ្នំា ២០១២ និងថ្ងៃឡើងកាន់តំណែងរបស់លោកស្រីប៉ាក់ គុនហេ ទី២៥ កុម្ភៈ ឆ្នំា ២០១៣ របបក្រុងព្យុងយ៉ាងបានទទួលស្វាគមន៍លោកស្រីប៉ាក់ គុនហេ ដោយបានធ្វើការសាកល្បងនុយក្លេអ៊ែរជាលើកទី ៣។
កាលណោះ កូរ៉េខាងជើងក៏បានទទួលទ័ណ្ឌកម្មថ្មី ពីសហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ចំណែកអាមេរិក និងកូរ៉េខាងត្បូងក៏បានបើកធ្វើសមយុទ្ធប្រចំាឆ្នំារបស់ខ្លួន។ គឺចាប់ពីពេលនោះឯង ដែលសហគមន៍អន្តរជាតិបានចាប់ផ្តើមព្យាយាមស្ទាបស្ទង់មើល ពីជំហររបស់លោកស្រីប៉ាក់ គុនហេ ដែលទើបចូលកាន់តំណែងថ្មីថ្មោង ក៏ដូចជាលោកប្រមុខដឹកនំាកូរ៉េខាងជើងក្មេងខ្ចី គីម ជុនអ៊ុន។ គេអាចនិយាយបានថា វិបត្តិរវាងបងប្អូនបង្កើតគូសត្រូវទំាងពីរក្នុងជំនាន់លោកស្រីប៉ាក់ គុនហេ និងលោកគឹម ជុនអ៊ុន គឺមានលក្ខណៈធ្ងន់ធ្ងរខ្លំាង រហូតធ្វើឲ្យក្រុមប្រទេសលោកខាងលិចបារម្ភពីការផ្ទុះសង្រ្គាមទៀតផង។ របបក្រុងព្យុងយ៉ាងបានគំរាមពីការចង់វាយប្រហារនុយក្លេអ៊ែរលើអាមេរិក និងជប៉ុន។ បន្ទាប់មក របបក្រុងព្យុងយ៉ាងក៏បានបិទច្រកតំបន់សេដ្ឋកិច្ចពិសេស Kaesong ដែលជាកិច្ចសហប្រតិបត្តិការរវាងកូរ៉េទំាងពីរ។
តែនៅទីបំផុត លោកស្រីប៉ាក់ គុនហេ ចេះដោះស្រាយបញ្ហាបានល្អណាស់ ដោយបានប្រើធម៌ក្តៅផង និងធម៌ត្រជាក់ផងចំពោះថ្នាក់ដឹកនំាកូរ៉េខាងជើង។ គឺដំណោះស្រាយតាមផ្លូវទំាងពីរជាមួយកូរ៉េខាងជើងនេះឯង ដែលបានធ្វើឲ្យប្រជាប្រិយភាពរបស់លោកស្រីកើនឡើងជាលំដាប់។ គិតត្រឹមថ្ងៃទី ១៤ មេសា លោកស្រីប៉ាក់ គុនហេបានទទួលការគំាទ្រពីប្រជាជនកូរ៉េខាងត្បូងជាង ៦២%។ ដូច្នេះឃើញថា គឺភាពតានតឹងជាមួយកូរ៉េខាងជើងពេលនេះឯង ដែលបានជួយលើកស្ទួយប្រជាប្រិយភាពរបស់លោកស្រីប៉ាក់ គុនហេ។ តែនៅពេលណាដែលវិបត្តិរវាងកូរ៉េចុះថយមកវិញ លោកស្រី គ្មានជម្រើសអ្វី ក្រៅពីផ្តើមគិតគូរលើបញ្ហាជីវភាពរស់នៅប្រចំាថ្ងៃរបស់ប្រជាជន ពិសេសផ្តល់សន្ទុះកំណើនសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ និងកាត់បន្ថយវិសមភាពនៅក្នុងសង្គមបច្ចុប្បន្ន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ