ឆ្នាំ២០១៣ ជាឆ្នាំមានសីតុណ្ហភាពក្តៅជាងគេ លំដាប់ទី៦ គិតចាប់ពីឆ្នាំ១៨៥០មក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
យោងតាមស្ថិតិផ្លូវការរបស់អង្គការឧតុនិយមពិភពលោក ចុះផ្សាយជាសាធារណៈ នៅថ្ងៃពុធ៥កុម្ភៈនេះ ឆ្នាំ២០១៣ គឺជាឆ្នាំមានសីតុណ្ហភាពក្តៅជាងគេ លំដាប់ទី៦ គិតចាប់ពីឆ្នាំ១៨៥០មក។ សីតុណ្ហភាពឆ្នាំ២០១៣ គឺក្តៅដូចជាកាលពីឆ្នាំ២០០៧ដែរ។ សីតុណ្ហភាពជាមធ្យមលើផ្ទៃដី និងនៅមហាសមុទ្រ ក្នុងភពផែនដីយើងនេះ មានដល់ទៅជាង០,៥អង្សា លើសពីសីតុណ្ហភាពធម្មតា ដែលបានព្យាករណ៍ទុក ចន្លោះពីឆ្នាំ១៩៦១ដល់ឆ្នាំ១៩៩០។
ឆ្នាំ២០១៣ គឺជាឆ្នាំមានសីតុណ្ហភាពក្តៅជាងគេ លំដាប់ទី៦ គិតចាប់ពីឆ្នាំ១៨៥០មក។ ទិន្នន័យស្តីពីសីតុណ្ហភាពឆ្នាំ២០១៣ របស់អង្គការឧតុនិយមពិភពលោក ចុះផ្សាយជាសាធារណៈ នៅថ្ងៃពុធនេះ ផ្អែកលើទិន្នន័យរបស់វិទ្យាស្ថានចំនួន៣ គឺវិទ្យាស្ថានសម្រាប់ការសិក្សាលំហអាកាសរបស់អង្គការណាសា មជ្ឈមណ្ឌលទិន្នន័យឧតុនិយមជាតិអាមេរិក និងការិយាល័យមួយរបស់អង់គ្លេស។
ជារួម ឆ្នាំចំនួន១៣ ក្នុងចំណោមឆ្នាំចំនួន១៤ដែលមានសីតុណ្ហភាពក្តៅជាងគេ គិតចាប់ពីជំនាន់បដិវត្តន៍ឧស្សាហកម្មមក សុទ្ធតែជាឆ្នាំដែលស្ថិតក្នុងសតវត្សទី២១យើងនេះ។ ឆ្នាំ២០០៥ និងឆ្នាំ២០១០ ជាឆ្នាំមានសីតុណ្ហភាពកំពូល គិតជាមធ្យមគឺមាន០,៥៥អង្សា លើសពីសីតុណ្ហភាពធម្មតា។ គេសង្កេតឃើញ សហរដ្ឋអាមេរិករងសីតុណ្ហភាពក្តៅជាងគេ ក្នុងឆ្នាំ២០១២ ហើយអូស្ត្រាលីរងសីតុណ្ហភាពក្តៅដល់កម្រិតកំពូល ក្នុងឆ្នាំ២០១៣។
សីតុណ្ហភាពមធ្យមឆ្នាំ២០១៣ គូសបញ្ជាក់ពីទំនោរឆ្ពោះទៅរកការកើនឡើងនៃសីតុណ្ហភាព សម្រាប់រយៈពេលវែង។ គិតជាមធ្យម សីតុណ្ហភាពឆ្នាំ២០១៣ មាន០,០៣អង្សា លើសពីសីតុណ្ហភាពធម្មតា គិតក្នុងទសវត្សចុងក្រោយ ឆ្នាំ២០០១-២០១០។ ហើយសីតុណ្ហភាពឆ្នាំ២០១៣ គឺខ្ពស់ជាងឆ្នាំ២០១២ និងឆ្នាំ២០១១។
យោងតាមអង្គការឧតុនិយមពិភពលោក ដោយសារតែឧស្ម័នផ្ទះកញ្ចក់បានប្រមូលផ្តុំណែនតាន់តាប់ក្នុងបរិយាកាស ការកើនកំដៅសីតុណ្ហភាពនឹងបន្តមាន សម្រាប់កូនចៅជំនាន់ក្រោយយើងនេះទៀត។ គួរបន្ថែមថា ការរីកកំដៅសីតុណ្ហភាព និងការរលាយទឹកកក ក្នុងផែនដីយើងនេះ ជាមូលហេតុធ្វើអោយកំពស់ទឹកសមុទ្រកើនឡើង។ អ្នកជំនាញឧតុនិយមព្យាករណ៍ទុកថា ពីពេលនេះរហូតដល់ឆ្នាំ២១០០ សីតុណ្ហភាពនឹងកើនកំដៅពី០,៣ ទៅ៤,៨អង្សាថែមទៀត លើសពីទិសដៅសីតុណ្ហភាព២អង្សា ដែលប្រទេស១៩៥ទូទាំងពិភពលោកចង់បាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ