ខួបគំរប់ ៥៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងរុស្ស៊ីនិងកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គឺថ្ងៃ១៣ឧសភាឆ្នាំ១៩៥៦ ដែលរាជាណាចក្រកម្ពុជា និង សហភាពសូវៀត បាន តាំងទំនាក់ទំនងការទូតនឹងគ្នា។ ដោយហេតុថា ក្នុងអំឡុង៥៥ឆ្នាំកន្លងទៅ ប្រទេសទាំងពីរ សុទ្ធតែបានបោកកញ្ជ្រោក ទៅដោយព្រឹត្តិការណ៍ មានលក្ខណៈជារបត់ គួររំលឹកខ្លះៗ អំពី ដំណើរវិវឌ្ឍន៍ទៅ នៃទំនាក់ទំនងនេះ។
ព្រឹត្តិការណ៍ជារបត់នេះ ដូចគេដឹងស្រាប់ គឺថា ៖
-កម្ពុជា បានឆ្លងកាត់របបសាធារណរដ្ឋ ពីឆ្នាំ១៩៧០ ដល់១៩៧៥ បន្ទាប់មក បានធ្លាក់ទៅ នៅក្រោមការគ្រប់គ្រងនៃ របបខ្មែរក្រហម ពីឆ្នាំ១៩៧៥ដល់ដើមឆ្នាំ១៩៧៩ ជាចន្លោះពេលដែល ញ៉ាំងសហភាពសូវៀតឲ្យបង្ខំចិត្ត ព្យួរទុកទៅ នូវ ទំនាក់ទំនងទ្វេភាគីរុស្ស៊ី-កម្ពុជា។
-ចំណែក សហភាពសូវៀតវិញ ក្រោមចំហាយនៃយុគ”សង្គ្រាមត្រជាក់” បានរលំរលាយទៅ នៅ ឆ្នាំ១៩៩១ លុះទាល់តែមានលេចចេញមក ជារដ្ឋរុស្ស៊ីសម័យថ្មី ក្រោមឈ្មោះថា សហព័ន្ធរុស្ស៊ី ដែលត្រូវ អ.ស.ប.ទទួលស្គាល់ ថាជាប្រទេស បន្តកេរពីសហភាពនេះ។
គឺនៅខែធ្នូឆ្នាំ១៩៩១នោះតែម្តង ដែលសហព៍ន្ធរុស្ស៊ីនេះ បានត្រូវប្រកាសទទួលស្គាល់ ដោយប្រមុខរដ្ឋកម្ពុជា ព្រះបាទនរោត្តមសីហនុ។
ក្នុងផ្ទៃនៃការប្រែប្រួលដែលបានកើតមាន គេអាចបែងចែក ទំនាក់ទំនងទ្វេភាគី ជាដំណាក់កាល ដូចតទៅ ៖
-ដំណាក់ទី១ ពីឆ្នាំ១៩៥៦ ដល់ ១៩៧០ ឯកអគ្គរាជទូត ដែលតំណាងឲ្យ រាជាណាចក្រកម្ពុជា ប្រចាំ នៅសហភាពសូវៀត មានឈ្មោះជាបន្តបន្ទាប់ថា ៖ លោក ឡេង ង៉ែត ,លោកញ៉ឹក ជូឡុង, លោកហ៊ុយ កន្ធុល, លោក ជា សាន។
-ដំណាក់ទី២ ពីឆ្នាំ១៩៧០ដល់១៩៧៥ សម័យរបបលន់នល់ កាលដែលសហភាពសូវៀត នៅរក្សាទុកស្ថានទូតខ្លួន ឲ្យដំណើរការនៅក្រុងភ្នំពេញដដែល ប៉ុន្តែនៅម៉ូស្គូវិញ បានដំណើរការ គឺ ស្ថានទូតខ្មែរដល់ទៅ២ ៖ មួយ គឺ ស្ថានទូតចាស់ នៃរាជាណាចក្រកម្ពុជា ដែលបានប្រែក្លាយ ទៅជា ស្ថានទូត របស់ ”រាជរដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជា” ដឹកនាំដោយសម្តេច នរោត្តមសីហនុ ដែលកាលណោះមាន ទីស្នាក់ការនៅ ឯក្រុងប៉េកាំង សម្រាប់ធ្វើការតស៊ូ ទល់នឹងរបបលន់នល់ របបដែលបានទម្លាក់ព្រះអង្គពីអំណាច នៅថ្ងៃ១៨មីនាឆ្នាំ១៩៧០។
មួយទៀត គឺ ស្ថានតំណាង ឲ្យរបបលន់នល់ដែលដឹកនាំដោយលោក ចន្ទសូរី ជាភារធារីស្តីទី នៃរបបក្រុងភ្នំពេញ សម័យនោះ។
-ដំណាក់ទី៣ គឺរាប់ពីឆ្នាំ១៩៧៩មក ក្រោយពីប្រទេសកម្ពុជា រំដោះរួច ពីរបបខ្មែរក្រហម លុះ រហូត មកទល់បច្ចុប្បន្នកាល ដោយមានរូបឯកអគ្គរដ្ឋទូត បន្ទាប់មកជាឯក អគ្គរាជទូតខ្មែរ ប្រចាំនៅ ក្រុងម៉ូស្គូដូចតទៅ ៖ គឺលោក កែវ ប្រាសាទ, លោកមាស សំណាង, លោកហោ ណាំហុង, លោកស្រី ទី បូរ៉ាស៊ី, លោកសេក សេដ្ឋា, លោក រស់ គង់. លោកជុំ សុន្ធរី, លោក ខៀវ ថវិកា និង បច្ចុប្បន្ន គឺលោក ថៃ វណ្ណា។
ក្នុង៥៥ឆ្នាំកន្លងទៅ ទំនាក់ទំនងកម្ពុជា-រុស្ស៊ី បានរីកផុសផុល លើវិស័យជាច្រើន
រួច នាប៉ុន្មានឆ្នាំចុងក្រោយ ខ្លាំងមែនទេន គឺវិស័យទេសចរណ៍ ដោយមានទេសចររុស្ស៊ី ទៅទស្សនា ប្រទេសកម្ពុជា កាន់តែច្រើនឡើងៗ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ