រុស្ស៊ី

ខួប​១០​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុមហ៊ុន​រដ្ឋ​លក់​អាវុធ​ទៅ​បរទេស

ស្លាក​សញ្ញា ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី rosoboronexport
ស្លាក​សញ្ញា ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី rosoboronexport © wikipedia

ក្នុង១០ឆ្នាំ​ចុងក្រោយ​ រុស្ស៊ី​ បង្កើន​ការ​លក់​​អាវុធ​ខ្លួន​ទៅបរទេស​ ​បាន​២​ដង​កន្លះ។ សេចក្តី​នេះ ថ្លែង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី Vladimir Poutine ក្នុង​ឱកាស​ខួប​គំរប់​១០​ឆ្នាំ ​នៃ​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​ខាង​លក់​អាវុធ​ទៅ​ក្រៅ ដែល​ពាក្យ​បំព្រួញ​របស់​វា​ជា​ភាសា​រុស្ស៊ី​ថា “RosOboronExport”។ តាម​ប្រសាសន៍​លោក Poutine កើន​ឡើង​គឺ​ទាំង​ចំនួន​ប្រទេស ដែល​និយម​ទិញ​អាវុធ​ពី​រុស្ស៊ី ដែល​សព្វថ្ងៃ មាន​ដល់​៨៥​ប្រទេស​ទៅ​ហើយ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

ពាក្យ​បំព្រួញ RosOboronExport បើ​សម្រាយ​ទៅ គឺ​មាន​ន័យ​ថា ​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​ដែល​នាំ​ចេញ​នូវ​អ្វីៗ​សំរាប់​​វិស័យ​ការពារ​ប្រទេស។ ថ្លែង​អបអរ​សាទរ​ចំពោះ​ខួប​១០​ឆ្នាំ​នៃ​ក្រុមហ៊ុន​នេះ លោក Vladimir Poutine ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី ដែល​ស្រប​នឹង​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​ទទួល​បន្ទុក​ខាង​មុខ​ព្រួញ​សេដ្ឋកិច្ច ​បាន​លើក​ឡើង​ដោយ​ក្តី​សោមនស្ស​ថា បើ​គិត​ពី​ឆ្នាំ​២០០០​មក ឆ្នាំ​កំណើត​របស់​ខ្លួន​ ​ក្រុមហ៊ុន​ចេះ​លក់​សព្វាវុធ​បាន​ទឹក​ប្រាក់​ដល់​៦០.០០០​លាន​ដុល្លារ​អាមេរិក ឬ​កើន​ទំហំ​បាន​២​ដង​កន្លះ។ គិត​ជា​មធ្យម ក្នុង​មួយ​ឆ្នាំៗ កើន​បាន​ ៥០០-៧០០​លាន​ដុល្លារ។

ដោយ​ស្រដី​អំពី​សភាពការណ៍​បច្ចុប្បន្ន លោក Poutine ​កត់​សំគាល់​ថា ឥឡូវ​ក្នុង​”កញ្ចប់​កូម៉ង់” ​ដោយ​ប្រទេស​ក្រៅ​ដើម្បី​ទិញ​អាវុធ​ពី​ក្រុមហ៊ុន​រុស្ស៊ី​នេះ គឺ​មាន​ទឹក​ប្រាក់​ជាង ៣០.០០០​លាន​ដុល្លារ​ឯណោះ​ សំអាង​ដោយ​កុងត្រា និង​កិច្ច​ព្រមព្រៀង​ដែល​មាន​ចុះ។

លោក Poutine ក៏​គូស​បញ្ជាក់​ថា ការងារ​បំពេញ​ដោយ​ក្រុមហ៊ុន RosOboronExport និង សហព័ន្ធ​រុស្ស៊ី​ផ្ទាល់ ក្នុង​វិស័យ​សហប្រតិបត្តិការ​យោធា-​បច្ចេកទេស គឺ​ឆ្លើយ​ស្រប​ទាំង​ស្រុង នឹង​ច្បាប់​អន្តរជាតិ ព្រម​ទាំង​ឈរ​លើ​ការ​គោរព​តាម​​របប​ដែល​ហាម​មិន​ឲ្យ​សាយ​ភាយ​អាវុធ។ ពេល​សំរេច​ចិត្ត​លក់​អាវុធ​ខ្លួន​ទៅ​ប្រទេស​នេះ​ឬ​នោះ រុស្ស៊ី​តែង​គន់​គិត​អំពី​រាល់​តែ​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង ព្រម​ទាំង​គន់​គិត​អំពី​ជញ្ជីង​កម្លាំង​ដែល​សណ្ឋិត​នៅ​ត្រង់​តំបន់​ដែល​រុស្ស៊ី​បញ្ជូន​អាវុធ​ខ្លួន​ទៅ។ តាម​ដែល​លោក Poutine អះអាង ៖ រុស្ស៊ី​មិន​ដែល​ឈាន​ជំហាន​ណា ដែល​អាច​នាំ​ឲ្យ​ខូច​ដល់​​ជញ្ជីង​កម្លាំង​នោះ​ឡើយ។

ទាក់ទង​នឹង​រឿង​នេះ គួរ​និយាយ​ថា ដោយ​បំពេញ​តាម​សេចក្តី​សម្រេច​ចេញ​ដោយ ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. ដាក់​ទណ្ឌកម្ម​ទល់​នឹង​អៀរ៉ង់ ទីក្រុង​ម៉ូស្គូ​ប្រកែក​ពុំ​ព្រម​លក់​ទៅ​ឲ្យ​ប្រទេស​នេះ​ទេ នូវ​ប្រព័ន្ធ​មីស្ស៊ីល​ការពារ​ដែន​អាកាស ធុន S-300 ចំនួន​៥​ប្រព័ន្ធ ក្នុង​តម្លៃ ៨០០​លាន​ដុល្លារ ទោះបី​កុងត្រា​ស្តី​អំពី​រឿង​នេះ​មាន​ចុះ​តាំង​ពី​ឆ្នាំ ២០០៧​ម្ល៉េះ ហេតុ​ដែល​ធ្វើ​ឲ្យ​ប្រធានាធិបតី​អៀរ៉ង់ ចោទ​រុស្ស៊ី​ថា​បណ្តោយ​ឲ្យ​ពួក​បិសាច ពោល​គឺ​បស្ចិមលោក ទិញ​ទឹកចិត្ត​បាន។

អតិថិជន​ដ៏​ធំ​បំផុត ដែល​ទិញ​អាវុធ​រុស្ស៊ី តាំងពី​ជំនាន់​សហភាព​សូវៀត​មក គឺ​ចិន​ដីគោក និង​ឥណ្ឌា ព្រមទាំង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ បឋម​មុន​គេ​គឺ វៀតណាម និង​ឥណ្ឌូនេស៊ី។ រួច​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ តែង​ទិញ​អាវុធ​យ៉ាង​សកម្ម​ពី​រុស្ស៊ី គឺ បណ្តា​ប្រទេស​ទ្វីប​អាមេរិក​ឡាទីន បែប​យ៉ាង វេនេហ្ស៊ុយអេឡា ម៉ិចស៊ិក កូឡុំប៊ី ប្រេស៊ីល។ បើ​និយាយ​ពី​តំបន់​ដើម​បូព៌ា​វិញ នោះ​គឺ ប្រទេសស៊ីរី ដែល​ទិញ​អាវុធ​រុស្ស៊ី​ច្រើន​ជាង​គេ។ កងទ័ព​ប្រទេស​នេះ​បំពាក់​ក្នុង​អត្រា​ដល់​ទៅ ៩០% គឺ​ទៅ​ដោយ​សព្វាវុធ​រុស្ស៊ី។ គ្រាន់​តែ​រថក្រោះស៊ីរី មាន​ដល់​ទៅ ៤.០០០​គ្រឿង និង យន្តហោះ​ចម្បាំង គឺ​ជាង ៥០០​គ្រឿង។ គិត​ជា​សរុប រុស្ស៊ី​លក់​អាវុធ​ខ្លួន​ទៅ​កាន់​៨៥​ប្រទេស ក្នុង​លោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI