អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ពិភពលោក​ប្រារព្ធ​ទិវា​អន្តរជាតិប្រឆាំង​នឹង​​​​និទណ្ឌភាពនៃ​​ឧក្រិដ្ឋកម្មលើ​​អ្នក​សារព័ត៌មាន ជា​លើក​ដំបូង

សំឡេង ០៦:០៣
ថ្ងៃទី ២ វិច្ឆិកា ត្រូវ​បាន​កំណត់​ដោយ​អ.ស.ប. ជា​ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​​លើ​អ្នក​សារព័ត៌មាន
ថ្ងៃទី ២ វិច្ឆិកា ត្រូវ​បាន​កំណត់​ដោយ​អ.ស.ប. ជា​ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​​លើ​អ្នក​សារព័ត៌មាន RFI
ដោយ៖ អៀង សុខម៉ិញ
២៦ នាទី

ថ្ងៃ​នេះ​ជា​ខួប​មួយ​ឆ្នាំ​គត់​​ដែល​វិទ្យុ​បារាំង​អន្តរជាតិ​បាន​បាត់​បង់​សហជីវិន​ពីរ​រូប។ អ្នកស្រី ស្ហ៊ីឡែន​ឌុយប៉ុង (Gislaine Dupont) អ្នក​កាសែត និង​លោក​ ក្លូដ​ បែរឡុង (Claude Verlon) អ្នក​ជំនួយ​ការ​បច្ចេកទេស ត្រូវ​បានឃាតករ​ចាប់ខ្លួន​និង​ធ្វើ​ឃាត​​នៅ​ក្រុង​គីដាល់​ប្រទេស​ម៉ាលី។ ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធអ្នក​កាសែត​ទាំង​ពីរ អង្គការ​សហប្រជាជាតិ​​បាន​ចេញ​ក្រិត្យ​អនុម័ត​យក​ថ្ងៃ​ទី ២ វិច្ឆិកា​ ជា​ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​​និទណ្ឌភាពនៃ​​ឧក្រិដ្ឋកម្ម​លើ​​អ្នក​កាសែត ចាប់​ពី​ឆ្នាំ​២០១៤​នេះ​តទៅ។​

ផ្សាយពាណិជ្ជកម្ម

អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ នៅឆ្នាំ ២០១៣ នា​ឱកាស​ជំនួប​ប្រជុំ​លើក​ទី ៦៨ កំណត់​​យក​ថ្ងៃទី ២ វិច្ឆិកា ជា​ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​កាសែត និង​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នកកាសែត​របស់វិទ្យុបារាំង​ពីររូប ស្លាប់​នៅ​ប្រទេសម៉ាលី​ពេល​កំពុង​បំពេញ​បេសកកម្ម។

 
ទិវា​អន្តរជាតិ​​ប្រឆាំង​នឹង​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​កាសែត បាន​ចូល​ជា​ធរមាន​និង​ផ្លូវការ ជាលើក​ដំបូង នៅ​ថ្ងៃទី ២ វិច្ឆិកា ២០១៤ និង​ដែល​អង្គការ​សហប្រជាជាតិ​ចង់​បំផុស​បំផុល​ឱ្យ​បាន​ទូលំទូលាយ​បំផុត ឱ្យពិភពលោក រដ្ឋាភិបាល ប្រព័ន្ធ​ឃោសនា​ព័ត៌មានបែប​បូរាណ-​ទំនើប អង្គការ​ក្រៅ​រដ្ឋាភិបាល សង្គម​ស៊ីវិល​ បាន​ស្គាល់ និង​លើក​តម្កើង​ទិវា​នេះ​ ជា​បន្ត​រៀង​ទៅ​​ពី​មួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ។ ទិវា​អន្តរជាតិ ដែល​នឹង​ក្លាយ​ជា​ទម្រ​​ដ៏​សំខាន់​មួយ​ក្នុង​ការរួម​ចំណែក​​ធ្វើ​ឱ្យ​ប្រសើរ​ឡើងផ្នែក​​សុវត្ថិភាព​ និង​សន្តិសុខ​សម្រាប់​​អ្នក​សារព័តមាន​ ក្នុ​ង​ប្រយោជន៍​បំរើ​ការ​អភិវឌ្ឍន៍​សង្គម។

ជាមួយ​នឹងការ​​កំណត់​ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​សារព័ត៌មាន អង្គការ​សហប្រជាជាតិ​​ចង់​​ជំរុញ​ឱ្យ​រដ្ឋ​​ជា​សមាជិក​  ខិត​ខំ​ធ្វើ​គ្រប់​យ៉ាង​ ការពារ​មិន​ឱ្យ​មានអំពើ​ហិង្សា​ ឬ​បើ​មាន​ ត្រូវ​តែ​បញ្ជូន​ជន​ឧក្រិដ្ឋ​ទៅ​ឱ្យ​តុលាការ​កាត់​ទោស​តាមច្បាប់ និង​ធានា​បរិយាកាស​សមស្រប​សម្រាប់​ឱ្យ​អ្នក​សារព័ត៌មាន​បំពេញ​ការងារ​បាន​ដោយ​ឯករាជ្យ និង​ដោយ​គ្មានការជ្រៀតជ្រែក។

តើ​ពិភពលោក​នឹង​ក្លាយ​ទៅ​ជា​យ៉ាងណា​បើ​គ្មានការ​ផ្តល់​ព័ត៌មាន

ក្នុង​មួយ​ទសវត្ស​ចុងក្រោយ​នេះ​ បើ​តាម​អង្គការ​អ្នក​យកការណ៍គ្មាន​ព្រំដែន មាន​អ្នក​កាសែត​ ជាង​៧០០​នាក់​ទេ ត្រូវ​បាន​គេ​​សម្លាប់​ ពេល​កំពុង​បំពេញ​ការងារ ព្រោះ​តែ​ចង់​​ផ្តល់​ព័ត៌មាន​ដល់​សាធារណជន។ នេះ​មិនរាប់​អំពី​​ចំនួន​អ្នកកាសែត​ដែល​រង​ការ​គំរាម​កំហែង មិនដល់​ស្លាប់ ការ​ចាប់​ឃុំឃាំង ធ្វើ​បាបរាងកាយ​ ការ​បង្ក្រាប​ ...​ជា​រៀង​រាល់​ថ្ងៃ។

អ្វីដែលគួរ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង គឺ​ក្នុង​ចំណោម​បទ​ឧក្រិដ្ឋ​១០ មាន​យ៉ាង​ច្រើន​មួយ​ករណី​ប៉ុណ្ណោះ​ដែល​សម្រេច​បាន​ដល់​ការ​ដាក់​ទោស ។ តុល្យការ​ដ៏​គួរ​ឱ្យ​ព្រឺព្រួច​នេះ បាន​ធ្វើ​វិជ្ជាជីវៈ​ជា​អ្នកយក​ព័ត៌មាន ក្លាយ​ជា​របរ​ប្រកប​ដោយ​គ្រោះថ្នាក់ គ្រោះ​ថ្នាក់​ដល់​ជីវិត​ទៀត។ បើ​ពិបាក​ បើ​មាន​គ្រោះថ្នាក់ នោះនឹង​មាន​​​​គ្រោះគ្មាន​​ទទួល​បាន​ព័ត៌មាន។ តើ​គេ​អាច​ស្រមៃបាន​ទេ​​​ថា​ពិភពលោក​នឹង​ក្លាយ​ទៅ​ជា​ណា​​ ប្រសិន​បើ​គ្មាន​ការ​ផ្តល់​ព័ត៌មាន​អ្វី​នោះ។ នេះ​ហើយ​ជា​កម្មវត្ថុ​​ដែល​ពិភពលោក​អ្នក​កាសែត ចង់​បញ្ជ្រៀប​ក្នុង​អារម្មណ៍​​អ្នក​ស្តាប់​វិទ្យុ​ ទូរទស្សន៍ ប្រព័ន្ធ​អ៊ីនធ័រនែត ប្រព័ន្ធ​សង្គម ។ល។និង​។ល។ នៅ​លើ​ពិភពលោក​ទាំង​មូល អំពី​មូលដ្ឋាន​គ្រឹះ​នៃលទ្ធិ​ប្រជាធិបតេយ្យ អំពី​ភាព​ចាំបាច់​នៃ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន  នា​ឱកាស​ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន លើក​ទី​មួយ នៅ​​ថ្ងៃ​ទី​២​វិច្ឆិកានេះ។

អ្នកកាសែត​វិទ្យុ​បារាំង​អន្តរជាតិ​ស្លាប់​នៅ​ម៉ាលី ការ​អង្កេត​អូសជើង
 
ទាក់ទង​នឹង​ការ​អង្កេតសំណុំ​រឿង​មរណភាព អ្នកស្រី Ghislaine Dupont និងលោក Claude Verlon កាលពី​ថ្ងៃពុធ​ទី ២៩ តុលា រដ្ឋមន្ត្រីក្រសួង​ការបរទេស​បារាំង បាន​ប្រកាស​ថា​នៅ​ចំពោះ​មុខ​សភា​ ការ​ស៊ើប​អង្កេត​បាន​ឈាន​ដល់​ដំណាក់កាល​ផ្តាច់​ព្រ័ត្រ​ហើយ !

អ្នកកាសែត​បារាំង​ទាំង​ពីរ​ ត្រូវ​បាន​គេ​ចាប់​ខ្លួន​ រួច​សម្លាប់​ នៅ​ពេល​ចេញ​ពី​ផ្ទះ​មេដឹកនាំ​​ជាតិ​និយម​អាហ្សាវ៉ា ក្រោយ​ពី​សម្ភាសន៍​រួច។ មួយ​ឆ្នាំ​ក្រោយ​ មាន​ចំណុច​អាថ៌កំបាំង​ច្រើន​ទម្លាយ​មិន​ចេញ ការស៊ើប​អង្កេត​ជួប​ភាពស្មុគ​ស្មាញ​ខ្លាំង ជាពិសេស​ដោយ​សារ​ស្ថានភាព​នៅ​ក្រុង​គីដាល់ ​ដែល​អំណាច​កណ្តាល​ម៉ាលី​ក្តោប​មិន​ជុំ។ ទោះបី​ការ​អង្កេត​យឺត​អូសជើង​យ៉ាងណា ក៏​ក្រុមគ្រួសារ​អ្នក​កាសែត​ទាំងពីរ​ នៅ​តែ​មាន​ក្តី​សង្ឃឹម​ជានិច្ច​ថា​នឹង​ដឹង​ការពិត​​បាន នៅ​ថ្ងៃ​ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ