អានតួអត្ថបទ
ជប៉ុន

ធនាគារ​កណ្តាល សេដ្ឋកិច្ច​ជប៉ុនផ្តើមកំរើក​ តែ​កំណើន​នៅទាប​

អត្រាប្តូរប្រាក់​យេន​របស់​ជប៉ុន ធៀបនឹង​លុយ​ដុល្លារ​អាមេរិក នៅថ្ងៃ​ព្រហស្បតិ៍ ៤ មេសា ២០១៣
អត្រាប្តូរប្រាក់​យេន​របស់​ជប៉ុន ធៀបនឹង​លុយ​ដុល្លារ​អាមេរិក នៅថ្ងៃ​ព្រហស្បតិ៍ ៤ មេសា ២០១៣ REUTERS/Yuya Shino
ដោយ៖ អៀង សុខម៉ិញ
១២ នាទី

ធនាគារ​កណ្តាល​ជប៉ុន (BOJ) បាន​ប្រកាស​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ រក្សា​នយោបាយ​រូបិយវត្ថុ​ឱ្យ​នៅដដែល មិន​ធ្វើ​ការ​ប្តូរ​ផ្លាស​អ្វី​ទេ ព្រោះ​មើល​ឃើញ​ថា សេដ្ឋកិច្ច​ជប៉ុន ចាប់​ផ្តើម​កំរើក​ឡើង​វិញ​។ ជា​សេចក្តី​សន្និដ្ឋាន​ប្រកប​ដោយ​សុទិដ្ឋនិយម​ជា​លើក​ទី​មួយ​ គិត​ចាប់​ពី​ឆ្នាំ​២០១១​មក​ផង និង​ជា​ការ​លើក​ទឹកចិត្ត​ដល់​លោក​នាយករដ្ឋមន្ត្រី​ ស៊ីនហ្សូ អាបេ ផង។

ផ្សាយពាណិជ្ជកម្ម

សេដ្ឋកិច្ច​ចាប់​មាន​សុខភាព​ល្អ​ ក៏​ព្រោះធនាគារ​កណ្តាល​សម្លឹង​ឃើញ​ថា ​​ការ​នាំ​ចេញ -​ការ​វិនិយោគ​ក្រុមហ៊ុន ​ផ្តើម​មាន​សកម្មភាព​ ​វិនិយោគ​សាធារណៈ​បាន​កើន​ឡើង ការ​ចាយ​វាយ​​ឯកជន​ក៏​ត្រូវ​បាន​ពង្រឹង។ ផលិត​ផល​ឧស្សាហកម្ម​កើន​ឡើង​សន្សឹមៗ អារម្មណ៍​​របស់​និយោជន​​ក៏​ភ្លឺស្វាង លក្ខខណ្ឌ​ហិរញ្ញវត្ថុ​ធូរស្រាល ទាំង​នេះ​សុទ្ធ​សឹង​ជា​កត្តា​ជួយ​ជំរុញដល់​​​សេដ្ឋកិច្ច​។

 
ប៉ុន្តែ​ទោះ​បី​ជា​បាន​បង្ហាញ​សុទិដ្ឋនិយម​ចំពោះ​សកម្មភាព​​សេដ្ឋកិច្ចក្តី ក៏​​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ មាន​សភាព​ធ្លាក់​ចុះ​បន្តិច តែ​គ្មានអ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​សោះឡើយ។ កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ជប៉ុន អាច​កើន​បាន​២,៨% ក្នុង​ឆ្នាំ​២០១៣-២០១៤ (ទល់​នឹង​២,៩%​ ក្នុង​ការព្យាករណ៍​កាលពី​ខែ​មេសា) និង​១,៣%​ សម្រាប់​ឆ្នាំ​២០១៤-២០១៥។ ​ធនាគារ​កណ្តាល​ជប៉ុន​មិន​បាន​កែប្រែ​​ការ​ព្យាករណ៍​​ល្បឿន​នៃ​ការ​ឡើង​ថ្លៃ​ទំនិញទេ អតិផរណា​​​នឹង​មានកំរិត ២%​ ក្នុង​មួយ​ឆ្នាំ។

តាម​ការពិត​សកម្មភាព​សេដ្ឋកិច្ច​ជប៉ុន​បាន​កំរើក​ខ្លាំង​តាំង​ពី​ត្រីមាស​ទី​មួយ​ឆ្នាំ​២០១៣​មក មូលនិធិ​រូបិយវត្ថុ​​អន្តរជាតិ​ ក៏​បាន​បង្ហាញ​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ ២%​ឱ្យ​ជប៉ុន​នៅ​ឆ្នាំ​នេះ​។ ដំណឹង​ល្អ​នេះ ធ្លាក់​មក​ជា​បន្ត​បន្ទាប់​ ជួន​ចំពេល​នាយក​រដ្ឋមន្ត្រី​ថ្មី ស៊ីនហ្សូ អាបេ​ អ្នកអភិរក្ស​និយម​វិល​មក​ដឹក​នាំ​រដ្ឋាភិបាល​ជា​ថ្មី។ លើស​ពីនេះ សេចក្តី​ប្រកាស​របស់​ធនាគារ​កណ្តាល​ថ្ងៃ​នេះ ដូច​ជា​ការ​លើក​​ទឹកចិត្ត​​បន្ថែម​ដល់​នយោបាយ​លោក​នាយក​រដ្ឋមន្ត្រី​ឱ្យ​កាន់​តែ​ស្រស់​ថ្លា ព្រោះ​ថា​នៅ​១០​ថ្ងៃ​ទៀត នឹង​មាន​ការ​បោះឆ្នោត​​ព្រឹទ្ធ​សភា។ ជ័យ​ជំនះ​ដែល​នឹង​ធ្វើ​គណបក្ស​អភិរក្ស​​របស់​លោក ស៊ីនហ្សូ អាបេ មាន​សំឡេង​ភាគច្រើន​​ អាច​ធ្វើ​កំណែទម្រង់​​សំខាន់ៗ​បាន​ដោយ​គ្មាន​ឧបសគ្គ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ