តំបន់អឺរ៉ូ

១៣០ពាន់លាន​​អឺរ៉ូ​​សម្រាប់​​ជំរុញ​​ឲ្យមាន​​សន្ទុះ​​កំណើន​​សេដ្ឋកិច្ច​​

​លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​មែរគែល​និង​លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់
​លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​មែរគែល​និង​លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់ REUTERS/Giampiero Sposito

លោកស្រី​​មែរគែល​​ លោក​ហ្វ្រង់ស័រ​​ហូឡង់​​ លោក​ម៉ារីយ៉ាណូ​​រ៉ាហយ​​ លោក​ម៉ារីយ៉ូ​​ម៉ុងទី​​ ​ បាន​​ជួប​​ប្រជុំ​​ពិភាក្សា​​គ្នា​​នៅ​ថ្ងៃ​សុក្រ​​ទី២២​​មិថុនា​​ឆ្នាំ២០១២​​ម្សិលមិញ​​នៅ​ទីក្រុង​​រ៉ូម​​ ​ ពី​​បញ្ហា​​វិបត្តិ​​សេដ្ឋកិច្ច​​និង​​វិបត្តិ​​ហិរញ្ញវត្ថុ​​នៅ​ក្នុង​​តំបន់​​ចាយប្រាក់​អឺរ៉ូ។​​ ប្រមុខ​​ដឹកនាំ​​បួន​​ប្រទេស​​សំខាន់ៗ​​នៃ​​តំបន់​​អឺរ៉ូ​​ដែល​​ក្នុង​នោះ​​មាន​​ ប្រទេស​​អាល្លឺម៉ង់​​ បារាំង​​ អេស្ប៉ាញ​​និង​​អ៊ីតាលី​​ ចង់​​រៀបចំ​​សម្រួល​​ជាមុន​​នូវ​​ជំនួប​​កំពូល​​អឺរ៉ុប​​ដែល​នឹង​​ប្រព្រឹត្ត​​ទៅ​​នៅ​​សប្តាហ៍​ក្រោយ​​នៅទីក្រុង​​ព្រុចសែល។ 

ផ្សាយពាណិជ្ជកម្ម

 

ប្រមុខ​ដឹកនាំ​បួន​ប្រទេស​សំខាន់ៗ​នៃ​តំបន់​អឺរ៉ូ​ដែល​ក្នុងនោះ​មាន​ ប្រទេស​អាល្លឺម៉ង់​ បារាំង​ អេស្ប៉ាញ​និង​អ៊ីតាលី​បាន​ព្រមព្រៀង​គ្នា​ចាត់តាំង​ឲ្យមាន​ មូលនិធិ​ប្រមាណ​១៣០ពាន់លាន​អឺរ៉ូ​ឬ​ស្មើនឹង​១%​នៃ​ផលិតផល​ដុល​សរុប​ក្នុងតំបន់​អឺរ៉ូ​ ​ ដើម្បី​ជា​មធ្យោបាយ​ជួយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច។​ កិច្ច​ព្រមព្រៀង​នេះ​ជា​ជំហាន​ទីមួយ​នៃ​ការផ្សះផ្សា​គ្នា​រវាង​ប្រទេស​បារាំង​និង​ប្រទេស​អាល្លឺម៉ង់​ដែលមាន​ភាពតានតឹង​នឹង​គ្នា​អស់​រយៈ​ជាច្រើន​សប្តាហ៍​មកហើយ។

ចប់ហើយ​ពាក្យសម្តី​ចាក់ដោត​គ្នា​ដែលមាន​រវាង​លោកស្រី​នាយក
រដ្ឋមន្ត្រី​អាល្លឺម៉ង់​មែរគែល​និង​លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់។​ ការបង្កើត​ឲ្យ​មាន​មូលនិធិ​ប្រមាណ​១៣០ពាន់លាន​អឺរ៉ូ​ឬ​ស្មើនឹង​១%​នៃ​ផលិតផល​ដុល​សរុប​ក្នុងតំបន់​អឺរ៉ូ​ ​ សម្រាប់​ជួយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​គឺជា​ការចង់បាន​របស់​លោក​ហ្វ្រង់ស័រ​ហូឡង់។

រីឯ​លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​វិញ​ ​ ក្រោយពី​មាន​ការព្រមព្រៀង​ជាមួយ​លោក​ប្រធានាធិបតី​បារាំង​ពាក់ព័ន្ធ​នឹង​នយោបាយ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ ​ ក៏​ទទួល​បាន​មកវិញ​នូវ​កិច្ចសន្យា​រវាង​ប្រមុខ​ដឹកនាំ​បួន​ប្រទេស​សំខាន់ៗ​នៃ​តំបន់​អឺរ៉ូ​ថា​ ​ នឹង​ខិតខំ​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​បញ្ហា​ឧនភាព​ថវិកាជាតិ​ ហើយនិង​វិបត្តិ​ប្រាក់បំណុល។

គួរបញ្ជាក់ថា​ ​ នៅ​ខណៈ​ពេល​ដែល​ជំនួប​កំពូល​នៅ​ទីក្រុង​ព្រុចសែល​នៅ​ថ្ងៃទី​២៨និង២៩​មិថុនា​ខិត​កាន់តែ​ជិត​មកដល់​ ​ គោល​បំណង​ទីមួយ​របស់​លោក​ហូឡង់​គឺ​ធ្វើយ៉ាងណា​ទទួល​យក​ឲ្យ​បាន​ពី​ប្រទេស​អាល្លឺម៉ង់​នូវ​ ការយល់​ព្រមព្រៀងគ្នា​ឲ្យ​មាន​នយោបាយ​អឺរ៉ុប​ជួយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច។

ប៉ុន្តែ​សំណួរ​មួយ​ចោទសួរថា​ តើ​មូលនិធិ​ប្រមាណ​១៣០ពាន់លាន​អឺរ៉ូ​ឬ​ស្មើនឹង​១%​នៃ​ផលិតផល​ដុល​សរុប​ក្នុងតំបន់​អឺរ៉ូ​នេះ​ បានមក​ពីណា?
ឆ្លើយតប​នឹង​សំណួរនេះ​ យើង​គួរ​គូសបញ្ជាក់ថា​ ​ ប្រាក់​១៣០​ពាន់​លាន​​អឺរ៉ូ​នេះ​បានមក​ពី​ការផ្តល់​ឲ្យ​ដោយ​ “ធនាគារ​អឺរ៉ុប​សម្រាប់​វិនិយោគ”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI