អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កាតា និង​អារ៉ាប៊ីសាអ៊ូឌីត ដណ្តើម​គ្នា​គ្រប់គ្រង​សម្ព័ន្ធ​ក្រុម​ប្រឆាំង​ស៊ីរី ?

សំឡេង ០៣:៥២
លោក Ahmad Djarba ប្រធាន​សម្ព័ន្ធ​ក្រុម​ប្រឆាំ​ង​ស៊ីរី ថ្ងៃទី ៦ កក្កដា ២០១៣
លោក Ahmad Djarba ប្រធាន​សម្ព័ន្ធ​ក្រុម​ប្រឆាំ​ង​ស៊ីរី ថ្ងៃទី ៦ កក្កដា ២០១៣ AFP
ដោយ៖ អៀង សុខម៉ិញ
២៤ នាទី

គេ​ត្រូវ​រង់​ចាំ​ដល់​រាប់​​​ខែ និង​ជំនួប​ប្រជុំ​ច្រើន​លើក​ច្រើន​សា ទម្រាំ​អាច​បោះឆ្នោត​តែង​តាំង​មេដឹក​នាំ​សម្ព័ន្ធ​បក្ស​ប្រឆាំង​ស៊ីរី​ថ្មីបាន។ លោក អាម៉ាដ អាស៊ី ចារបា (Ahmad Assi Jarba) ​ដែល​ស្និទ្ធ​នឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​ក្លាយ​ជា​ប្រធាន​សម្ព័ន្ធ​បក្ស​ប្រឆាំង​ នៅ​ថ្ងៃ​សៅរ៍​ទី ៦​កក្កដា ២០១៣ ដោយ​បាន​ទទួលសំឡេង​គាំទ្រ ឈ្នះ​គូ​ប្រជែង (ជា​ជំនិត​នឹង​ប្រទេស​កាតា) តែ​បី​សំឡេង​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​បរិបទ​នៃ​សង្គ្រាម​ដណ្តើម​ឥទ្ធិពល​គ្នា​រវាង​ប្រទេស​កាតា​ និង​អារ៉ាប៊ីសាអ៊ូឌីត ដែល​ លោក Ahmad Assi Jarba ​ មេ​កន្ទ្រាញ​កុល​សម្ព័ន្ធ​មួយ​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​ស៊ីរី ស្និទ្ធ​នឹង​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត បាន​ក្លាយ​ជា​មេដឹកនាំ​សម្ព័ន្ធបក្ស​ប្រឆាំងស៊ីរី​ (CNS) បន្ទាប់​ពី​បាន​ឆ្លង​កាត់​ការ​បោះឆ្នោតនៅជុំ​ទី​ពីរ​ ដោយ​បាន​ទទួល​សំឡេង​គាំទ្រ ៥៥​សំឡេង​ទល់​នឹង​គូ​ប្រជែង​លោក Mustafa Al-Sabbagh អ្នក​ជំនួញ​ស្និទ្ធ​​នឹង​ប្រទេស​កាតារ ៥២​សំឡេង។

 
លោក Jarba ត្រូវ​បន្ត​តំណែង​ពី​លោក Moaz Al-Khatib ដែល​បាន​លា​លែង​ចេញ​ពី​​តួនាទី​តាំង​ពី​ខែ​មីនា ដើម្បី​​បរិហារ​ ​អសកម្មភាព របស់​សហគមន៍​អន្តរជាតិ ក្នុង​វិបត្តិស៊ីរី។ ក៏​ប៉ុន្តែ​ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោតភ្លាម​​ ប្រធាន​សម្ព័ន្ធ​បក្ស​ប្រឆាំង​ថ្មី មិន​​​ថ្លែង​សុន្ទរកថា​ភ្លាម​ទេ ព្រោះ​ស្ថានការណ៍​នៅ​ទីក្រុង​ហ៊ូម ដុន​ដាប​ខ្លាំង។ លោក Jarba មាន​ពេល​ថ្លាថ្លែង​នៅ​ពេល​ក្រោយ។ នេះ​បើ​តាម​ការប្រកាស​របស់​អ្នកនាំ​ពាក្យ​​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន។

តាម​ការពិត​ សម្ព័ន្ធ​ក្រុមប្រឹក្សា​​បក្ស​ប្រឆាំងស៊ីរី ដែល​ជា​តំណាង​ស្រប​ច្បាប់​តែ​មួយគត់​ ប្រឆាំង​នឹង​របប​ដឹកនាំ​លោក បាស្ហារ អាល់អាសាដ ​ បាន​គ្រោងជ្រើសរើស​​​មេដឹកនាំ​ថ្មី ​តាំង​ពី​ខែ​ឧសភា​ម្ល៉េះ ប៉ុន្តែ​ត្រូវ​បាន​លើក​ពេលទៅ​វិញ​ ព្រោះ​​ការពិភាក្សា​គ្នា​ បង្ហាញ​តែ​អំពី​ភាព​​បែង​ចែក ក្នុង​ផ្ទៃ​កាន់​តែ​ខ្លាំង​ឡើងៗ។ សម្ព័ន្ធ​ក្រុមប្រឹក្សា​​ជាតិ​ គ្មាន​សមត្ថភាព​ ពង្រីក​ពង្រឹង​ អំណាច​ថ្នាក់​ដឹកនាំ​ ដើម្បីធ្វើ​ជា​​តំណាង​ក្រុមប្រឆាំង​​តែ​មួយ​ដ៏រឹង​ម៉ាំ​បាន​សោះ។​

នៅ​ក្នុង​សម្ព័ន្ធ​នេះ គេសង្កេត​ឃើញ​មាន​និន្នាការ​ធំៗពីរ ប្រទាញ​ប្រទង់​គ្នា​ យក​អំណាច ៖ ម្ខាង​ជា​ក្រុមសេរីនិយម គាំទ្រ​ដោយ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត និង​ម្ខាង​ទៀត​ជា​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​ Frère musulman ការពារ​ពី​ក្រោយ​ដោយ​ប្រទេស​កាតា។ គឺ​​ប្រៀប​ដូច​ជា​ក្រុមហ៊ុនមួយ​ មាន​ភាគហ៊ុន​ច្រើន​គ្នា ៖ តួកគី​មួយ​ហ៊ុន​ បារាំង​មួយ​ហ៊ុន ឯ​កាតា​និង​​អារ៉ាប៊ីសាអ៊ូឌីត​ មាន​ហ៊ុន​ធំ​ជាង​គេ​។ ដូច្នេះ​ត្រូវ​ប្រកួត​ប្រជែង​ធ្វើ​មេ និងរក្សា​ឥទ្ធិពល​លើ​ស៊ីរី។

អារ៉ាប៊ី សាអ៊ូឌីត ចង់​កាត់​បន្ថយ​តួនាទី​របស់​ក្រុម​អ៊ីស្លាម​ជ្រុលនិយម តាម​រយៈ​ការ​ស្នើ​​​​បន្ថែម​សមាជិក​ផ្នែក​សេរីនិយម​ ឱ្យ​បាន​ច្រើន​ក្នុង​ ​ចង្កោម​ថ្នាក់​ដឹកនាំ​របស់​ក្រុមប្រឹក្សា ប៉ុន្តែ​ គូប្រជែង​ គាំទ្រ​ដោយ​កាតារ ​ ក្រុម​អ៊ីស្លាម​ជ្រុលនិយម Frère musulman ​ ដែល​​មាន​អំណាច​ខ្លាំង​ដែរ​ក្នុង​សម្ព័ន្ថ​បក្ស​ប្រឆាំង​ បាន​បដិសេធ ព្រោះ​ ក៏​មិន​ចង់​បាត់​ឥទ្ធិពល​លើ​សម្ព័ន្ធ​បក្ស​ប្រឆាំង​​ ​ឱ្យ​ផ្អៀង​​ទៅ​ខាង​អារ៉ាប៊ីសាអ៊ូឌីត​ឡើយ។ អារ៉ាប៊ីសាអ៊ូឌីត និង​ កាតា ទាំងពីរ​ប្រទេស​ ​បាន​បង្ហាញ​ការ​គាំទ្រ​​ក្រុម​សម្ព័ន្ធ​បក្ស​ប្រឆាំង​ តាំង​ពី​ដំបូង និង​សុទ្ធ​តែ​ជា​អ្នក​​បាន​ឧបត្ថម្ភ​អាវុធ​និង​សម្ភារៈ​យោធា ពិសេស​ហិរញ្ញវត្ថុ​ដល់​ក្រុម​ប្រឆាំង​នៅ​ស៊ីរី។

ប៉ុន្តែ​ពេល​នេះ អារ៉ាប៊ីសាអ៊ូឌីត អាច​ដើរ​តួនាទី​ជា​អ្នកឃុំគ្រង​ ផ្តល់​កិច្ច​ការពារ​ដល់​ស​ម្ព័ន្ធ​បក្ស​ប្រឆាំង​បាន​​ យ៉ាង​​​ពិសេស​តែ​ម្តង​ ព្រោះ​​កុលសម្ព័ន្ធ​របស់​លោក​ Jarba មាន​ប្រភព​កំណើតនៅ​​រាជាណាចក្រ​អារ៉ាប៊ីតែ​ម្តង។ កម្លាំង​ជំនួយ​យោធា​ ប្រកប​ដោយ​អាវុធ​យុទ្ធភ័ណ្ឌ​ទំនើបៗ​របស់​អារ៉ាប៊ីសាអ៊ូឌីត នឹង​ត្រូវ​​បញ្ជូន​​​មកឱ្យ​ក្រុមទាហាន​ស៊ីរីសេរី ដែល​កំពុង​ទន់​តែ​ដៃ ដើម្បី​ទប់ទល់​នឹង​កម្លាំង​របស់​រដ្ឋាភិបាល​លោក បាស្ហារ អាល់​អាសាទ នៅ​លើ​សមរភូមិ។ កង​កម្លាំង​របស់​រដ្ឋាភិបាល​ស៊ីរី ដោយ​មានជំនួយ​ពី​ក្រុម​យុទ្ធជន​ហេស្បូឡា Chiite លីបង់ កាន់​តែ​រុល​ទៅ​មុខ និង​វាយ​សម្រុក​កាន់​តែ​សន្ធាប់​ឡើងៗ អស់​ពេល​ជាង​មួយ​សប្តាហ៍​មក​ហើយ។ បន្ទាប់​ពីយក​បាន​មក​វិញ​ក្រុង​ Qousseirយុទ្ធនាការ​នេះ​គឺ​សំដៅ​វាយ​យក​ក្រុង​ ហ៊ូម ទៀត។

ផ្ទុយ​ទៅ​វិញ​សម្ព័ន្ធ​ក្រុម​ប្រឆាំង​ត្រូវ​ប្រឈម​នឹង​ផលវិបាក​នៃ​ការ​ដក​ថយ​ឥទ្ធិពល​របស់​​Frère musulman និង​កាតា ដែល​មាន​សំឡេង​ភាគ​ច្រើន ក្នុង​ក្រុម​​​តាំង​ពី​ដើម​មក។ ប៉ុន្តែ​ជា​កិច្ច​ចាប់​ផ្តើម លោក Jarba បាន​ជ្រើសរើស​ធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​ជន​រងគ្រោះ​ស៊ីរី មុន បន្ទាប់​មក​ទើប​ស្វែង​រក​ការ​បំពាក់​អាវុធ​ដល់​ក្រុមប្រឆាំង​ តាម​ក្រោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ