អាមេរិក-​អ៊ីស្រាអែល

លោក អូបាម៉ា បំពេញ​ទស្សនកិច្ច​នៅ​ដើមបូព៌ា​ដោយ​ដៃ​ទទេ

លោក​ប្រធានាធិបតី​ (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល (​ស្តាំ) ទទួល​ស្វាគមន៍​លោក​ Barack Obama  នៅ​ទីក្រុង​ Jérusalem ថ្ងៃទី​២០​មីនា ២០១៣
លោក​ប្រធានាធិបតី​ (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល (​ស្តាំ) ទទួល​ស្វាគមន៍​លោក​ Barack Obama នៅ​ទីក្រុង​ Jérusalem ថ្ងៃទី​២០​មីនា ២០១៣ AFP/Jack Guez

គេ​ត្រូវ​រង់​ចាំ​ដល់​អណត្តិ​ទីពីរ​ទើប​បាន​ឃើញ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ នៅ​​ថ្ងៃ​ពុធ​ទី ២០​ មីនា​ឆ្នាំ​២០១៣​ នៅ​ប្រទេស​អ៊ីស្រាអែល​និង​ដែន​ដី​ប៉ាឡេស្ទីន។ តាំង​ពី​ជា​ច្រើន​សប្តាហ៍​ សេតវិមាន​បាន​គូសបញ្ជាក់​ប្រាប់ជាមុន​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​អូបាម៉ា ទៅ​កាន់​តំបន់​ដើម​បូព៌ា​ គឺ​ដើម្បី​ “ស្តាប់” មិន​មែន​ដោយ​នាំ​យក​ផែនការ​សន្តិភាព​កាន់​ក្នុង​ដៃ​​ទៅ​ជាមួយ​ទេ !

ផ្សាយពាណិជ្ជកម្ម

មិន​ដែល​សោះ​ តាំង​ពី​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​២០០៩​មក ដែល​លោក​ប្រធានាធិបតី​បាន​អញ្ជើញ​ទៅ​ជាន់​ទឹក​ដី​អ៊ីស្រាអែល។ ​ អាមេរិក​​​ជា​សម្ព័ន្ធមិត្ត​ ដ៏​សំខាន់​បំផុត​របស់​អ៊ីស្រាអែល ជា​អ្នក​ការពារ​អ៊ីស្រាអែល​ ឬ​អាច​និយាយ​បាន​ថា​ជា​អ្នក​ធានា​ស្ថិរភាព​តំបន់​ផង។ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជាដូច្នេះ ?! នេះ​មិន​មែន​មាន​ន័យ​ថា​អាមេរិក​លែង​ចាប់​អារម្មណ៍​នឹង​អ៊ីស្រាអែល​ឡើយ គ្រាន់​តែ​ថា​លោក​អូបាម៉ា​ទំនង​ជា​ចង់​ដក​ខ្លួន​​ឱ្យ​ឆ្ងាយ​បន្តិច​ពី​នយោបាយ​អ៊ីស្រាអែលបន្តិច ព្រោះ​កាលពី​បាន​ជាប់​ឆ្នោត​លើក​ដំបូង​ភ្លាម លោក​អូបាម៉ា មាន​ទំនោរ​ចង់​ដោះស្រាយ​វិបត្តិ​អ៊ីស្រាអែល​ប៉ាឡេស្ទីន ដោយ​បាន​ដាក់​គំនាម​ឱ្យ​អ៊ីស្រាអែល​បញ្ឈប់​​ការ​ធ្វើ​អាណានិគមកិច្ច។

 
ដើម្បី​ជា​ការ​ចាប់​ផ្តើម​​សំរាប់​អណត្តិ​ថ្មី លោក​អូបាម៉ា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​​ប្រទេស​អ៊ីស្រាអែល​ ចាប់​ពី​​ថ្ងៃពុធ​នេះ។ ជា​ទស្សនកិច្ច​ដែល​មាន​លក្ខណៈ​ជា​និមត្តិរូប​បំផុត។ គ្រាន់​តែ​ទៅ​ដល់​អ៊ីស្រាអែល​ភ្លាម លោក​អូបាម៉ា ត្រូវ​ទៅ​ទស្សនា​​មណ្ឌល​ផ្ទុក​ប្រព័ន្ធ​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល​ ដែល​​​អាមេរិក​ជា​ផ្តល់​ហិរញ្ញប្បទាន​ និង​ដែល​មាន​ប្រសិទ្ធិភាព​ជាក់​ស្តែង​តាម​រយៈ​ការ​ចាប់​គ្រាប់​រ៉ូកែត​របស់​ប៉ាឡេស្ទីនពី​តំបន់​ហ្កាហ្សា។

បន្ទាប់​មក​ ប្រធានាធិបតី​អាមេរិក ត្រូវ​ជួប​សន្ទនា​ជាមួយ​​សមភាគី​អ៊ីស្រាអែល លោក ស៊ីម៉ុង ប៉េរេស (Simon Peres) លោក​​នាយករដ្ឋមន្ត្រី​ នេតាន់យាហ៊ូ (Benyamen Netanyahu) ស្តី​អំពី​​វិបត្តិ​អ៊ីរ៉ង់ ស៊ីរី និង​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក លោក​បារ៉ាក់ អូបាម៉ា នឹង​អញ្ជើញ​ទៅ​ក្រុង​ Ramallah ដើម្បី​ជួប​ជាមួយ​នឹងប្រធានដែនដី​ប៉ាឡេស្ទីន ម៉ះមូត​អាបាស មុន​នឹង​ផ្តល់​សុន្ទរកថា​នៅ​ចំពោះ​មុខ​និស្សិត​អ៊ីស្រាអែល​នាទីក្រុង​ ​​Jerusalem។ អ្នក​វិភាគ​មួយ​ចំនួន​កំពុង​មាន​ចម្ងល់​ ចំពោះ​ការ​ដែរ​លោក​ប្រធានាធិបតី​អាមេរិក​ មិន​អញ្ជើញ​ទៅ​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​សភា​អ៊ីស្រាអែល។
 នៅ​ថ្ងៃសុក្រ​ លោក​ប្រធានាធិបតី​នឹង​​​ទៅ​គោរព​ផ្នូរ​អតីត​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ Yitzhak Rabinដែល​លួច​ធ្វើ​ឃាត និង​អញ្ជើញវិហារ Bethléem ដ៏​សក្តិសិទ្ធិ​ ទឹកដី​នៃ​កំណើត​ព្រះ​យេស៊ូ តាម​ឧទ្ធម្ភាចក្រ ដើម្បី​ចៀសវាង​កុំ​ឱ្យ​មាន​ការ​ប៉ះទង្គិច​ ឬ​កំហឹង​​ពី​បណ្តា​ជន​ប៉ាឡេស្ទីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI