អូទ្រីស

ការបើក​សន្និសីទ​ពិភពលោក​លើកទី​១៨​ស្តីពី​រោគ​អេដស៍​ឬ​ស៊ីដា

សញ្ញា​ជា​និមិត្តរូប​នៃ​ការប្រយុទ្ធប្រឆាំង​នឹង​​ជំងឺ​អេដស៍ ឬ​ស៊ីដា នៅ​លើ​អគារ​រដ្ឋសភា​អូទ្រីស
សញ្ញា​ជា​និមិត្តរូប​នៃ​ការប្រយុទ្ធប្រឆាំង​នឹង​​ជំងឺ​អេដស៍ ឬ​ស៊ីដា នៅ​លើ​អគារ​រដ្ឋសភា​អូទ្រីស REUTERS/Herwig Prammer

ចាប់​ពីថ្ងៃ​អាទិត្យ ១៨​កក្កដា នេះ​ទៅ ជនជាង ២ម៉ឺន​នាក់​នឹង​ចូលរួម​ក្នុង​សន្និសីទ​ពិភពលោក​​លើក​ទី១៨ ស្តីពី​រោគ​អេដស៍ ឬ​ស៊ីដា នៅ​ទីក្រុង​វីយែន។ សន្និសីទ​នេះ​ប្រព្រឹត្ត​ទៅ​រាល់​២​ឆ្នាំ​ម្តង នៅឆ្នាំ​២០១០​នេះ នៅ​ប្រទេស​អូទ្រីស។ សំណួរមួយចោទឡើង គឺ តើ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​អាច​ជា​បុព្វហេតុ​នៃ​កង្វះ​ហិរញ្ញប្បទាន សម្រាប់​ការប្រយុទ្ធទល់នឹង​រោគ​អេដស៍ ឬ​ស៊ីដា ឬទេ?

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​ប្រែសម្រួល​ដោយ​ វីនស្តុន រតនា

សហគមន៍​អ្នកវិទ្យាសាស្រ្ត និង​អង្គការ​ប្រយុទ្ធ​ទល់នឹង​រោគ​អេដស៍ ឬ​ស៊ីដា មាន​មតិ​ត្រូវគ្នា ក្នុងការ​ថ្កោលទោស​ការថយចុះ​យ៉ាង​ធ្ងន់ធ្ងរក្នុង​ហិរញ្ញប្បទាន។ ក្រុមប្រទេស​អ្នកមាន​ត្បិតត្បៀត​ថវិកា​របស់​ខ្លួន ជាហេតុ​នាំឲ្យ​ចុះទន់ខ្សោយការចម្រើនជឿនលឿនបំពេញបាន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ជា​អាទិ៍នៅបណ្តាប្រទេស​អាហ្វ្រិក ស្ថិត​នៅ​ខាង​ត្បូង​វាលខ្សាច់​សាហារ៉ា ក្នុង​ការទទួល​ព្យាបាលពួកអ្នកផ្ទុក​មេរោគ​អេដស៍ ឬ​ស៊ីដា​នៅក្នុង​ខ្លួន។

កាលពី​៤ឆ្នាំមុន នៅ​អ.ស.ប. គ្រប់តែ​ប្រទេស​លើ​ពិភពលោកបានសន្យាថា នឹង​ផ្តល់​ការទទួល​ព្យាបាល​ជា​សកលឲ្យ​គ្រប់តែ​ពួក​អ្នកផ្ទុក​មេរោគ​អេដស៍ ឬ​ស៊ីដា នៅក្នុង​ខ្លួន។​ ដើម្បី​សម្រេច​បាន​គោលដៅ​នេះ គេ​ត្រូវការប្រាក់​ចំនួន ២ម៉ឺន ៥ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០១០​នេះ ប៉ុន្តែ នៅ​ខណៈនេះ គេមាន​ប្រាក់​ចំនួន​តែ ១ម៉ឺន ១ពាន់​លាន​ដុល្លារប៉ុណ្ណោះ នៅក្នុង​កេស ឬ​ហិបប្រាក់។ ហេតុនេះ​ហើយ​បាន​ជា​ទាំងអស់​គ្នា​ចោទសួរ​ខ្លួន​ឯងថា ចុះតើ​នរណា​នឹង​ត្រូវ​ទទួលរង​ថ្មបាក់ ពីការកាត់បន្ថយ​ប្រាក់​ថវិកា?

សហរដ្ឋ​អាមេរិក​ត្រូវគេ​ចង្អុល​មុខចោទប្រកាន់ ដ្បិត​លោក​បារ៉ាក់ អូបាម៉ា បាន​សន្យា​ថា នឹង​បង្កើន​ជា​៣ដង ប្រាក់ជំនួយ​ផ្តល់​ឲ្យ​បណ្តា​ប្រទេស​ក្រីក្រ ប៉ុន្តែ ដោយហេតុតែ​មាន​​វិបត្តិ​សេដ្ឋកិច្ច ចាប់តាំងពី​គាត់​ជាប់ឆ្នោត​ជា​ប្រធានាធិបតីមក គ្មាន​អ្វី​ត្រូវ​បាន​ធ្វើ​ទេ។

នៅឆ្នាំនេះ សមាគមអន្តរជាតិ​ប្រយុទ្ធទល់​នឹង​រោគ​អេដស៍ ឬ​ស៊ីដា បាន​ជ្រើសរើស​យក​ទីក្រុង​វីយែន ពីព្រោះ​ទីក្រុង​នេះ​ត្រូវ​គេចាត់ទុក​ជា​ទ្វារ​នៃ​អឺរ៉ូបខាងកើត​ និង​អាស៊ី​កណ្តាល។ គឺ​ភូមិភាគ​នេះហើយ​ដែល​ទទួលរង​ការ​រីករាលដាល នៃ​រោគ​អេដស៍ ឬ​ស៊ីដា និង​បណ្តាល​មកពី​នយោបាយ​បង្រ្កាប​គាបត្បៀត ប្រយុទ្ធទល់នឹង​ការយក​ម្ជុល​ចាក់​បាញ់បញ្ចូល​គ្រឿងញៀន​ទៅក្នុង​សាច់។ ពួក​អ្នក​សេព ឬ​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​គេ​ចាត់ទុក​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស ហើយ​ភាគច្រើន​នៅតែ​ត្រូវគេ​បដិសេធ​ចេញ​ពី​កម្មវិធី​ព្យាបាល​បង្ការ​រោគ​អេដស៍ ឬស៊ីដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI