ការិយាល័យបោះឆ្នោតជិត២ម៉ឺនកន្លែងត្រូវបានរៀបចំរួចរាល់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ដំណើរការរៀបចំការិយាល័យបោះឆ្នោត គឺជាការងារដ៏មមាញឹកបំផុតសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ចាប់តាំងពីព្រឹកព្រលឹមថ្ងៃសៅរ៍ទី២មិថុនានេះ មន្ត្រីទទួលបន្ទុករៀបចំការបោះឆ្នោតគ្រប់ជាន់ថ្នាក់ បានផ្តើមរៀបចំការការិយាល័យបោះឆ្នោតដែលមានចំនួនសរុបជិត២ ម៉ឺនការិយាល័យនៅទូទាំងប្រទេសសម្រាប់ទទួលអ្នកបោះឆ្នោតនៅថ្ងៃអាទិត្យស្អែក។ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ នឹងនៅប្រព្រឹត្តទៅ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៣រសៀល។
សំឡេងឃោសនាគគ្រឹកគគ្រេង បានស្ងប់ស្ងាត់ហើយនៅថ្ងៃសៅរ៍នេះប៉ុន្តែសកម្មភាពដ៏មមាញឹកបំផុតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺការរៀបចំការិយាល័យបោះឆ្នោត។ លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប បានប្រាប់ឲ្យដឹងថា បុគ្គលិក គ.ជ.ប ជាង ១០ម៉ឺននាក់នៅទូទាំងប្រទេសបានរៀបចំការិយាល័យបោះឆ្នោតយ៉ាងមមាញឹកបំផុតដើម្បីត្រៀមទទួលអ្នកបោះឆ្នោតនៅថ្ងៃស្អែក។
សម្ភារៈសម្រាប់បម្រើឲ្យការបោះឆ្នោត ត្រូវបានបញ្ជូនចេញពីទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោត ឃុំសង្កាត់ ទៅកាន់ការិយាល័យបោះឆ្នោតរួចរាល់អស់ហើយនៅថ្ងៃសៅរ៍នេះ។ ក៏មានការប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីដឹកសម្ភារៈឆ្នោតទៅកាន់ការិយាល័យដែលនៅតំបន់ឆ្ងាយដាច់ស្រយាលមួយចំនួនផងដែរ។ សម្រាប់ការបោះឆ្នោតនៅថ្ងៃស្អែកនេះក៏មានអ្នកសង្កេតការណ៍ចំនួនជាង១០ម៉ឺននាក់ចូលរួមសង្កេតការណ៍ផងដែររាប់ទាំងភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ឯករាជ្យជាតិនិងអន្តរជាតិព្រមទាំងមានភ្ញៀវពិសេសដែលជាតំណាងស្ថានទូតបរទេស និងអង្គការអន្តរជាតិនានាចំនួន២៤នាក់ផង។
ការិយាល័យបោះឆ្នោតនឹងបើកទ្វារចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៣រសៀលនៅថ្ងៃអាទិត្យទី៣មិថុនាស្អែកនេះដើម្បីទទួលអ្នកបោះឆ្នោតជាង៩លាន២សែននាក់ឲ្យទៅជ្រើសរើសអ្នកដឹកនាំថ្នាក់មូលដ្ឋានរបស់ខ្លួននៅក្នុង ឃុំសង្កាត់ចំនួន ១ ៦៣៣ នៅទូទាំងប្រទេស។ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សរុបចំនួន ១១.៤៥៩ នាក់នឹងត្រូវជ្រើសរើសឲ្យ បម្រើការងារក្នុងក្រុមប្រឹក្សាឃុំសង្កាត់ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុបជាង១១ម៉ឺននាក់។
មានគណបក្សនយោបាយចំនួន១០ដែលបានចុះឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតនេះប៉ុន្តែមានតែគណបក្ស ប្រជាជនកម្ពុជាមួយប៉ុណ្ណោះដែលបានដាក់បេក្ខភាពរបស់ខ្លួនគ្រប់ឃុំសង្កាត់ទាំងអស់ ចំណែកគណបក្សផ្សេងទៀតជាពិសេសគណបក្សតូចៗបានដាក់បេក្ខជនរបស់ខ្លួនក្នុងឃុំសង្កាត់តិចតួចប៉ុណ្ណោះ។
ក្រោយពីបិទការិយាល័យនៅម៉ោង៣រសៀល ការរាប់សន្លឹកឆ្នោតនឹងចាប់ផ្តើមនៅនឹងកន្លែងតែម្តង។ លទ្ធផលបោះឆ្នោតនឹងត្រូវគេដឹងជាបណ្តើៗចាប់ពីល្ងាចថ្ងៃអាទិត្យតទៅបន្ទាប់ពីការរាប់សន្លឹកឆ្នោតចប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ