សារព័ត៌មាន

អ្នកសារព័ត៌មាន​១០៦នាក់​បាន​ស្លាប់​ក្នុង​ពេល​បំពេញ​ការងារ​ក្នុង​ឆ្នាំ​២០១១

បាតុកម្ម​របស់​ក្រុម​អ្នក​កាសែត​នៅ​ប្រទេស​ហ្សកហ្ស៊ី កាលពីថ្ងៃ​ទី២០ ធ្នូ ២០១១
បាតុកម្ម​របស់​ក្រុម​អ្នក​កាសែត​នៅ​ប្រទេស​ហ្សកហ្ស៊ី កាលពីថ្ងៃ​ទី២០ ធ្នូ ២០១១ REUTERS/David Mdzinarishvili

អ្នក​កាសែត​ជាង​១០០​នាក់​បាន​ស្លាប់​ក្នុង​ឆ្នាំ​២០១១​នេះ នៅ​ក្នុង​ពិភពលោក។ នេះ​ជា​ការ​អះអាង​របស់​Press Emblem Campaign អង្គការ​ស្វីស​មួយ​ដែល​ការពារ​អ្នក​សារព័ត៌មាន។ យោង​ទៅ​តាម​របាយការណ៍​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ នៅ​ក្នុង​ឆ្នាំ​២០១១​ដែល​ជិត​កន្លង​ផុត​ទៅ​នេះ ប្រទេស​ម៉ិកស៊ិក​និង​ពិភពអារ៉ាប់ ជាទី​កន្លែង​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នក​កាសែត។

ផ្សាយពាណិជ្ជកម្ម

១០៦​នាក់ នេះ​គឺ​ជា​ចំនួន​អ្នក​សារព័ត៌មាន​ដែល​បាន​ស្លាប់​ក្នុង​ឆ្នាំ​២០១១​នេះ នៅ​ទូទាំង​ពិភពលោក។ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ទៅ​មិញ​២០១០​ដែល​កាល​ណោះ មាន​អ្នក​កាសែត​ស្លាប់​អស់​១០៥​នាក់ តួលេខ​អត់​ថយ​ចុះ​ឡើយ។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស្វីស​ឈ្មោះ​Press Emblem Campaign ចេញ​ផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​២០​ធ្នូ​ម្សិលមិញ។

អង្គការ​ដដែល​នេះ​លាត​ត្រដាង​ថា ពេញ​មួយ​ឆ្នាំ​២០១១​ដែល​ជិត​កន្លង​ផុត​ទៅ​នេះ អ្នក​កាសែត​យ៉ាង​តិច​២០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ពិភព​អារ៉ាប់ ដោយហេតុតែ​បដិវត្តន៍​នៅ​អេហ្ស៊ីប លីប៊ី ស៊ីរី ទុយនីស៊ី និង​យេម៉ែន ជាទី​ដែល​បុគ្គលិក​នៃ​មធ្យោបាយ​ឃោសនា​មហាជន​ជាង​១០០​នាក់​ផ្សេង​ទៀត​បាន​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ។

ក៏​ប៉ុន្តែ សម្រាប់​Press Emblem Campaign គឺ​នៅ​ប្រទេស​ម៉ិកស៊ិក​ទៅ​វិញ​ទេ ដែល​មាន​អ្នក​កាសែត​ស្លាប់​ច្រើន​ជាង​គេ គឺ​ចំនួន​១២​នាក់​ពី​ខែ​មករា​រហូត​ដល់​ខែ​ធ្នូ​ឆ្នាំ​២០១១​នេះ។ មូលហេតុ គឺ​មក​អំពី​សង្គ្រាម​រ៉ាំរ៉ៃ​រវាង​កងទ័ព​ម៉ិកស៊ិក​និង​ក្រុម​ទុច្ចរិត​អ្នក​រត់ពន្ធ​គ្រឿង​ញៀន​នៅ​ប៉ែក​ខាង​ជើង​នៃ​ប្រទេស។ បន្ទាប់​មក​ទៀត​គឺ​ប្រទេស​ប៉ាគីស្ថាន ជា​ទី​ដែល​មាន​អ្នក​កាសែត​១១​នាក់​ស្លាប់ ជា​ពិសេស​នៅ​ក្នុង​តំបន់​កុលសម្ព័ន្ធ​ជាប់​នឹង​ទល់​ដែន​ប្រទេស​អាហ្វហ្កានីស្ថាន។
 

បន្ថែម​ពី​នេះ របាយការណ៍​របស់​Press Emblem Campaign អះអាង​ថា ចំនួន​២​ភាគ​៣​នៃ​អ្នកកាសែត​បាន​ស្លាប់ សុទ្ធ​តែ​ត្រូវ​បាន​បាញ់​ប្រហារ​ត្រង់ៗ។ រី​ឯ​១​ភាគ​៣​ទៀត សុទ្ធ​តែ​បាន​ស្លាប់​ដោយ​ចៃដន្យ​និង​ដោយ​គ្រោះថ្នាក់ នៅ​ពេល​ដែល​ពួក​អ្នក​សារព័ត៌មាន​ទាំង​នោះ​កំពុង​បំពេញ​ការងារ​នៅ​ទី​កន្លែង​កើត​ហេតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI