អានតួអត្ថបទ
បារាំង

ច្បាប់​ហាម​មិន​ឱ្យ​សមាជិក​សភា​មាន​តួនាទី​ច្រើន​ត្រូវ​បាន​អនុម័ត

រដ្ឋ​សភា​បារាំង​
រដ្ឋ​សភា​បារាំង​ REUTERS/Charles Platiau
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

ច្បាប់​ដែល​សំដៅ​ហាមឃាត់​សមាជិក​សភាបារាំង-អឺរ៉ុប និង​ ព្រឹទ្ធសភា មិន​ឱ្យ​កាន់​តំណែង​​ក្នុង​អំណាច​ប្រតិបត្តិ​តំបន់ ដូច​ជា​មេឃុំ​ មេសុ្រក​ អភិបាល ឬអភិបាល​រង​ខេត្ត​ក្រុង (ក្នុង​អាណត្តិ​ ជា​​សមាជិក​សភានិង​នៅ​ព្រឹទ្ធ​សភា) ត្រូវ​បាន​សភា​បារាំង​អនុម័ត​ នៅថ្ងៃ​អង្គារ​ម្សិលមិញ ក្នុង​សំឡេង​៣០០​ទល់​នឹង​២២៨​។​ ច្បាប់​នេះ​ជាផ្នែក​​មួយ​នៃ​កិច្ច​សន្យា​របស់​លោក​ប្រធានាធិបតី​​ ហ្វ្រង់ស័រ​ ហូឡង់ (François Hollande) ក្នុង​ពេល​ឃោសនា​បោះឆ្នោត ប៉ុន្តែ​ជា​ប្រធានបទ​ដ៏​រសើប​បំផុត​មិន​ថា​សម្រាប់​សមាជិក​សភា​នៃ​បក្ស​កាន់​អំណាច ឬ​បក្ស​ប្រឆាំង​ទេ។

ផ្សាយពាណិជ្ជកម្ម

នៅ​ទី​បំផុត​រដ្ឋាភិបាល​ បាន​សម្រេច​បេសកកម្ម​​​ដូច​ប្រាថ្នា ព្រោះ​ ច្បាប់​ហាមមិន​ឱ្យ​មាន​តួនាទី​ពីរ​ (អំណាច​សភាមួយ​និង​អំណាច​ប្រតិបត្តិ​ប្រចាំ​តំបន់​)​ ក្នុង​អាណត្តិតែ​មួយ​នេះ ​បាន​ទទួល​សំឡេង​ គាំទ្រ​ ដាច់​ខាត ៣០០ លើ​២២៨​សំឡេង។

 
កាលពី​​​ដំបូង​ឡើយ ​គម្រោង​ច្បាប់​ បាន​ទទួល​ការ​រិះគន់​ និង​មាន​ការ​ប្រទាញ​ប្រទង់​ខ្លាំង ទាំង​ក្នុង​ជួរ​បក្សសង្គម​និយម និង​ទាំង​ពី​ខាង​បក្ស​ប្រឆាំង។ សមាជិក​សភា​​បក្ស​សង្គម​និយមខ្លះ​ ​ មិន​ជឿជាក់​លើ​ច្បាប់​នេះទេ ទោះបី​ជា​ច្បាប់​នេះ​នឹង​អាច​​ផ្តើម​អនុវត្ត​ ចាប់​ពី​​ឆ្នាំ​២០១៧​ឯណោះ​ក៏ដោយ។

ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី​ បាន​ព្រមាន ឱ្យ​សមាជិក​បក្ស​សង្គមនិយម ដែល​ជា​គណបក្ស​កាន់​អំណាចទាំង​អស់​មាន​ស្មារតី​ទទួល​ខុសត្រូវ។ មិន​ត្រូវ​ឱ្យ​មាន​លេច​សភាព​ស្ទាក់ស្ទើរ​លើ​ច្បាប់​នេះ​ទេ។ ​ច្បាប់​នេះ​មាន​តម្លៃ​​ជា​និមិត្តរូប​ផង និង​ជា​នយោបាយ​ផង ពីព្រោះ​វា​គឺ​ជា​ចំណែក​មួយ​នៃ​កិច្ច​របស់លោក​ប្រធានាធិបតី​ ហ្វ្រង់ស័រ​ហូឡង់ កាល​នៅ​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត។

សូម​បញ្ជាក់​ថា ច្បាប់​នេះ​ សំដៅ​ហាម​ឃាត់ សមាជិក​សភា -ព្រឹទ្ធសភា​ បារាំង (ចាប់​ពី​ឆ្នាំ​២០១៧) និង សមាជិក​សភា​បារាំង​នៅ​អឺរ៉ុប (ចាប់​ពី​ឆ្នាំ​២០១៩)​ នៅ​ក្នុង​​អាណត្តិ​ គ្មាន​សិទ្ធិ​កាន់​អំណាច​ធ្វើ​ជា​មេឃុំ​មេស្រុក​ ឬ​អភិបាល​ អភិបាល​រង​ខេត្ត​ក្រុង ទន្ទឹម​ពេលគ្នា​ ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ។ ហេតុផល​សំខាន់​មួយ​នៃ​ការ​បង្កើត​ច្បាប់​នេះ​ឡើង គឺ​បណ្តាល​មកពី​​សមាជិក​សភា​ ព្រឹទ្ធសភា​ អវត្តមាន​ច្រើន​ពេក​ក្នុងពេល​ប្រជុំ​ ដោយ​យក​លេស​ថា​ជាប់​រវល់​គ្រប់គ្រង​​កិច្ចការ​តំបន់។

ប៉ុន្តែ​ច្បាប់​នេះ នឹង​​ត្រូវ​បញ្ជូន​ទៅ​កាន់​ព្រឹទ្ធ​សភា​នៅ​ខែ​ខាង​មុខ ដើម្បី​អនុម័ត​ មុន​នឹង​បញ្ជូន​ត្រឡប់​មក​សភារក​សំឡេង​គាំទ្រ​ដាច់ខាត​​​​ម្តង​ទៀត​ ដើម្បី​​អនុម័តសម្រេច​ចុង​ក្រោយ រួច​ដាក់​ឱ្យ​ប្រើប្រាស់។ នៅ​ក្នុង​ព្រឹទ្ធ​សភា​សំឡេង​ប្រឆាំង​ក៏​មាន​ទំហំ​ខ្លាំង​ក្លា​ តែ​គ្មាន​ឧបសគ្គ​អ្វី​ធំ​មក​រាំង​ស្ទះ​ទៀតទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ