កម្ពុជា

ថៃ​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម ​១១៣​នាក់​សង្ស័យ​ថា​​បណ្តាញ​អ៊ីស្លាម​បះបោរ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ខ្លួន

សហគមន៍​ខ្មែរ​អ៊ីស្លាម
សហគមន៍​ខ្មែរ​អ៊ីស្លាម © រូបថត​រក្សាសិទ្ធិ

ដោយ​សង្ស័យ​ថា​ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ចំនួន​១១៣​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​បះបោរ​នៅ​ភាគ​ខាង ត្បូង​ប្រទេស​ថៃ អាជ្ញាធរ​ថៃ​នៅ​ព្រឹកមិញ​នេះ បាន​ចាប់​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ទំាង​នោះ​ នៅ​ពេល​ពួក​គេ​ឆ្លង​ដែន​ស្របច្បាប់​ចូល​ដី​ថៃ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត។ទីភ្នាក់ងារ​ព័ត៌មាន​ថៃ​TNA បាន​ផ្សាយ​ថា​ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ទំាង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​សម្ពាយ​ទំនិញ វ៉ាលីស ជា​ច្រើន​ក្នុង​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ព្រំដែន​ថៃ ម៉ាឡេស៊ី។ មន្រ្តី​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ចាត់ទុក​ថា​ការ​ឃាត់ខ្លួន​របស់​ពលរដ្ឋ​ខ្មែរ​ទំាង​នោះ​គឺ​ជា​ការ​ពង្រឹង​សន្តិសុខ​​របស់​ប្រទេសថៃ​ប៉ុណ្ណោះ ពីព្រោះ​តម្រួត​ថៃ​បាន​ដោះលែង​ពលរដ្ឋ​ខ្មែរ​ទំាង​នោះ​អោយ​បន្ត​ដំ​ណើរ​ទៅ​មុខ​ទៀត ដោយ​មិន​មាន​ការ​ធ្វើ​បាប​អ្វី​ឡើយ។

ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​មូស្លីម​កម្ពុជា​ចំនួន ១១៣​​នាក់ ដែលអាជ្ញាធរ​ថៃ​សង្ស័យថាជាបណ្តាញក្រុម​មូស្លឹម បះ​បោរនៅភាគខាង​ត្បូងប្រទេសថៃមាន​​ក្មេង​ ចាស់ ទំាងប្រុសទំាងស្រី ពួកគេ​មាន​ស្ពា​យ​​​វ៉ាលី​ស ទំនិ​ញជា​​ច្រើន និង​កាន់​លិខិត​ឆ្លង​ដែន​ត្រឹម​ត្រូវ មិន​មែនជាជនអន្តោ​ប្រវេស​ន៍​ខុស​ច្បាប់​នោះ​ទេ។ តែពលរដ្ឋខ្មែរមូស្លឹមទំាងនោះត្រូវបានតម្រួតថៃ ឃាត់ខ្លួនទំាងព្រឹកនៅថ្ងៃច័ន្ទ​នេះ​ក្នុង​ចំនុច​ច្រក​ផ្សារ​រុង​ក្លឿ ខេត្តស្រះកែវ បន្ទាប់ពីពួកគេឆ្លងផុត​ដីខ្មែរចូលដីថៃប៉ុន្មានគីឡូម៉ែត្រ ប៉ុណ្ណោះតាម​ច្រក​អន្តរ​ជាតិប៉ោយប៉ែត។

ទីភ្នាក់ងារព័ត៌មានថៃ TNA ផ្សាយថា ក្រុម​ពលរដ្ឋ​ខ្មែរមូស្លឹមទំាង១១៣នាក់នោះ បានប្រាប់​​
សម​ត្ថ​​កិច្ច​ប្រទេស​ថៃថា ពួកគេត្រូវ​ធ្វើដំ​ណើរ​ទៅ​​លេង​​បង​​ប្អូន ក្នុងតំបន់មួយជាតំបន់ព្រំដែន ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។

 លោក កុយ គួង អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា បានមានប្រសាសន៍អោយដឹងថា​ពលរដ្ឋខ្មែរ​ទំាងនោះ ត្រូវបានអាជ្ញាធរថៃអនុញ្ញាតអោយបន្តដំណើរទៅមុខទៀត បន្ទាប់ពីក្រុមតម្រួតថៃ​បាន​ស្រង​ព័ត៌​​​មាន អត្ត​​សញ្ញាណ​និងថតរូប ក្នុងរយៈពេលខ្លីរួចមក។ អ្នកនាំពាក្យ​ក្រសួង​ការបរ​ទេស​​​កម្ពុជា បានទាត់ចោល​ការសង្ស័យរបស់សមត្ថកិច្ច​ថៃលើ​ពលរដ្ឋខ្មែរអ៊ីស្លាម​ទំាង​នោះ​ថា​​ជា​​​រឿង​មិនពិតទាល់តែសោះ។

 “មិនថាពលរដ្ឋមូស្លឹមទំាង១១៣នាក់នោះ ឬអ៊ីស្លាមនៅទូទំាង​ប្រ​ទេស​កម្ពុជាទេ គ្មានអ្វី​ទាក់ទង​ជាមួយក្រុមអ៊ីស្លាម​បះបោរក្នុងប្រទេសថៃឡើយ” នេះជាការអះ​អាង​រ​បស់លោក កុយ គួង។​
ទោះបីជាពួកគេមិនត្រូវបាន​ធ្វើបាប ដូចជនអន្តោ​ប្រ​វេស​ន៍​​ខុសច្បាប់ពីសំណាក់​តម្រួតថៃ​យ៉ាង​ណាក្តី តែ​ទំនិញ​និងសម្ភារៈមួយចំនួន របស់ក្រុមពលរដ្ឋ​ខ្មែរអ៊ីស្លាម​ទំាង​១១៣នាក់ ដូចជា​ថ្នាំ​ពេទ្យ ជីកសិកម្ម និងកៅ​ស៊ូ​តង់​ជាដើម ត្រូវ​ស​ម​ត្ថកិច្ចថៃដកហូតទំាងអស់។

បើតាមលោក លោក​កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា រហូតមក​ដល់​​ពេលនេះ​ទំនា​ក់​ទំនងការទូត​រវាង​ប្រ​ទេស​កម្ពុជា និងថៃមិនមានអ្វីប្រែប្រួលនោះទេ ទោះ​បីជម្លោះព្រំដែន​រវាង​ប្រទេសទំាង​ពីរ​មិនទាន់ដោះស្រាយយ៉ាងណាក្តី។លោកថាអាជ្ញាធរ​កម្ពុជា​​បាន​សហ​ការ​​ជាមួយ​​អាជ្ញា​ធរ​ថៃ​ជានិច្ច​ ក្នុង​ការ​ការពារ​ពលករ​ខ្មែរដែល​ចូល​ទៅដីថៃ​ដោយ​ស្រប​ច្បាប់​ប៉ុន្តែលោក​អំ​​ពាវអោយពលករខ្មែរទំាងអស់មិនគួរប្រថុយឆ្លងដែនខុសច្បាប់ចូលដី​ថៃ​នោះឡើ​យ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាចាត់ទុកការឃាត់ខ្លួនរយៈពេលខ្លី លើពលរដ្ឋខ្មែរមូស្លឹម​១១៣នាក់កាលពីព្រឹកមិញនេះ គ្រាន់តែជាការពង្រឹងសន្តិសុខផ្ទៃក្នុង របស់ប្រទេស​ថៃតែ​ប៉ុ​ណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI