យោធាខ្មែរ១២នាក់ទទួលបានការបណ្តុះបណ្តាលផ្នែកបន្សាបគ្រឿងផ្ទុះពីបារាំង
ចុះផ្សាយនៅថ្ងៃ៖
វគ្គបណ្តុះបណ្តាលបច្ចេកទេសនៃការគ្រប់គ្រងនិងការបន្សាបគ្រឿងផ្ទុះដែលបានប្រព្រឹត្តិទៅក្នុងក្របខណ្ឌនៃជំនួយសហប្រតិបត្តិការរបស់បារាំង ទើបបានបញ្ចប់កាលពីពេលថ្មីៗនេះ។ យោធាខ្មែរចំនួន១២នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះដែលបានមានរយៈពេល៤សប្តាហ៍។
ក្នុងរយៈពេល៤សបា្តហ៍ យោធាខ្មែរចំនួន១២នាក់បានទទួលការបង្ហាត់បង្រៀនផែ្នកទ្រឹស្តី និងការអនុវត្តន៍ជាក់សែ្តងនៅលើទីលាន ជាអាទិ៍តាមរយៈការចុះទៅការដ្ឋានដោះមីន នៅតំបន់ប៉ៃលិន។ ក្នុងអំឡុងពេលនៃការចុះទៅការដ្ឋាននេះ ការអនុវត្តន៍ផ្ទាល់ស្តីពីការបន្សាបគ្រឿងផ្ទុះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំបច្ចេកទេសពីអ្នកជំនាញការបារាំង។
បារាំងបានបញ្ជូនអ្នកជំនាញរបស់ខ្លួន២រូបមកកម្ពុជា ដើម្បីដឹកនាំការបណ្តុះបណ្តាលបច្ចេកទេសនៃការគ្រប់គ្រងនិងការបន្សាបគ្រឿងផ្ទុះ នៅវិទ្យាស្ថានជាតិគ្រប់គ្រងកងកំលាំងរក្សាសនិ្តភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាមឧត្តុង្គ។ វគ្គបណ្តុះបណ្តាលដែលត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការបារាំង-កម្ពុជា បានពង្រឹងបច្ចេកទេសយោធាកម្ពុជាផែ្នកដោះមីន សំគាល់គ្រាប់បែកបងៃ្ក និងការកំទេចកាកសំណល់សង្គ្រាម។
យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតបារាំង វគ្គបណ្តុះបណ្តាលនេះក៏ត្រូវបានធ្វើឡើងក្នុងក្របខណ្ឌនៃការទ្រទ្រង់ការចូលរួមរបស់កម្ពុជាក្នុងប្រតិបតិ្តការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។
គួរបញ្ជាក់ថា កម្ពុជាកំពុងទទួលបាននូវភាពល្បីល្បាញក្នុងវិស័យដោះមីន បន្ទាប់ពីប្រទេសមួយនេះបានក្លាយទៅជាប្រទេសរងគ្រោះដោយគ្រាប់មីនដោយសារតែសង្គ្រាមស៊ីវិលជាង៣ទស្សវត្សរ៍នោះ។ នៅពេលនេះ តាមរយៈការអំពាវនាវរបស់អង្គការសហប្រជាជាតិ កម្ពុជាបានចូលរួមក្នុងសកម្មភាពមនុស្សធម៌នៃកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិ ដោយការបញ្ជូនកំលាំងយោធាដោះមីនទៅប្រទេសជាច្រើននៅក្នុងទ្វីបអាហ្វ្រិក។
កាលពីខែមេសាកន្លងទៅនេះ កងយោធារក្សាសន្តិភាពរបស់កម្ពុជា១៥២នាក់ ទើបតែត្រូវបានបញ្ជូនទៅកាន់ប្រទេសស៊ូដង់ខាងត្បូង។ កម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់ខ្លួនជាលើកដំបូង នៅឆ្នាំ២០០៦។ រហូតដល់ពេលនេះ មានកងទ័ព១៦០០នាក់ដែលត្រូវបានបញ្ជូនជាបន្តបន្ទាប់ ទៅកាន់ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាត អាហ្វ្រិកកណ្តាល លីបង់ និងស៊ីរីផងដែរ។
ការបោសសម្អាតមីន ជីកអណ្តូងទឹក សាងសង់សាលារៀន សាងសង់មជ្ឈមណ្ឌលសុខភាព ស្ពានជាដើម ទាំងនេះគឺជាសកម្មភាពមនុស្សធម៌របស់យោធាកម្ពុជា ក្នុងក្របខណ្ឌនៃការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ