អ៊ីរ៉ង់

កិច្ចប្រជុំ​នុយក្លេអ៊ែរ​រវាង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​និង​អ៊ីរ៉ង់​ មាន​លក្ខណៈ​វិជ្ជមានច្រើន

ប្រមុខការទូត​អ៊ីរ៉ង់ លោក Mohammad Zarif ក្នុង​កិច្ច​ពិភាក្សា​សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ នៅ​ក្រុងហ្សឺណែវ កាលពី​ថ្ងៃ​១៦តុលា
ប្រមុខការទូត​អ៊ីរ៉ង់ លោក Mohammad Zarif ក្នុង​កិច្ច​ពិភាក្សា​សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ នៅ​ក្រុងហ្សឺណែវ កាលពី​ថ្ងៃ​១៦តុលា REUTERS/Ruben Sprich

កិច្ចប្រជុំ​​លើក​ទី​១២​ នៅ​ទីក្រុង​វីយេន ប្រទេស​អូទ្រីស​ ​រវាង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​និង​អ៊ីរ៉ង់​​ ស្តី​ពី​សំណុំ​រឿងនុយក្លេអ៊ែរ​អ៊ីរ៉ង់​នោះ​ បាន​បិទបញ្ចប់​ ​នៅថ្ងៃ​អង្គារ​ម្សិលមិញ​នេះ។ ភាគី​ទាំងពីរ​បានវិនិច្ឆ័យ​ថា​ កិច្ចប្រជុំ​នេះ​ផ្តល់​អំណោយផល​ច្រើន ហើយ​​ភាគី​ទាំងពីរ​បាន​សំរេច​នឹង​ជួបពិភាក្សា​គ្នា​ម្តងទៀត នៅ​ថ្ងៃ​១១វិច្ឆិកា​ខាងមុខ។

ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​​លើក​ទី​១២​ ​រវាង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​និង​អ៊ីរ៉ង់​​ ស្តី​ពី​សំណុំ​រឿងនុយក្លេអ៊ែរ​អ៊ីរ៉ង់​នោះ​ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​ ហើយ​បាន​បញ្ចប់​ ​នៅថ្ងៃ​អង្គារ​ម្សិលមិញ។​ ភាគី​ទាំងពីរ​បានវិនិច្ឆ័យដូចគ្នា​​ថា​ កិច្ចប្រជុំ​នេះ​ផ្តល់​អំណោយផល​ច្រើន។

​​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​ដឹកនាំ​កិច្ចចរចា​ដោយ​ជនជាតិ​ហ្វាំងឡង់ លោក តេរ៉ូ វ៉ារចូរ៉ាន់តា Tero Varjoranta បាន​​​​វាយតំលៃ​សំណូម​ពរ​របស់​អ៊ីរ៉ង់​ ថា​ជា​សំណូមពរ​​មានលក្ខណៈ​ស្ថាបនា។ កិច្ចប្រជុំ​ពីរថ្ងៃ​នេះ បាន​ផ្តល់​​សុទិដ្ឋិនិយម​ច្រើន​ ចំពោះ​កិច្ច​ប្រជុំ​រវាង​ភាគី​ទាំងពីរ​លើកក្រោយ​ៗទៀត។ ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​និង​អ៊ីរ៉ង់ ​​បាន​សំរេច​ថា នឹង​ជួបពិភាក្សា​គ្នា​ម្តងទៀត នៅ​ថ្ងៃ​១១វិច្ឆិកា​ខាងមុខ ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​​​នេះ​តទៅទៀត។ ​

គួរ​រំលឹក​ថា ប្រទេស​លោកខាងលិច​តែង​សង្ស័យថា​​ អ៊ីរ៉ង់​​ចង់​ផលិត​អាវុធ​នុយក្លេអ៊ែរ តាមរយៈ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​​ខ្លួន។ ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ធ្លាប់​បាន​បង្ហាញ​របាយការណ៍​មួយ កាលពី​ឆ្នាំ​២០១១ ប្រាប់ថា អ៊ីរ៉ង់​កំពុង​តែ​​​ធ្វើសកម្មភាព​សំរេច​អោយ​បាន​នូវ​គ្រាប់បែក​បរមាណូ មុន​ឆ្នាំ​២០០៣។ អ៊ីរ៉ង់​តែង​បដិសេធ​ការចោទប្រកាន់​នេះ​ ដោយលើក​ឡើង​ថា គំរោង​នុយក្លេអ៊ែរ​ខ្លួន​ធ្វើឡើង​ក្នុងបែបផែន​សន្តិភាព​តែ​ប៉ុណ្ណោះ។

​កន្លងមក ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​និង​អ៊ីរ៉ង់​​ បានពិភាក្សា​គ្នា​​លើ​សំណុំ​រឿងនុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ ១១ដង​មកហើយ ហើយ​១០ដង​ដំបូង​តែង​បរាជ័យ​ជានិច្ច។​ កិច្ចពិភាក្សា​លើកចុងក្រោយ​ កាលពី​ថ្ងៃ​២៧កញ្ញា​កន្លងទៅ ត្រូវ​បាន​គេ​មើលឃើញថា មាន​លក្ខណៈ​ប្រសើរ​ឡើង​ច្រើន។ ចាប់​ពី​ប្រធានាធិបតី​អ៊ីរ៉ង់​ថ្មី ហាសាន រ៉ូហានី ឡើងកាន់​អំណាច​មក អ៊ីរ៉ង់​បាន​បន្ទន់​ជំហរ​ច្រើន។ នៅថ្ងៃ​១៦តុលា​កន្លង​មក អ៊ីរ៉ង់​បាន​យល់ព្រម​​ ​​ទទួល​យក​គោលការណ៍​​នៃ​ការ​ត្រួតពិនិត្យ​​ទីតាំង​នុយក្លេអ៊ែរ​​ ដែល​ស្នើ​ដោយ​អាមេរិក គឺថា​ អ៊ីរ៉ង់​​​ព្រម​អោយ​​អ្នកជំនាញ​​បាន​​ចុះទៅ​​ពិនិត្យ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​ ​ដោយ​មិន​ប្រាប់​អោយ​អ៊ីរ៉ង់​​​បានដឹង​​មុន។ 

សកម្មភាព​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ក៏នឹង​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​ពិភាក្សា​នៅ​ក្រុង​ហ្សឺណែវ​ ថ្ងៃ​៨វិច្ឆិកា​ខាង​មុខ​នេះដែរ។ ជាកិច្ចពិភាក្សា​រវាង​ប្រទេស​មហាអំណាច​៥+១ គឺ​រវាង​អាមេរិក ចិន​ រុស្ស៊ី បារាំង​ អង់គ្លេស​ និង​អាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI