អានតួអត្ថបទ
កម្ពុជា

កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២០ ចាប់​ពី​ថ្ងៃ​ទី​៣០ មីនា ដល់​ថ្ងៃ​ទី​៤​មេសា ធ្វើ​នៅ​ភ្នំពេញ

ជំនួប​កំពូល​អាស៊ាន​លើក​ទី​២០ ប្រព្រឹត្ត​ទៅ​ភ្នំពេញ (រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេសជា​សមាជិក​អាស៊ាន)
ជំនួប​កំពូល​អាស៊ាន​លើក​ទី​២០ ប្រព្រឹត្ត​ទៅ​ភ្នំពេញ (រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេសជា​សមាជិក​អាស៊ាន) © Reuters
ដោយ៖ លី ម៉េងហួរ
១៩ នាទី

ក្រសួងការបរទេស បាន​ជូនដំណឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២០ (The 20th Asean Summit) ដែល​នឹង​ប្រព្រឹត្តទៅចាប់ពី​ថ្ងៃ​ទី​៣០ ខែមីនា ដល់​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីជូនដំណឹង របស់​ក្រសួងការបរទេស ចុះ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១២ បង្ហាញថា អ្នកសារព័ត៌មាន ដែល​មាន​បំណង​ចូលរួម​យក​ព័ត៌មាន ក្នុង​កិច្ចប្រជុំ​ខាងលើនេះ អាច​ចុះ​ឈ្មោះ​តាម​គេហទំព័រ www.asean2012.mfa.gov.kh ឬក៏​អាច​ទៅ​ចុះ​ឈ្មោះ​នៅ​ក្រសួង​ព័ត៌មាន ចាប់ផ្តើម​ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១២។

ក្នុងកិច្ចប្រជុំ​កំពូល​អាស៊ាន ចាប់ពី​ថ្ងៃ​ទី​៣០ មីនា ដល់​ថ្ងៃ​ទី​៤​មេសា​ខាង​មុខ គឺ​មាន​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​នឹង​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ២០១២។ ចំណែក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដែល​មាន​នាយក​រដ្ឋមន្ត្រី និង​ប្រមុខ​រដ្ឋ​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ចូលរួម គឺ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣​ ខែ​មេសា ឆ្នាំ២០១២។

ចំណែក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន (AMM) ត្រូវ​បាន​គេ​ដឹង​ថា នឹង​ពិភាក្សា​លើ​ការ​​​ផ្លាស់​ប្តូរ​ទស្សនៈ​ជុំវិញ​បញ្ហា​តំបន់ និង​អន្តរជាតិ និង​សេចក្តី​ថ្លែងការណ៍​របស់​អាស៊ាន ស្តីពី សិទ្ធិមនុស្ស ដំណោះស្រាយ​លើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង DOC តួនាទី​របស់​អាស៊ាន ក្នុង​សន្និសីទ G20​ នៅប្រទេស​ម៉ិចស៊ិក ព្រមទាំង​បញ្ហា​ប្រឆាំង​គ្រឿង​ញៀន ដែល​អាស៊ាន​កំណត់​យក​ឆ្នាំ​២០១៥ គឺ​តំបន់​អាស៊ាន គ្មាន​គ្រឿង​ញៀន។

បញ្ហា​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ាន នា​ពេល​ខាង​មុខ ត្រូវបាន​លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លើក​យក​ទៅ​ពិភាក្សា​ជាមួយ​លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ២០១២ នៅ​ទីស្តី​ការក្រសួង​ការបរទេស ក្នុង​រាជធានី​ភ្នំពេញ។ ឥណ្ឌូណេស៊ី ជា​ប្រធាន​អាស៊ាន កាលពី​ឆ្នាំ​២០១១។

ក្រោយ​កិច្ចប្រជុំ លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ថា "ឯកឧត្តម​​រដ្ឋមន្ត្រីការ​បរទេស​​ឥណ្ឌូនេស៊ី ក៏​បាន​ប្រាប់ថា ឥណ្ឌូនេស៊ី ត្រៀមខ្លួន​ជានិច្ច​ ដើម្បី​បញ្ជូន​ឧត្តមមន្ត្រី​អាស៊ាន​​របស់​ឥណ្ឌូណេស៊ី មក​កម្ពុជា ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ និង​ការពិសោធន៍​គ្នា ក្នុង​ការ​ធ្វើ​ជា​ប្រធាន​​អាស៊ាន​នេះ។ ខ្ញុំ​ក៏​បាន​ជម្រាបជូន​ឯកឧត្តម ណាតាឡេហ្គាវ៉ា អំពី​បញ្ហា​សំខាន់​ខ្លះៗ ដែល​​កម្ពុជា​រៀបចំ​ក្នុង​ការប្រជុំ​កំពូល​អាស៊ាន​នេះ។ ទី​១-​បញ្ហា​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​​មហា​អំណាច នុយក្លេអ៊ែរ​ទាំង ៥ ចុះ​ហត្ថលេខា​លើ​ពិធីសារ តំបន់​អាស៊ី​អាគ្នេយ៍ គ្មាន​អាវុធ​​នុយក្លេ​អ៊ែរ។

បញ្ហា​ទី​២-​ធ្វើ​យ៉ាង​ណា​ឲ្យ​ការពិភាក្សា​រក​ចំណុច​គន្លឹះ នៃ​ក្រម​ប្រតិបត្តិ​នៃ​សមុទ្រ​​ចិន​ខាង​ត្បូង ឲ្យបាន​ដើរ​ទៅ​មុខ។ បញ្ហា​សំខាន់​មួយទៀត សម្រាប់​កម្ពុជា ធ្វើជា​ប្រធាន​អាស៊ាន គឺ​បញ្ហា​ប្រជុំ​ជាមួយ​ប្រធាន​អង្គការ​អន្តរជាតិ​សំខាន់ៗ គេ​ហៅថា ការសន្ទនា​គ្រប់​ជ្រុង​ជ្រោយ​​របស់​អាស៊ាន ដែល​ក្នុងនោះ មាន​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ប្រធាន​ធនាគារ​​ពិភព​លោក ធនាគារ IMF ព្រមទាំង​ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ផ្លាស់​ប្តូរ​​យោបល់​គ្នា​លើ​បញ្ហា​ប្រឈម​លើ​ពិភពលោក​នា​ពេល​សព្វថ្ងៃ​នេះ។ ខ្ញុំ​និយាយថា បើ​ធ្វើ​បាន​នូវ​ការប្រជុំ​កំពូល​​អាស៊ាន គឺ​ការសន្ទនា​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន លើ​ពិភពលោក​នេះ ជា​ការ​មួយ​មាន​សារៈសំខាន់​ណាស់។ គឺ​លើក​តួនាទី​របស់​អាស៊ាន កាន់តែ​ខ្ពស់​ទៀត លើ​ឆាក​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ