សហភាពជាតិអាមេរិកខាងត្បូង (UNASUR) គាំទ្របូលីវី បង្ខំអឺរ៉ុបឱ្យសុំទោស
ប្រមុខដឹកនាំរដ្ឋនៃសហភាពអាមេរិកខាងត្បូងមួយចំនួនធំបានសម្តែងសាមគ្គីភាពជាមួយប្រទេសបូលីវី ដោយបានសេចក្តីប្រកាសព័ត៌មានរួមគ្នា ទាមទារឱ្យអឺរ៉ុបសុំទោសជាសាធារណៈ ចំពោះទង្វើបិទផ្លូវអាកាសហាមឃាត់មិនឱ្យយន្តហោះប្រធានាធិបតី បូលីវី លោក អេវ៉ូ ម៉ូរ៉ាឡេស ហោះកាត់។ អឺរ៉ុបហាមឃាត់ ព្រោះមានពាក្យចចាមអារាមថា Edward Snowden ធ្វើដំណើរទៅបូលីវីជាមួយ បានជំរុញឱ្យយន្តហោះប្រធានាធិបតីបូលីវី ចុះចតជាបន្ទាន់នៅអូទ្រីស្ត។
ចុះផ្សាយនៅថ្ងៃ៖
សំណុំរឿង Edward Snowden អតីតបុគ្កលិករបស់ទីភ្នាក់ងារស៊ើបការណ៍អាមេរិក NSA កំពុងតែបំពុលទំនាក់ទំនងការទូតអាមេរិក អឺរ៉ុបជាមួយនឹងក្រុមប្រទេសនៅទ្វីបអាមេរិកខាងត្បូងកាន់តែខ្លាំងឡើងៗ។
ទោះបីជាលោកប្រធានាធិបតី ម៉ូរ៉ាឡេស បានអញ្ជើញទៅដល់មាតុប្រទេសវិញ ជាមួយនឹងការយឺតយ៉ាវតែ ២៤ម៉ោង ក៏ដោយ ក៏បូលីវី មិនរំសាយកំហឹងដែរ ! បូលីវីបានរៀបចំជំនួបតូចមួយនៃក្រុមប្រទេសក្នុងសហភាពជាតិអាមេរិកខាងត្បូង Unasur។ Unasur បានសេចក្តីប្រកាសព័ត៌មានរួម ទាមទារឱ្យអឺរ៉ុប (បារាំង ព័រទុយហ្កាល់ អេស្ប៉ាញ និងអ៊ីតាលី) ពន្យល់បំភ្លឺហេតុផលនៃការបិទផ្លូវអាកាស និងធ្វើការសុំទោសជាសាធារណៈ។
ថ្វីបើគ្មានឈ្មោះអាមេរិកក្នុងសេចក្តីប្រកាសព័ត៌មានរួមមែន ប៉ុន្តែដើម្បីជាការឆ្លើយតបទៅនឹងទង្វើរបស់សហរដ្ឋអាមេរិក ដែលទំនងជានៅពីក្រោយខ្នង និងជាអ្នកដាក់គំនាបលើអឺរ៉ុបនោះ លោកប្រធានាធិបតីបូលីវី អាចនឹងសម្រេចបិទស្ថានទូតអាមេរិក ប្រចាំទីក្រុង La Paz ទៀតផង ។ បារាំងបានសម្តែងការសោកស្តាយភ្លាមតាំងពីថ្ងៃល្ងាចថ្ងៃពុធ ប៉ុន្តែមិនគ្រប់គ្រាន់នឹងរំសាប Unasur ទេ ព្រោះយល់ថាជាទង្វើអមិត្ត និងមិនសមហេតុផល។
សូមបញ្ជាក់ថាក្រុម Unasur មាន សមាជិកសរុប ១២ ប្រទេស ៖ កូឡុំប៊ី អេក្វាទ័រ ប៉េរូ បូលីវី អាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ វេណេស៊ុយអេឡា ស៊ីលី ហ្គីយ៉ាន និង សូរីណាម។ ប៉ុន្តែប្រេស៊ីល ដែលបញ្ជូនត្រឹមតំណាងការទូតឱ្យចូលរួមក្នុងជំនួប Unasur ហាក់មិនចង់លូកលាន់ក្នុងសំណុំរឿងនេះទេ។ ឯប្រទេសស៊ីលី ប៉េរូ និងកូឡុំប៊ី ជាសម្ព័ន្ធមិត្តអាមេរិក គ្មានវត្តមានតំណាងការទូតឬប្រធានាបតីនាឱកាសនេះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ