ទស្សនៈព្រឹត្តិការណ៍ខ្មែរ

២​ ធ្នូ​ឆ្នាំ​១៩៧៨​ជា​ចលនា​បដិវត្តន៍​​ចុង​ក្រោយ​របស់​កម្ពុជា?​

សំឡេង ០៤:២៤
គណបក្ស​ប្រជាជន​កម្ពុជា​ ​​ប្រារព្ធ​អង្គ​មីទ្ទិញ​ខួប​លើក​ទី​៣៣​ថ្ងៃ​បង្កើត​រណសិរ្ស​ ២ធ្នូ​
គណបក្ស​ប្រជាជន​កម្ពុជា​ ​​ប្រារព្ធ​អង្គ​មីទ្ទិញ​ខួប​លើក​ទី​៣៣​ថ្ងៃ​បង្កើត​រណសិរ្ស​ ២ធ្នូ​ RFI/Ly Meng Hour

២​ធ្នូ​​១៩៧៨​ -២​ធ្នូ​ ​២០១១​​ ជា​ខួប​​ទី​៣៣​​ឆ្នាំ​​នៃ​​ចលនា​​ផ្តួល​​រំលំ​​របប​​ដឹកនាំ​​​សម្លាប់​​រង្គាល​​របស់​​ពួក​​ខ្មែរ​ក្រហម។​ ​រណសិរ្ស​​រំដោះ​ជាតិ​​ដែល​​គាំទ្រ​​​ដោយ​​កងទ័ព​​វៀតណាម​​​ ​បាន​​​ទទួល​​ជ័យ​ជម្នះ​​នៅ​​ថ្ងៃ​​ទី​៧​​ ​មករា​​១៩៧៩។​ ​៣៣​​ឆ្នាំ​​បាន​​កន្លង​​ផុត​​ទៅ​​ ២​ធ្នូ​​ត្រូវ​​បាន​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ប្រារព្ធ​​ទិវា​​រម្លឹក​​ខួប​​ជា​​រៀង​រាល់​​ឆ្នាំ​​មិន​​ដែល​​ខាន។ ​​ការ​​រម្លឹក​​ខួប​​ថ្ងៃ​ ​២​​ធ្នូ​​ក៏​​ជា​​សារ​​មួយ​​រម្លឹក​​អំពី​​ចលនា​រំ​ដោះ​​ជាតិ​​ប្រឆាំង​​នឹង​​មេ​ដឹក​នាំ​​ដែល​​កាច់​​ចង្កូត​​ប្រទេស​​ទៅ​​រក​​ក្តី​​វិនាស​​អន្តរាយ។​ ​តើ​​ថ្ងៃ​​២​​ធ្នូ​​ឆ្នាំ​​១៩៧៨​​គួរ​​តែ​​ជា​​ចលនា​​បដិវត្តន៍​​បង្ហូរ​​ឈាម​​ចុង​ក្រោយ​​សម្រាប់​​ប្រទេស​​កម្ពុជា​​ដែរ​​ឬ​​ទេ? ​​

ផ្សាយពាណិជ្ជកម្ម

គណបក្ស​​​​ប្រជាជន​​កម្ពុជា​ ​ដែល​​កំពុង​​កាន់​​អំណាច​​បាន​​ប្រារព្ធ​​ពិធី​​យ៉ាង​​អធិក​​អធម​​ដើម្បី​​រម្លឹក​​ខួប​​៣៣​​ឆ្នាំ​​នៃ​​ថ្ងៃ​​ទី​​២​ធ្នូ​ ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ។ ​២ធ្នូ​១៩៧៨​គឺ​ជា​ការ​ចាប់​កំណើត​នៃ​ចលនា​តស៊ូ​ដែល​មាន​ឈ្មោះ​ថា​«រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា»​នៅ​ឯ​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ។ រណសិរ្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលដៅ​ផ្តួល​រំលំ​របប​ខ្មែរក្រហម​ដែល​បាន​សាប​​ព្រោះ​របប​​វាល​​ពិឃាត​​នៅ​លើ​ទឹកដី​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​១៩៧៩។

ការ​កកើត​ឡើង​នៃ​រណសិរ្ស​២​ធ្នូ​អាច​បញ្ជាក់​បាន​នូវ​ទ្រឹស្តី​ដែល​ថា​ «ទីណា​មាន​ការ​ជិះជាន់ ​ទីនោះ​​មាន​ការ​រើ​បង្រះ» ​សូម្បី​តែ​របប​ខ្មែរក្រហម​ដ៏​សាហាវ ​ដ៏មហា​ប្រល័យ​ ក៏​គង់​នៅ​មាន​អ្នក​ហ៊ាន​ងើប​តស៊ូ​ដើម្បី​ផ្តួល​រំលំ​រហូត​បាន​ទទួល​ជោគជ័យ​ដែរ។​ រណសិរ្ស​២ធ្នូ​មិន​មែន​ជា​ចលនា​​រំដោះ​ជាតិ​លើក​ដំបូង​ទេ​សម្រាប់​ប្រទេស​កម្ពុជា​ ប៉ុន្តែ ​វា​ជា​ចលនា​តស៊ូ​មួយ​ដែល​ត្រូវ​បាន​​បង្កើត​ឡើង​ក្នុង​ស្ថានភាព​ដែល​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។

ជាការ​ពិត​ ក្រោយ​ចលនា​រណសិរ្ស​២​ធ្នូ​ឆ្នាំ​៧៨ ​ក៏​មាន​ដែរ​ចលនា​តស៊ូ​ជាយដែន​ក្នុង​ទសវត្សរ៍​ទី​៨០​ និង​៩០​ដែល​ត្រូវ​គេ​បង្កើត​ឡើង​ក្នុង​បុព្វហេតុ​រំដោះ​ប្រទេស​ជាតិ​ដូចគ្នា​ប៉ុន្តែ ​ទីបំផុត​ទៅ ​ដំណោះ​ស្រាយ​នយោបាយ​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ដាក់​អាវុធ​និង​ជ្រើសរើស​យក​ការ​បោះឆ្នោត​ជា​ទីលាន​ប្រកួត​ប្រជែង​វិញ។ ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​១៩៩៣​​គឺ​ជា​របត់​នយោបាយ​ថ្មី​មួយ​សម្រាប់​កម្ពុជា។ ​វប្បធម៌​ប្រជាធិបតេយ្យ​កំពុង​ចាក់​ឬស​នៅ​លើ​ទឹក​ដី​ដែល​ធ្លាប់​តែ​ប្រយុទ្ធគ្នា​ដោយ​អាវុធ​មួយ​នេះ។

​មក​ដល់​ត្រឹម​នេះ ​គេ​អាច​និយាយ​បាន​ថា​រណសិរ្ស​ ២​​ធ្នូ​១៩៧៨​គឺ​ជា​ចលនា​តស៊ូ​រំដោះជាតិ​ដោយ​​អាវុធ​​ចុងក្រោយ​សម្រាប់​រយៈ​ពេល​៣៣​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ដោយ​ក្រឡេក​ថយ​ក្រោយ​ទៅ​មើល​អតីតកាល​របស់​ខ្លួន​ ពលរដ្ឋខ្មែរ​ជា​ច្រើន​បន់ស្រន់​សូម​ឲ្យ​ចលនា​រំដោះ​ជាតិ​ដោយ​ចុង​កាណុង​​បញ្ចប់​ត្រឹម​ចលនា​២​ធ្នូ​ឆ្នាំ​១៩៧៨​ទៅ​ចុះ​ពីព្រោះ​គ្មាន​នរណា​ម្នាក់​ចង់​ឃើញ​ប្រទេស​ជាតិ​​ធ្លាក់​ក្នុង​ភាព​វិនាសកម្ម​វឹកវរ​ជាថ្មី ​និង​ត្រូវ​បង្កើត​ចលនា​រំដោះ​ជាតិ​អ្វី​ទៀត​នោះ​ឡើយ។

ប៉ុន្តែ ​ដើម្បី​ធ្វើ​ឲ្យ​ក្តី​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​សម្រេច ​ទាល់តែ​មាន​ភាព​សុខដុមរមនា​ក្នុង​ចំណោម​ពលរដ្ឋ​ ជាពិសេស​ភាព​សុខដុមរមនា​រវាង​អ្នក​នយោបាយ​តែ​ម្តង។ ​បច្ចុប្បន្ន​នេះ​ កម្ពុជា​មាន​ហើយ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ​បាន​ស្គាល់​ហើយ​ការ​អភិវឌ្ឍន៍​ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ​គ្រប់​វិស័យ ​មាន​ហើយ​សេរីភាព​ដើរ​ហើរ​ទៅ​ណា​មក​ណា​ដោយ​សេរី​ និង​លែង​មាន​ទៀត​ហើយ​សង្គ្រាម​ស៊ីវិល។ ​ប៉ុន្តែ ​បញ្ហា​ជាច្រើន​នៅ​តែ​បង្ក​ភាព​អាប់​អួនៅ​ក្នុង​សង្គម​នៅ​ឡើយ។ ​បញ្ហា​ដីធ្លី​ ប្រព័ន្ធ​យុត្តិធម៌ ​និង​ការ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​តែ​ជា​ប្រធានបទ​ក្តៅ​គគុក​​នៅ​ឡើយ។ ​ទំនាស់​រវាង​បក្ស​ប្រឆាំង​និង​បក្ស​កាន់​អំណាច​ក៏​នៅ​តែ​មាន​លក្ខណៈ​ស្រួច​ស្រាល់​​យ៉ាង​ខ្លាំង។​ ថ្មីៗ​នេះ​ក៏​មាន​ការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​ពាក្យ​សម្តី​បន្ទាប់​ពី​បក្ស​ប្រឆាំង​បំផុស​អំពី​ការ​ផ្លាស់ប្តូរ​អ្នក​ដឹកនាំ​ប្រទេស​តាម​រយៈ​មធ្យោបាយ​ផ្សេងៗ​ក្នុង​នោះ​ក៏​មាន​ការ​ប្រៀបធៀប​អំពី​ចលនា​បះបោរ​ទម្លាក់​មេដឹកនាំ​នៅ​ក្នុង​ពិភព​អារ៉ាប់​ជាដើម។ ទាំងនេះ​បាន​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ឬ​ក៏​ការ​នឹក​ឃើញ​ឡើង​វិញ​អំពី​រូបភាព​នៃ​អំពើ​ហិង្សា​គួរ​ឲ្យ​ព្រឺខ្លាច។
 

យ៉ាងណា​ក៏ដោយ ​មាន​ការ​រំពឹង​ទុក​ថា ​អ្នកនយោបាយ​ខ្មែរ​គ្រប់​និន្នាការ​នឹង​ស្រង់​បទពិសោធន៍​ពី​អតីតកាល ​ហើយ​ចៀសវាង​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​ច្រំដែល។ ​គឺ​ចៀសវាង​តាម​រយៈ​ធ្វើ​នយោ​បាយ​ដោយ​នាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍​ដ៏​ពិតប្រាកដ​មួយ​ ដោយ​គិត​គូ​រផល​ប្រយោជន៍​ប្រទេស​​ជាតិ​ និង​ប្រជាជន​ជា​ធំ​ ហើយ​មិន​ទុក​ឲ្យ​ពួកគេ​ទទួល​រងទុក្ខ​វេទនា​ទៀត​ឡើយ។ គេ​ក៏​មាន​ជំនឿ​ដែរ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​សម័យ​ថ្មី​នេះ​ប្រាកដ​ជា​នឹង​ចូល​រួម​កាន់​ក្តាប់​ជោគ​វាសនា​ប្រទេស​ជាតិ​ដោយ​មិន​បណ្តោយ​ឲ្យ​អ្នកនយោបាយ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ទៀត​ដែរ។ ​ការ​ចូល​រួម​ធ្វើ​ឲ្យ​មាន​ភាព​សុខដុមរមនា​ក្នុង​ប្រទេស​ ជា​វិធី​ល្អ​បំផុត​ដើម្បី​ចៀស​វាង​ការ​កកើត​ជាថ្មី​ចលនា​តស៊ូ​រំដោះ​ជាតិ​ដោយ​អំពើហិង្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI