ថ្ងៃ២០ឧសភា ទិវារម្លឹកការឈឺចាប់ក្នុងរបបខ្មែរក្រហម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅព្រឹកថ្ងៃសុក្រនេះ អាជ្ញាធរក្រុងភ្នំពេញ បានប្រារព្ធទិវារំលឹកការឈឺចាប់នៃរបបខ្មែរក្រហម ថ្ងៃ២០ឧសភា នៅឯសារមន្ទីរប្រល័យពូជសាសន៍ជើងឯក ជាយទីក្រុងភ្នំពេញ។ ដូចរៀងរាល់ឆ្នាំដែរ នៅឆ្នាំនេះ ទិវា២០ឧសភា បានប្រព្រឹត្តទៅដោយមានការចូលរួមពីមន្ត្រីរាជការព្រះសង្ឃ និងប្រជាពលរដ្ឋ ប្រមាណ ៣០០០ នាក់។ ក្រៅពីសេចក្តីថ្លែងការណ៍របស់អាជ្ញាធរ និងជនរងគ្រោះ ក្នុងពិធីនៅព្រឹកមិញ ក៏មានការសម្តែងរបស់ក្រុមយុវជន បង្ហាញពីការកាប់សម្លាប់ជីវិតមនុស្សយ៉ាងសាហាវព្រៃផ្សៃ ក្នុងសម័យអាវខ្មៅ ប៉ុលពត ផងដែរ។
ក្នុងពិធីនៅជើងឯក នៅព្រឹកមិញ តំណាងជនរងគ្រោះក្នុងរបបខ្មែរក្រហម បានឡើងថ្លែងសុន្ទរកថា ដោយសម្តែងការឈឺចាប់ ចំពោះរបបខ្មែរក្រហម។ អ្នកចូលរួមពិធីនោះ ក៏បានសម្តែងការគាំទ្រតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ និងជម្រុញឲ្យតុលាការ ដាក់ទោសអតីតមេដឹកនាំខ្មែរក្រហមទាំងនោះ ឲ្យបានខ្លាំងក្លា ដើម្បីកុំឲ្យមានរបបវាលពិឃាតនេះ កើតឡើងសាជាថ្មី។
ក្នុងទិវាថ្ងៃ២០ឧសភា នៅព្រឹកមិញ ក៏មានការសម្តែងទស្សនីយភាព ដែលរម្លឹកឡើងវិញពីការឈឺចាប់ ក្នុងរបបខ្មែរក្រហម។ នោះគឺការធ្វើទារុណកម្ម និងការកាប់សម្លាប់មនុស្សយ៉ាងឃោរឃៅមកលើពលរដ្ឋខ្មែរជិត ២លាននាក់។
ក្រៅពីរាប់បាត្រ ប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហម ពិធីនៅព្រឹកមិញ ក៏មានការសម្តែងរបស់ក្រុមយុវជនស្លៀកខោអាវខ្មៅ ដែលជាទាហានខ្មែរក្រហម បានចាប់ប្រជាជនស្លូតត្រង់ វាយសម្លាប់នឹងគល់ឫស្សី និងត្បូងចប។ ឈុតឆាកនោះ បានធ្វើឲ្យមនុស្សជាច្រើនតក់ស្លុត និងស្រក់ទឹកភ្នែក។
របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានសម្រេចកាលពីឆ្នាំ១៩៨៣ ដោយយកថ្ងៃ២០ឧសភា ជា “ទិវាចងកំហឹង” ចំពោះបនប្រល័យពូជ សាសន៍ ប៉ុល ពត។
ថ្ងៃ២០ឧសភា ត្រូវបានរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រារព្ធពិធីជារៀងរាល់ឆ្នាំ នៅជើងឯក ដែលជាកន្លែងសម្លាប់មនុស្ស ក្នុងសម័យខ្មែរក្រហម។
ថ្ងៃ២០ឧសភា ឆ្នាំ១៩៧៦ ជាថ្ងៃដែលសម័យខ្មែរក្រហម បានចាប់ផ្តើមអនុវត្តគោលការណ៍ប្រល័យពូជសាសន៍ ឈានដល់ការសម្លាប់មនុស្សយ៉ាងចំហ និងយ៉ាងឃោរឃៅ ព្រៃផ្សៃ ចំពោះប្រជាជនកម្ពុជាទូទាំងប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ