ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ប្រារព្ធខួប​១៥ឆ្នាំនៃ​ភេរវកម្ម​១១កញ្ញា​២០០១

សំឡេង ០៥:៣២
អគារ​ ​World Trade Center នៅ​ក្រុង ​New York រង​ការវាយប្រហារ​​ កាលពី​ថ្ងៃ១១កញ្ញា​ឆ្នាំ២០០១ បាន​បាត់ស្រមោល​ពី​ផែនទី។
អគារ​ ​World Trade Center នៅ​ក្រុង ​New York រង​ការវាយប្រហារ​​ កាលពី​ថ្ងៃ១១កញ្ញា​ឆ្នាំ២០០១ បាន​បាត់ស្រមោល​ពី​ផែនទី។ AFP/Spencer Platt

ថ្ងៃអាទិត្យ​​​​នេះ ជាថ្ងៃ​​ខួប១៥ឆ្នាំ​នៃភេរវកម្ម​ក្រុងញូវយក​ ថ្ងៃ​១១កញ្ញា ឆ្នាំ២០០១ នៅ​អាមេរិក។ ១៥ឆ្នាំ​មុននេះ ​ក្រុមអាល់កៃដា បាន​ប្រើយន្តហោះ​វាយប្រហារ​អគារសំខាន់ៗ នៅ​ក្រុង​ញូវយក សម្លាប់​មនុស្ស​២៩៧៧នាក់។ មនុស្ស​ជាង៦០០០នាក់​បាន​រងរបួស។ រហូត​ពេលនេះ​ គេមិនទាន់​រកឃើញ​​អត្តសញ្ញាណ​​​សាកសព​ជនរងគ្រោះ​​១១១៣នាក់​​ ​នៅឡើយ​ទេ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ថ្ងៃខួប១៥ឆ្នាំ​​ ​ថ្ងៃអាទិត្យ​នេះ បេក្ខជន​ប្រធានាធិបតី​ ហ៊ីលឡារី គ្លីនតុន និង​ដូណាល់ ត្រាំ​ ​​ចូលរួម​ឧទ្ទិសដល់ជន​រងគ្រោះ នៅ​Ground Zéro។ ប្រធានធិបតី​អូបាម៉ាវិញ ​ឧទ្ទិស​ដល់​ជន​រងគ្រោះ​​នៅមន្ទីរ​​ប៉ង់តាហ្កូន ជាមួយ​រដ្ឋមន្ត្រីការពារជាតិ​ អាស្ហតុន ខាថឺ។ ​ប៉ង់តាហ្កូន​ក៏​ជា​ផ្ទាំងស៊ីប នៃ​​ការ​វាយប្រហារ​ភេរវកម្ម កាលពី​​ថ្ងៃ១១កញ្ញា​ឆ្នាំ២០០១ដែរ។

១៥ឆ្នាំ​ក្រោយភេរវកម្មក្រុងញូវយក​ អាមេរិក​នៅតែ​មិនអាច​បញ្ចប់សង្គ្រាម​ប្រឆាំង​ភេរវកម្ម​
ថ្ងៃខួប​១៥ឆ្នាំ ភេរវកម្ម​១១កញ្ញា​នេះ ជា​ខួបចុងក្រោយ ក្នុង​​​​អាណត្តិ​របស់​លោក​អូបាម៉ា​ដែរ។ លោក​អូបាម៉ាប្រកាន់​នយោបាយ​សន្តិភាព​ ​​តែ​ក៏​មិនអាចអោយអាមេរិក​​​បញ្ឈប់​ការធ្វើ​សង្គ្រាម​នៅ​ក្រៅប្រទេស​បាន។ សង្គ្រាម​​​នៅតែ​បន្តមាន​​​អចិន្ត្រៃយ៍ ប្រឆាំង​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម នៅ​ដើមបូព៌ា ដូច​​យើងសង្កេតឃើញ​សព្វថ្ងៃ។

ត្បិតថា ធ្វើ​ក្នុងដែនកំណត់ ​តែ​អាមេរិក ​នៅតែ​បន្ត​​​ប្រតិបត្តិការ​​ ដាក់ចេញ​យន្តហោះ​ដ្រូន ដាក់​កងកម្លាំង​ពិសេស រឺ​បណ្តុះបណ្តាល​ទាហាន​ជាដើម។ ​អាមេរិក​​​បន្តជួយ​​សម្ភារៈ រឺ​ជា​យោបល់​ ​​តាម​ប្រទេស​ស៊ីរី អ៊ីរ៉ាក់ ​អាហ្វហ្កានីស្ថាន លីប៊ី​ រឺ​ក៏យេម៉ែន​។ ​ខាងចារកិច្ច​CIA FBI រឺ​NSA​ឯណោះ​វិញ ក៏​មាន​តម្លើង​ថវិកា​សឹងទ្វេដង​ដែរ។

គេ​ពិបាក​បន្ទោស​លោក​អូបាម៉ា​​បាន​ទាំងស្រុង​​ ព្រោះ​​​​សង្គ្រាមដែល​នៅ​បន្ត​​​អចិន្ត្រៃយ៍​នេះ វា​ជា​ផលវិបាក​​បន្សល់ទុក​​​ដោយ​​អាណត្តិ​របស់ប្រធានាធិបតី​មុន គឺ​​លោក​ចច ដាប់ប៊ែលយូ ​ប៊ុស្ហ។ ​ប្រធានាធិបតី​​​​ប៊ូស មិនដូច​លោក​អូបាម៉ាទេ។ ​លោក​ប៊ូស ប្រកាន់​នយោបាយ​​​ថា បើ​ឯងវាយអញ អញ​ក៏វាយឯង​ភ្លាមៗដែរ ​​ថ្ងៃក្រោយ​យ៉ាងណានោះ​ ចាំ​គិតគ្នាតាម​ក្រោយ​ទៀត។ ​

ក្រុមអាល់កៃដា បង្ក​​ភេរវកម្ម​១១កញ្ញា​សម្លាប់​ពលរដ្ឋ​អាមេរិក ក្នុង​ទឹកដី​អាមេរិក​ខ្លួនឯង។ រដ្ឋាភិបាល​លោ​កប៊ូស អាម៉ាសមុខ ដែល​មិនអាច​ការពារ​សន្តិសុខ​ក្នុងទឹកដី​ខ្លួនបាន ម្ល៉ោះហើយ​លោកប៊ូស​​ប្រហែល​​​​ក្តៅចិត្ត​​​មិនតិចទេ កាលនោះ ក៏​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​អាល់កៃដា​​តែម្តងទៅ។

សង្គ្រាម​ប្រឆាំង​ក្រុមអាល់កៃដា និង​ក្រុមតាលីបង់ ​នៅ​អាហ្វហ្កានីស្ថាន ​មាន​ប្រទេស​អឺរ៉ុប​ចូលរួម​​ជួយ​ដែរ។​ ​លោក​ប៊ូសឡើងប្រជាប្រិយភាព​ដោយសារ​ភាអង់អាច​ ទៅវាយ​ក្រុម​ភេរវជន​​ដើម្បី​​សងសឹក​នេះឯង។ ហើយ​លោកប៊ូស​ក៏បន្ត​យកលេស​វាយ​រហូត​ដល់​អ៊ីរ៉ាក់​ទៀត។

តែ​​អន្តរាគមន៍​យោធា​ផ្សេងៗ ​បន្ត​ពី​​​ថ្ងៃ១១កញ្ញា​២០០១នោះ មិនបាន​​​នាំស្ថិរភាព​អ្វី ដូចការ​​សង្ឃឹម​ទុករបស់​អាមេរិក​​ទេ មានតែ​ចូលរួម​បង្កើន​​អស្ថិរភាពទៅវិញ ធ្វើអោយ​អាហ្វហ្កនីស្ថាន​ខ្ទេចខ្ទាំ ធ្វើអោយ​អ៊ីរ៉ាក់ដែល​ធ្លាប់​មាន​អារ្យធម៌​រុងរឿង ដុនដាប រហូត​មា​នការករកើត​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​ដ៏​ខ្លាំងក្លាដូចសព្វថ្ងៃនេះ។ ផលវិបាក​គឺថា ក្រុមភេរវជន​​គំរាម​​ និង​បង្ក​អសន្តិសុខ​​ រាលដាល​​​រហូត​ដល់​ទ្វីប​​អឺរ៉ុបទៅទៀត។

​លោក​អូបាម៉ា​ខំ​ថ្លឺងថ្លែង​​មិនអោយ​​​​អាមេរិក​បន្ត​ដើរ​លើ​ផ្លូវខុស​ ​តែ​ខំ​បញ្ចៀសណាស់ ក៏ពិបាក​ណាស់ដែរ ព្រោះ​ពេលនេះ ជម្លោះ​​ដើមបូព៌ា​ លាយឡំជាមួយ​ប្រតិបត្តិការ​កំចាត់ក្រុម​​ភេរវជន បានវិវត្តន៍​ទៅ​រកភាព​ស្មុគស្មាញ។

​អាមេរិក​មិនបិទភ្នែក​ចំពោះ​ជនជ្រុលនិយម​អ៊ីស្លាម​ក្នុងស្រុកទេ
លោក​អូបាម៉ាធ្លាប់លើកឡើង​ថា ក្រុមភេរវជន​មិនមែន​ជា​ការគំរាម​អត្ថិភាព​សម្រាប់អាមេរិក​ទេ។ ​​ ក្នុង​ទឹកដី​​អាមេរិក​ ការគំរាម​របស់​​ក្រុមជីហាត គ្រាន់តែ​ជាការគំរាម​មួយ ក្នុង​ចំណោម​ការគំរាម​ផ្សេងៗ​បែបយ៉ាង​ ហិង្សាដោយ​ការ​ប្រើប្រាស់​អាវុធ រឺ​ហិង្សា​បង្កឡើង​ដោយ​ក្រុមបរិស្ថាន​ជ្រុលនិយម ​ដែលគេមិនបានលើក​មកនិយាយ​ជាចំបង​តែ​ប៉ុណ្ណោះ។

ទោះអះអាង​យ៉ាងនេះ​ក្តី ក៏លោកអូបាម៉ា​មិនបិទភ្នែក​ដែរ។ ផ្នែកសន្តិសុខ​ជាតិត្រៀមខ្លួន​ជានិច្ច​ប្រឈម​​នឹង​​​​ក្រុមអ៊ីស្លាម​ ជ្រុលនិយមក្នុងស្រុក ពិសេស​​​ក្រោយ​មាន​​ភេរវកម្ម​សម្លាប់​មនុស្ស ​នៅ​រង្គសាល​រដ្ឋផ្លរីត កាលពី​ខែមិថុនា។ ​
 
យោងតាម​អ្នកជំនាញ ​សង្គ្រាមសម័យថ្មី ​​មិនមែនបង្ក​ឡើង​​​រវាងតែ​​ប្រទេស​​​២រឺ៣​ទេ ​គឺ​អាច​កើតឡើង រវាង​ប្រទេស​មួយ រឺ​​រដ្ឋមួយ​ និង​ក្រុមភេរវជន​មួយក្រុម​បានដែរ។ ហេតុនេះហើយ ទើបសព្វថ្ងៃ ក្រុម​ភេរវជន​​​ អាល់កៃដា រឺ​ក៏​អង្គការ​រដ្ឋអ៊ីស្លាម បានក្លាយ​ជាតួអង្គ​​​​សត្រូវ​ ​​របស់​​​​​អាមេរិក អឺរ៉ុប រឺ​ក៏​ប្រទេស​នៅ​ដើមបូព៌ា​ជាដើម។​

ទិសដៅ​​​​ប្រឆាំងអាមេរិក របស់​​មេក្រុមអាល់កៃដា បិន ឡាដិន នៅតែ​ជោគជ័យ ?
កាលពីខែ​ឧសភា ឆ្នាំ២០១១ ​អាមេរិក​បាន​សម្រេចជោគជ័យ​កំចាត់​បាន​ អ៊ូសាម៉ា បិន ឡាដិន។ អ៊ូសាម៉ា បិន ឡាដិន​ស្លាប់​ទៅហើយមែន តែ​គំនិត​មេក្រុមអាល់កៃដា​រូបនេះ ប្រហែល​ជា​បាន​ទទួលជោគជ័យ​ទៅវិញទេ ព្រោះ​​​សព្វថ្ងៃ ​អាមេរិក​និង​សហគមន៍​អន្តរជាតិ​​​នៅ​មិនទាន់កំចាត់​​​ក្រុមភរវជន​​បាន​ នៅឡើយ។

យោងតាម ​​អូម៉ា ជាកូនប្រុស​ម្នាក់​របស់​បិន ឡាដិន​ កាលពី​នៅរស់ បិនឡាដិន ចង់​អោយ​អាមេរិក​ត្រលប់​ទៅ​អាហ្វហ្កានីស្ថាន​វិញ។ ភេរវកម្ម​១១កញ្ញា​ឆ្នាំ២០០១ ជា​ផែនការ​រាប់ឆ្នាំ​របស់​ក្រុមអាល់កៃដា ដើម្បី​ធ្វើអោយ​អាមេរិក​ខឹង ម្ល៉ោះហើយ​អាមេរិក​ខឹង​ក៏បញ្ជូន​ទ័ព​ទៅវាយ​ក្រុមភេរវជន​នៅ​អាហ្វហ្កានីស្ថាន ​​​​​​ដូច​បំណង​បិនឡាដិនមែន។ ទិសដៅ​បិនឡាដិន ​និង​ក្រុមភេរវជន គឺ​ថា ​សង្គ្រាម​ធ្វើអោយ​​​​ទាហាន​អាមេរិក​​​​​ក្នុងសមរភូមិភ័យខ្លាច​ ហើយ​​​កាលណា​មាន​សង្គ្រាម​ច្របូកច្របល់​រញ៉េរញ៉ៃ​​ ក្រៅទឹកដី​អាមេរិក​​ នោះ​ក្រុមភរវជន​ដូចជា​អាល់កៃដា រឺ​តាលីបង់ អាច​មាន​លទ្ធភាព​សម្រេច​អ្វីមួយពិសេសក៏ថា​​បាន។

​លោកអូបាម៉ា​មិនទាន់​អាច​​​​បិទទ្វារពន្ធនាគារ​​​ហ្កាតាណាម៉ូ​បានទាំងស្រុង​
​​ប៉ុន្មានថ្ងៃ​មុននេះ ក្រសួង​ការពារជាតិ​​បាន​ប្រាប់ថា បាន​បិទមន្ទីរឃុំឃាំង​មួយ​កន្លែង​ នៅ​ហ្កាតាណាម៉ូ។ អាមេរិក​នឹង​ប្រែក្លាយ​​​មន្ទីរឃុំឃាំង​នេះ ទៅជា​មន្ទីរពេទ្យ​វិញ។ នៅហ្កាតាណាម៉ូ​សព្វថ្ងៃ មានសល់​អ្នកទោស​​៦១នាក់ គឹនៅ​តិចតួច​។ កាលពីដើម​ មាន​អ្នកទោស​រហូត​៧៨០នាក់។ ​ ​

​នៅ​ដំណាច់ឆ្នាំ២០១៦ ​នេះដែរ​​ ​អាមេរិក​នឹង​បន្ថយ​ទាហាន​នៅ​ហ្កាតាណាម៉ូ ៤០០នាក់។ សព្វថ្ងៃ ​​អាមេរិក​មាន​​​នៅទីនោះ ​១៩៥០នាក់។

ការដែល​មិនអាច​បិទទ្វាគុក​ទាំងស្រុង ក៏ដោយសារ​​​ពិបាក​រក​ប្រទេស​ដែល​សុខចិត្ត​ទទួល​យក​អ្នកទោស​​​​ អោយទៅរស់នៅ។ ​ហើយបញ្ហា​មួយទៀតនោះ គឹ​ផលវិបាក​ផ្លូវច្បាប់។ ​ជនសង្ស័យ​​ដែល​​អាច​ជាប់ពាក់ព័ន្ធ​នឹងភេរវកម្ម​​​ថ្ងៃ១១កញ្ញា​ ហើយ​ដែល​អាមេរិក​ចាប់ឃុំ​នៅ​ហ្កាតាណាម៉ូនោះ ​មិនបាន​ឆ្លង​កាត់​ការ​កាត់ទោស​តាមច្បាប់ទេ ដូច្នេះ អាច​មាន​ជនគ្មានទោស​​​ក្នុងនោះដែរ។

កន្លងមក លោក​អូបាម៉ា ​បានដោះលែង​អ្នកទោស​​​ដែល​ជាប់ត្រឹម​ការសង្ស័យ​ មួយចំនួន​អោយ​មានសេរីភាព​ឡើងវិញ។ ​ទោះ​មិនបាន​សម្រេចគោលនយោបាយ​បិទគុក​ទាំងស្រុង មិនបាន​អោយអាមេរិក​បញ្ចប់​សង្គ្រា​មទាំងស្រុង ក៏​លោក​អូបាម៉ា​បានធ្វើអ្វី​ដែល​លោក​អាច​ធ្វើបាន​។ ពោល​យ៉ាងហោច គេអាច​ថា លោក​មានចិត្ត​​សន្តិភាព​ ​ជាង​ប្រធានាធិបតី​ប៊ូស អាណត្តិមុន​បានដែរ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI