រុស្ស៊ី

ខួប​គំរប់​១០ឆ្នាំ​នៃ​ស្ថានីយ​អវកាស​អន្តរជាតិ ហៅ​កាត់ថា SSI

ក្រុម​អវកាសយានិក​អាមេរិកាំង-រុស្ស៊ី-និង​ជប៉ុន​ក្នុង​សន្និសីទ​កាសែត​កាល​ពី ឆ្នាំ ២០០៩
ក្រុម​អវកាសយានិក​អាមេរិកាំង-រុស្ស៊ី-និង​ជប៉ុន​ក្នុង​សន្និសីទ​កាសែត​កាល​ពី ឆ្នាំ ២០០៩ ©Reuters

ខួប​ដែល​ថ្ងៃនេះ​ប្រារព្ធ​ដោយ ១៥​ប្រទេស នៃទ្វីបអឺរ៉ុប អាមេរិក អាស៊ី អាហ្វ្រិក ដែលក្នុង អំឡុង​១០ឆ្នាំ​កន្លងទៅ បាន​រួម​វិភាគទាន ក្នុង​ការសាងសង់​ឡើង​ជា​ស្ថានីយ​នេះ ទាំង​បាន​បញ្ជូន អ្នកអវកាស​របស់​ខ្លួន សរុបទៅជិត ២០០នាក់ ឲ្យ​ទៅ​ស្នាក់នៅ​ធ្វើការ​ស្រាវជ្រាវ ក្នុង​មន្ទីរ​ពិសោធន៍​នេះ ដែល​ហោះ​ជាប្រចាំ​នៅ​អវកាស សំរាប់​បើក​សករាជ​ថ្មី​នៃ​អវកាស។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់​កែវ ឆាយា​ពី​ទីក្រុង​ម៉ូស្គូ

គឺ​១០​ឆ្នាំ​មុន​គត់ ថ្ងៃ​២វិច្ឆិកាឆ្នាំ២០០០ ដែល​ក្រុម​អវកាសយានិក​រុស្ស៊ី-អាមេរិកាំង មាន ​គ្នា​បីនាក់ ក្រោយ​ពី​ហោះ​ចេញ​ពី​ផែនដី​ទៅ​តាមយាន​អវកាស​រុស្ស៊ី​ធុន “ Soyuz TM-31 “បាន​បើក​ទ្វារយាន​Module​របស់​រុស្ស៊ី​ឈ្មោះ” Zvezda“ ហើយ​ហែល​ចូល​ទៅក្នុង​យាន​Module​នោះ ដែល​ដើរ​តួជា ” យាន​មូលដ្ឋាន​ស្នូល ” សំរាប់​សាងសង់​ចេញ​ពី​ទីនោះទៅ គឺ​ស្ថានីយ​អវកាស​អន្តរជាតិ SSI តែម្តង។

ដូច​ដែល​មាន​គ្រោងទុក​អ៊ីចឹង ក្រោយពី​កន្លងផុត​ទៅ ១០ឆ្នាំ ក្នុង​ឆ្នាំ​២០១០នេះ ស្ថានីយ​បាន​ត្រូវ​សាងសង់​រួចស្រេច​បាច់ ដោយសារ​ការផ្គុំ​ដំឡើង​តភ្ជាប់​គ្នា​ជាលំដាប់​លំដោយ សរុប​ទៅ គឺ យានModule ចំនួន​១០​ឯណោះ។ ក្នុងនោះ យាន​Module បួន​ជា​របស់​រុស្ស៊ី យាន Module បួន​ទៀត​ជា​របស់​អាមេរិក ​ យានModule​មួយ​ជា​របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប យានModuleទី១០ គឺជា​​របស់​ជប៉ុន។

ស្ថានីយ​ដែល​ផ្សំ​ឡើង​ពី យាន​Moduleទាំង​១០​នេះ មាន​ទំហំ​សរុប សំរាប់​ពួក​អ្នកអវកាស​ស្នាក់​អាស្រ័យ និង​ធ្វើការ គឺ​ដល់ ១.២០០ម។ ស្ថានីយ​មាន​ទម្ងន់​ដល់​៤៥០​តោន។ វា​មាន​បណ្តោយ​ ដល់ ១០៨ម៉ែត្រ ទទឹង​ដល់​៧៤ ម៉ែត្រ គឺ​ប្រៀប​បាន​នឹង Terrain បាល់ទាត់ ដែល​ហោះ​សំកាំង​ទៅ​ដោយ​ផ្ទាំង​ថ្មពិល​ច្រើន ឥត​គណនា​បំពាក់​នៅ​នឹង​តួខ្លួន​វា សំរាប់​ស្រូប​យក កំដៅ​ព្រះអាទិត្យ​ធ្វើជា​ថាមពល។ វា​ហោះ​ជា​ប្រចាំ ក្នុង​លំហ​ល្ហល្ហេវ​នៃ​អវកាស នៅកំពស់ ៣៤០គីឡូម៉ែត្រ ព័ទ្ធ​ជុំវិញ ផែនដី ដោយ ក្នុង១ជុំៗ ចំណាយ​ពេល​អស់​តែ ១ម៉ោង​កន្លះ បាន​ន័យ​ថា ក្នុង​មួយថ្ងៃ​មួយយប់ វា​ហោះ​បាន ១៦​ជុំព័ទ្ធ​ជុំវិញ​ផែនដី។

ក្នុង​១០ ឆ្នាំ​កន្លងទៅ មាន​អវកាសយានិក ជិត ២០០​នាក់ បាន​ចូលទៅ​ស្នាក់នៅ និង​ធ្វើការ​ស្រាវជ្រាវ​ក្នុង​ស្ថានីយ​នេះ។ គេ​តំណាង​ឲ្យ​១៥​ប្រទេស ពី​ក្នុងនោះ ៨​ប្រទេស តំណាង​ឲ្យ​ទ្វីបអឺរ៉ុប គឺរុស្ស៊ី បារាំង អាល្លឺម៉ង់ អ៊ីតាលី បែលហ្ស៊ីក អេស្ប៉ាញ ហូឡង់ ស៊ុយអែដ ៣​ប្រទេស​តំណាង ឲ្យ​ទ្វីប អាមេរិក គឺ ស.រ.អា កាណាដា ប្រេស៊ីល ៣​ប្រទេស​តំណាង​ឲ្យ​ទ្វីបអាស៊ី គឺ ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និង​ទ្វីប​អាហ្វ្រិក តំណាង​ដោយ សាធារណរដ្ឋ​អាហ្វ្រិក​ខាងត្បូង។

ទំព័រ​អវកាស​ថ្មី​បើក​ដោយ​ស្ថានីយ​អវកាស​អន្តរជាតិ SSI ដែល​នឹង​ដំណើរការ​រហូត​ដល់​ឆ្នាំ ២០២០ គឺ​វា​នឹង​បំពេញ​មុខងារ​ជា​ឈ្នាន់​សំរាប់​ធ្វើការ​ហោះហើរ​បន្ត​ទៅកាន់ ភព​ផ្សេងៗ​ទៀត​នៃ​ប្រព័ន្ធ​សុរិយគតិ​សព្វថ្ងៃ ដែល​មាន ៩ភព រួច​ជា​បឋម គឺ ទៅ​កាន់​ភព​ផ្កាយ​អង្គារ។

ជា​កិត្តិយស​ដល់​ខួប ១០​ឆ្នាំ​នៃ​ស្ថានីយ SSI នៅ​ថ្ងៃនេះ អវកាសយានិក​៦​នាក់​ដែល​កំពុង​ស្នាក់នៅ​ធ្វើការ ក្នុង “ផ្ទះ​អវកាស​នេះ” គឺ​៣​នាក់​ជា​ជាតិ​រុស្ស៊ី ៣នាក់​ជា​ជាតិ​អាមេរិក បាន​ធ្វើ Conference Video ពីទីនោះ​តែម្តង សំរាប់​ពួកអ្នកកាសែត នៅ​តាម​ប្រទេស​ប្លែកៗ​លើ​ផែនដី​ឯណេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI