ចិន

៤០ឆ្នាំ​​ក្រោយ​​​មរណភាព​​​ ម៉ៅ សេទុង​ ​​នៅ​តែ​​​​ស្ថិត​​ក្នុង​​​ការ​ចងចាំ​​​របស់​​​ជនជាតិ​​ចិន​​

ប៉ូលិសចិន​នៅ​មុខ​រូបថត​លោក​ម៉ៅ សេទុង នៅទីលាន​ធាន អានមេន ក្រុងប៉េកាំង។
ប៉ូលិសចិន​នៅ​មុខ​រូបថត​លោក​ម៉ៅ សេទុង នៅទីលាន​ធាន អានមេន ក្រុងប៉េកាំង។ REUTERS/Damir Sagolj

ថ្ងៃសុក្រ​៩កញ្ញា​​នេះ ជាថ្ងៃ​ខួប៤០ឆ្នាំ ​​នៃ​ការស្លាប់​របស់​លោក ម៉ៅ សេទុង ស្ថាបនិក​របប​កុម្មុយនិស្ត​ចិន។ ​ត្បិតថា គ្មាន​ទិវា​ជាតិអ្វី​ដើម្បី​ឧទ្ទិស​ដល់​​ ម៉ៅ សេទុង ​ក៏ប្រជាជនចិន​​នៅតែ​ចងចាំជានិច្ច នូវ​​​វីរភាព​របស់​គាត់ ក្នុង​ការធ្វើសង្គ្រាម​ប្រឆាំង​ការឈ្លានពាន​របស់​ជប៉ុន ក្នុងប្រវត្តិសាស្ត្រ។ 

ផ្សាយពាណិជ្ជកម្ម

លោក ​​ម៉ៅ សេទុង ​ជា​បិតា​ស្ថាបនិក​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្ថាបនិក​​របប​កុម្មុយនិស្ត​ចិន។ លោក​​កើតថ្ងៃ២៦ធ្នូ ឆ្នាំ១៨៩៣ ​នៅ​ខែត្រ​ហ៊ូណាន ប្រទេសចិន។ លោកបាន​ទទួល​មរណភាព ​ថ្ងៃ៩កញ្ញា ឆ្នាំ១៩៧៦ គិតថ្ងៃព្រហស្បតិ៍នេះ​ គឺ​៤០ឆ្នាំគត់។ ៤០ឆ្នាំកន្លងទៅ​មែន ​តែ​ប្រជាជន​ចិន ​នៅតែ​គោរពបូជាលោក​ជានិច្ច។

មុន​នឹង​ទទួលមរណភាព លោក​​ម៉ៅ សេទុង បាន​អនុញ្ញាត​អោយ​មា​នបដិវត្តន៍​វប្បធម៌។ បដិវត្តន៍នេះ​​​ផ្ទុះឡើង ក្នុង​ខែ​ឧសភា ឆ្នាំ១៩៦៦ មានទិសដៅ​បោសសម្អាត​អ្នកដែល​មានគំនិត​មូលធននិយម បញ្ជូនមនុស្ស​ទៅជំរំលត់ដំ ធ្វើការងារ​ធ្ងន់ គ្មាន​អាហារ​ហូបចុក គ្មាន​ការ​ព្យាបាល។ ​​បិដវត្តន៍​ចិន​អូសបន្លាយ​១០ឆ្នាំ ​​​​​បាន​ធ្វើអោយ​ប្រជាជន​​ជាង៣៦លាននាក់ រងទុក្ខ ក្នុង​នោះ មាន​​ស្លាប់​​រាប់លាននាក់។ ​​

ត្បិតថា ប្រជាជន​រងទុក្ខ​លំបាក​មែន ប៉ុន្តែ ប្រជាជន​បាន​មើលឃើញ ​ចំណុច​ល្អ​មួយផ្សេង​របស់​បិតា​ស្ថាបនិក​ជាតិ​មួយនេះ។ នោះ​គឺ​វីរភាព​របស់​លោក​ម៉ៅ សេទុង ដែល​បាន​ដឹកនាំ​ការតស៊ូ​ប្រឆាំង​ការឈ្លានពាន​របស់​ជប៉ុន។ ​ក្នុង​ពេល​ជប៉ុន​ចូល​​ឈ្លានពាន​ចិនក្នុងទសវត្ស​ឆ្នាំ១៩៣០ ម៉ៅ សេទុង​ ​កំពុង​ទប់ទល់ជាមួយ​ក្រុមប្រយុទ្ធ​ ​​ចៀង កាយចៀក។ តែ​លោក​ម៉ៅក៏​​​មិន​បាន​បណ្តោយ​អោយ​ជប៉ុន​ធ្វើអ្វីស្រេច​ចិត្ត​ដែរ ខុសពី​លោក ចៀងកាយចៀក ដែល​ប្តេជ្ញា​កំចាត់​ក្រុមកុម្មុនិស្តរបស់​លោក​ម៉ៅ​​ជាមុនសិន សឹម​វាយបក​ទៅជប៉ុនតាមក្រោយ។

ត្បិតថា ចិន​គ្មាន​បុណ្យជាតិអ្វី​​ដើម្បី​រំលឹក​ដល់​ម៉ៅ សេទុង ក៏​ប្រជាជន​ចិនខ្លះ​បា​ន​តាំងរូប​លោកម៉ៅ​ ក្នុង​ផ្ទះពួកគេ ​ដើម្បីគោរពបូជា។ ដោយឡែក ក្រៅពីលោក​ម៉ៅ សេទុង បច្ចុប្បន្ន​នេះ ប្រធានាធិបតី​ស៊ី ជីនពីង ​ក៏កំពុង​មានប្រជាប្រិយភាព​ខ្ពស់​ដែរ ដោយសារ​តែ​​យុទ្ធនាការ​​​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​របស់​លោក​​៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI