ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

១០០ថ្ងៃ​នៃ​ការ​កាន់កាប់​តំណែង​ប្រធានាធិបតី​កូរ៉េខាងត្បូង​របស់​លោកស្រី​ប៉ាក់ គុនហេ

សំឡេង ០៥:២៦
លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់ គុនហេ
លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់ គុនហេ REUTERS/Lee Jae-Won

ថ្ងៃ​អង្គារ ទី៤ ខែ​មិថុនា​នេះ ជា​ខួប​គម្រប់ ១០០ថ្ងៃ​គត់​នៃ​ការ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​កូរ៉េខាងត្បូង​របស់​លោកស្រី ប៉ាក់ គុនហេ។ មាន​បញ្ហាជាតិ និង​អន្តរជាតិ​ជាច្រើន​ដែល​លោកស្រី​ប៉ាក់ គុនហេ​បាន​ប្រឈម​នៅ​ក្នុង​រយៈ​ពេល ១០០ថ្ងៃ​កន្លង​ទៅ ពិសេស​គឺ​ការ​ប្រទូសរ៉ាយ​ជាមួយ​កូរ៉េខាងជើង។

ផ្សាយពាណិជ្ជកម្ម

លោកស្រីប៉ាក់ គុនហេ​ត្រូវ​កាន់​តំណែង​ប្រធានាធិបតី​កូរ៉េខាងត្បូង​រយៈ​ពេល ៥ឆ្នំា។ គិតត្រឹម​ថ្ងៃ​អង្គារ ទី៤ មិថុនា​នេះ គឺ​មាន​រយៈពេល ១០០ថ្ងៃ​គត់​ដែល​លោកស្រី​បាន​កាន់​តំណែង​កំពូល​មួយ​​នេះ។ ដូច្នេះ ១០០ថ្ងៃ ពិត​ជា​មិន​ច្រើន ហើយ​ក៏​ពិត​ជា​មិន​អាច​សម្រេច​អ្វី បាន​ជា​ដុំកំភួន​ដែរ។ ម្យ៉ាង​ទៀត​ គ្រាន់​តែ​បាន​ចូល​កាន់​តំណែង​ជា​ផ្លូវការ​ភ្លាម លោកស្រី​បាន​ពើបប្រទះ​នឹង​វិបត្តិ​ផ្ទៃក្នុង​មួយ​ចំនួន ដោយ​ចាប់ផ្តើម​ពី​វិបត្តិ​គ្មាន​រដ្ឋាភិបាល​អស់​ជា​ច្រើន​សប្តាហ៍ និង​ពិសេស​ទៅ​ទៀត​នោះ គឺ​លោកស្រី​បាន​ទទួល​ការរិះគន់ ទិតៀន​ខ្លំាង ពី​កង្វះ​ទំនាក់ទំនង​ជាមួយ​សាធារណៈជន និង​អំពី​ជម្រើស​រដ្ឋមន្រ្តី និង​អនុរដ្ឋមន្រ្តី​សម្រាប់​រដ្ឋាភិបាល​ថ្មី។

សូម​បញ្ជាក់​ថា មាន​រដ្ឋមន្រ្តី និង​អនុរដ្ឋមន្រ្តី​ចំនួន ១១រូប​បាន​សុំ​ដកខ្លួន​ចេញ​វិញ ក្រោយ​ពី​មាន​ការ​សួដេញដោល​យ៉ាង​ខ្លំាង នៅ​ក្នុង​រដ្ឋសភា។ ម្យ៉ាង​ទៀត នៅ​ក្នុង​ជម្រើស​រដ្ឋមន្រ្តី និង​អនុរដ្ឋមន្រ្តី​មិន​បាន​សម្រេច​​នោះ លោកស្រី​មិន​ធ្វើ​ការ​សុំទោស​ដោយ​ផ្ទាល់ខ្លួន​ទេ តែ​បែរ​ជា​ឲ្យ​អ្នកនំាពាក្យ​របស់​លោកស្រី ធ្វើ​ការ​សុំទោស​ជំនួស​ទៅ​វិញ។ បន្ទាប់​មក គឺ​រូប​លោក​អ្នកនំាពាក្យ​របស់​លោកស្រី​នោះ​ឯង ដែល​បាន​ជាប់​​ចោទ​ពី​បទចែចង់​ផ្លូវភេទ​លើ​ស្រីម្នាក់​ដែល​ធ្វើ​កម្មសិក្សា​នៅ​ក្នុង​ស្ថានទូត​កូរ៉េខាងត្បូង ប្រចំា​ទីក្រុង​វាស៊ីតោន។ រឿងរ៉ាវ​នេះ​បាន​កើត​មាន​ នា​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ប៉ាក់ គុនហេ​នៅ​សហរដ្ឋអាមេរិក។ ភ្លាមៗ អ្នកនំាពាក្យ​រូប​នោះ ក៏​ត្រូវ​បាន​ដកចេញ​ពី​តួនាទី។

ជា​ការ​ពិត​ណាស់ ថ្លែង​នៅ​ពេល​ទទួល​បាន​តំណែង​ភ្លាម លោកស្រី​ប៉ាក់ គុនហេ​បាន​សន្យា​ច្រើន​ណាស់ ចំពោះ​ប្រទេស​ និង​ប្រជាជន​កូរ៉េខាងត្បូង រួមមាន ស្ថាបនាសន្តិភាព និង​បង្កើន​កិច្ចសហប្រតិបត្តិការនៅ​ក្នុង​តំបន់​អាស៊ីឦសាន ធ្វើ​ឲ្យ​ប្រសើរ​នូវ​ប្រព័ន្ធ​ការពារ​សង្គម និង​កាត់បន្ថយ​វិសមភាព នៅ​ក្នុង​សង្គម។ ប៉ុន្តែ​ ១០០ថ្ងៃ​ក្រោយ​មក ប្រជាជន​កូរ៉េខាងត្បូង​គ្រប់​រូប​បាន និង​កំពុងបន្ត​រងចំា​លទ្ធផល​ជាក់​ស្តែង ពី​លោក​ស្រី​ប៉ាក់ គុនហេ។ យ៉ាង​ណា​ក៏​ដោយ គេ​ក៏​នៅ​មិន​ទាន់​​អាច​ស្តី​បន្ទោស​​លោកស្រី​បាន​ទេ ព្រោះ​ថា​ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោកស្រី​ក៏​កំពុង​​ប្រឈមមុខ​ខ្លំាង​នឹង​ការ​បង្ក​រឿង​ពី​សំណាក់​​កូរ៉េខាងជើង។

១០០ថ្ងៃ​នៃ​ការ​កាន់​តំណែង​របស់​លោកស្រី​ប៉ាក់ គុនហេ​បាន​គ្របដណ្តប់​ដោយ​បញ្ហា​កូរ៉េខាងជើង

រយៈពេល ១០០ថ្ងៃ​នៃ​ការ​កាន់​តំណែង​ប្រធានាធិបតី​កូរ៉េខាងត្បូង​របស់​លោកស្រីប៉ាក់ គុនហេ​ត្រូវ​បាន​គ្រប​ដណ្តប់​សឹង​តែ​ទំាងស្រុង ដោយ​ភាព​តានតឹង​ជាមួយ​កូរ៉េខាងជើង។ ត្រង់​ចំណុច​នេះ គេ​អាច​និយាយ​​បាន​ថា ទោះបី​ជា​នៅ​ក្នុង​ជំនាន់​ប្រធានាធិបតី​កូរ៉េខាងត្បូង​រូប​ណា ក៏​ដោយ ក៏​វិបត្តិ​ជាមួយ​កូរ៉េខាងជើង​ត្រូវ​បាន​គេ​ចាត់ទុក ជា​វិបត្តិ​យ៉ាង​ប្រឈម​ និង​រុំារ៉ៃមួយ នៅ​ក្នុង​ឧបទ្វីប​កូរ៉េ តំាង​ពី​ក្រោយ​សង្រ្គាម​កូរ៉េ​ឆ្នំា ១៩៥០-១៩៥៣។ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​កូរ៉េខាងត្បូង​កាល​ពី​រដូវរងារ​ឆ្នំា ២០១២ បញ្ហា​ជាមួយ​កូរ៉េខាងជើង​មិន​ត្រូវ​បាន​ប្រជាជន​កូរ៉េខាងត្បូង​ចាត់ទុក​ជា​ប្រធានបទ​អាទិភាព​ទេ។ តែ​នៅ​ចន្លោះ​ពី​ថ្ងៃ​បញ្ចប់​ការបោះឆ្នោត នា​ដំណាច់​ខែ​ធ្នូ ឆ្នំា ២០១២ និង​ថ្ងៃ​ឡើង​កាន់​តំណែង​របស់​លោកស្រីប៉ាក់ គុនហេ ទី២៥ កុម្ភៈ ឆ្នំា ២០១៣ របប​ក្រុង​ព្យុងយ៉ាង​បាន​ទទួល​ស្វាគមន៍​លោកស្រីប៉ាក់ គុនហេ ដោយ​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ជាលើក​ទី ៣។

កាល​ណោះ កូរ៉េខាងជើង​ក៏​បាន​ទទួល​ទ័ណ្ឌកម្ម​ថ្មី ពី​សហគមន៍​អន្តរជាតិ និង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ​ចំណែក​អាមេរិក និង​កូរ៉េខាងត្បូង​ក៏​បាន​បើក​ធ្វើ​សមយុទ្ធ​ប្រចំា​ឆ្នំា​របស់​ខ្លួន។ គឺ​ចាប់​ពី​ពេល​នោះ​ឯង ដែល​សហគមន៍​អន្តរជាតិ​បាន​ចាប់​ផ្តើម​ព្យាយាម​ស្ទាបស្ទង់​មើល​ ពី​ជំហរ​របស់​លោកស្រី​ប៉ាក់ គុនហេ ដែល​ទើប​ចូល​កាន់​តំណែង​ថ្មីថ្មោង ក៏​ដូច​ជា​លោក​ប្រមុខ​ដឹកនំា​កូរ៉េខាងជើង​ក្មេងខ្ចី គីម ជុនអ៊ុន។ គេ​អាច​និយាយ​បាន​ថា វិបត្តិ​រវាង​បងប្អូនបង្កើត​គូសត្រូវ​ទំាង​ពីរ​ក្នុង​ជំនាន់​លោកស្រីប៉ាក់ គុនហេ និង​លោក​គឹម ជុន​អ៊ុន គឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លំាង រហូត​ធ្វើ​ឲ្យ​ក្រុមប្រទេស​លោកខាងលិច​បារម្ភ​ពី​ការ​ផ្ទុះ​សង្រ្គាម​ទៀត​ផង។ របប​ក្រុង​​ព្យុងយ៉ាង​បាន​គំរាម​ពី​ការ​ចង់​វាយប្រហារ​នុយក្លេអ៊ែរ​លើ​អាមេរិក​ និង​ជប៉ុន។ បន្ទាប់​មក របប​ក្រុង​ព្យុងយ៉ាង​ក៏​បាន​បិទ​ច្រក​តំបន់​សេដ្ឋកិច្ចពិសេស Kaesong ដែល​ជា​កិច្ចសហប្រតិបត្តិការ​រវាង​កូរ៉េ​ទំាងពីរ។

តែ​នៅ​ទីបំផុត លោកស្រី​ប៉ាក់ គុន​ហេ​​ ចេះ​ដោះស្រាយ​បញ្ហា​បាន​ល្អ​ណាស់ ដោយ​បាន​ប្រើ​ធម៌ក្តៅផង និង​ធម៌ត្រជាក់​ផង​ចំពោះ​ថ្នាក់ដឹកនំា​កូរ៉េខាងជើង។ គឺ​ដំណោះស្រាយ​តាមផ្លូវ​ទំាងពីរ​ជាមួយ​កូរ៉េខាងជើង​នេះ​ឯង ដែល​បាន​ធ្វើ​ឲ្យ​ប្រជាប្រិយ​ភាព​របស់​លោកស្រី​កើន​ឡើង​ជា​លំដាប់។ គិត​ត្រឹម​ថ្ងៃ​ទី ១៤ មេសា លោកស្រី​ប៉ាក់ គុនហេ​បាន​ទទួល​ការ​គំាទ្រ​ពី​ប្រជាជន​កូរ៉េខាងត្បូង​ជាង ៦២%។ ដូច្នេះ​ឃើញ​ថា គឺ​ភាព​តានតឹង​ជាមួយ​កូរ៉េខាង​ជើង​ពេល​នេះ​ឯង ដែល​បាន​ជួយ​លើកស្ទួយ​ប្រជាប្រិយភាព​របស់​លោកស្រី​ប៉ាក់ គុនហេ។ តែ​នៅ​ពេលណា​ដែល​វិបត្តិ​រវាង​កូរ៉េ​ចុះ​ថយ​មក​វិញ លោកស្រី គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ផ្តើម​គិតគូរ​លើ​​បញ្ហា​ជីវភាព​រស់នៅ​ប្រចំា​ថ្ងៃ​របស់​ប្រជាជន ពិសេស​ផ្តល់សន្ទុះ​កំណើន​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ចុះ និង​កាត់​បន្ថយ​វិសមភាព​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI