អានតួអត្ថបទ
ប៉ាឡេស្ទីន-អាមេរិក-អ៊ីស្រាអែល

អាមេរិក​មាន​សុទិដ្ឋិនិយម​ចំពោះ​សន្ទុះ​ថ្មី​នៃ​ដំណើរការ​ចរចា​សន្តិភាព​អ៊ីស្រាអែល-ប៉ាឡេស្ទីន

លោក​ប្រមុខ​ការទូត​អាមេរិក John Kerry
លោក​ប្រមុខ​ការទូត​អាមេរិក John Kerry REUTERS/Mandel Ngan
ដោយ៖ អៀង សុខម៉ិញ
១៣ នាទី

ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន លោក​ មាមូត​អាប៉ាស (Mahmoud Abbas) ​បានកោះប្រជុំ​​គណៈកម្មាធិការ​កណ្តាល​ចលនា​ហ្វាតាស និង​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​រំដោះ​ប៉ាឡេស្ទីន​ នៅ​រសៀល​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ ដើម្បី​សិក្សា​លើ​សំណើ​របស់អាមេរិក​ក្នុង​ការ​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការ​ចរចា​ស្វែង​រក​សន្តិភាពឱ្យ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។ ប្រមុខ​ការទូត​អាមេរិក ដែល​អញ្ជើញ​មក​ដល់​ប្រទេស​ហ្ស័កដានី​ តាំង​ពី​ថ្ងៃពុធ​មក​ ​មាន​សុទិដ្ឋិនិយម​ថា​ភាគី​ទាំងពីរ​អាច​នឹង​​ខិត​រក​គ្នា​​ ឈាន​ដល់​ការផ្តើម​បើក​តុ​​ចរចាឡើង​វិញ។

ផ្សាយពាណិជ្ជកម្ម

តាំង​ពីបា​ន​ទទួល​នាទី​ជា​ប្រមុខ​ការទូត​អាមេរិក​មក នេះ​ជា​លើក​ទី​៦ហើយ ដែល​លោក​ ចន​ ឃែរី (John Kerry) បាន​អញ្ជើញ​មក​កាន់​តំបន់​ដើម​បូព៌ា។ ​ ផែន​ការ​ផ្តល់​សន្ទុះ​ថ្មី​ ដល់ការ​ចរចា​សន្តិភាព​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន ​បាន​ទទួល​ការ​គាំទ្រ​​រហូត​មកពី​សំណាក់​សម្ព័ន្ធ​​អារ៉ាប។ ហើយ​កាលពី​ថ្ងៃអង្គារ​ ​​ លោក ឃែរី បាន​ជំនួប​ពិភាក្សា​ជាមួ​យ​នឹង​ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីនអស់​ ៥​ម៉ោង​ពេញ​។

តាម​គម្រោង​លោកប្រមុខ​ការទូត​អាមេរិក ត្រូវ​ចាក​ចេញ​ពី​ប្រទេស​ហ្ស័កដានី​​ នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ ប៉ុន្តែ​ត្រូវ​លើក​ពេល​ទៅ​វិញ​ ទំនង​ដើម្បី​​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​ជំនួប​ប្រជុំ​របស់​​ប៉ាឡេស្ទីន។

ជំនួប​ប្រជុំ​​​គណៈកម្មាធិការ​កណ្តាល​​នៃ​ចលនា​ហ្វាតាស (Fatah) និង​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​រំដោះ​ប៉ាឡេស្ទីន (OLP) ​​បាន​​អំពាវនាវ​ឱ្យ​ប្រមុខ​ការ​ទូត​អាមេរិក​​កែប្រែ​​លក្ខខណ្ឌ​នៃ​ការ​ផ្តើម​ចរចា​ឡើង​វិញ​ជាមួយអ៊ីស្រាអែល ដោយ​ទាមទារ​យក​បន្ទាត់​ព្រំដែន​ឆ្នាំ​១៩៦៧ មក​ធ្វើ​ជា​គោល​ ដូច​អ្វី​ដែល​លោក​ប្រធានាធិបតី​​អាមេរិក​បាន​ប្រកាស​កាលពី​ឆ្នាំ​២០១១។

សូម​បញ្ចាក់​ថា អ្វី​ដែល​សំខាន់​នៅ​ក្នុង​សំណើ​​អាមេរិក​​​នេះ គឺ​ ចាប់​​ចរចា​ឡើង​វិញដោយ​គ្មាន​និយាយ​អំពី​ការ​​បញ្ឈប់​សកម្មភាព​ធ្វើ​អាណានិគមកិច្ចរបស់​អ៊ីស្រាអែល។ ពីមុនៗមក​ បញ្ហា​ធ្វើ​អាណានិគមកិច្ច​អ៊ីស្រាអែល​តែង​រាំង​ស្ទះ​ដំណើរ​ការ​ចរចា​។ រដ្ឋាភិបាល​អ៊ីស្រាអែល ត្រូវ​​ទទួលរង​ការ​រិះគន់ ទាំង ​ពី​សហគមន៍​អន្តរជាតិ និង​​ពី​​​សហរដ្ឋ​អាមេរិក ជា​សម្ព័ន្ធមិត្ត។ សហភាពអឺរ៉ុប​បាន​ថែម​ទាំង​ព្រមាន​បែង​ចែង​ភាព​ខុស​គ្នា ​រវាង​ទឹកដី​អ៊ីស្រាអែល និង​ទឹកដី​អាណានិគម។ ប៉ុន្តែ​សម្រាប់​អ៊ីស្រាអែល​គំនាប​របស់​អឺរ៉ុប អាច​នឹង​ធ្វើ​ឱ្យ​ប៉ាឡេស្ទីន​បាន​ចិត្ត ឯ​ការ​ខិត​ខំប្រឹង​ប្រែង​របស់​ប្រមុខ​ការទូត​អាមេរិក ចន ឃែរី ​ជួប​បរាជ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ