៧មករា គួរក្លាយជាបទពិសោធន៍នយោបាយនៅកម្ពុជា !
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២៧
៧មករា១៩៧៩ -៧មករា ២០១១ គឺជាខួបទី៣៣ឆ្នាំនៃការដួលរលំរបបខ្មែរក្រហម។ ៣៣ឆ្នាំ បាន កន្លងផុតទៅ ថ្ងៃ៧មករានៅតែជាអត្ថន័យនយោបាយដ៏សំខាន់សម្រាប់គណបក្សកាន់អំណាចនៅកម្ពុជា។ គណបក្សប្រជាជនកម្ពុជាបានលើកសរសើរគុណសម្បត្តិថ្ងៃប្រវត្តិសាស្ត្រមួយនេះដែលបានរំដោះប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យរួចផុតពីសេចក្តីស្លាប់។ ប៉ុន្តែ ក្រុមប្រឆាំងថ្ងៃ៧មករានៅតែចាត់ទុក៧មករាជាថ្ងៃឈ្លានពានរបស់កងទ័ពវៀតណាម។ តើរយៈពេល៣៣ឆ្នាំកន្លងទៅជម្លោះនយោបាយជុំវិញថ្ងៃ៧មករាបានទទួលផលអ្វីខ្លះ? តើគេគួរដកបទពិសោធន៍អ្វីខ្លះពីថ្ងៃ៧មករា ?
៣៣ឆ្នាំកន្លងផុតទៅ ថ្ងៃជ័យជម្នះលើរបបខ្មែរក្រហម ៧មករា១៩៧៩ នៅតែជាជម្លោះគ្មានទីបញ្ចប់ក្នុងចំណោមអ្នកនយោបាយខ្មែរ។ បុព្វហេតុនៃជម្លោះនៅតែដដែលគ្មានប្រែប្រួល ថ្វីបើចលនាបាតុកម្មប្រឆាំង៧មករាដោយចេញមុខបានស្ងប់ស្ងាត់អស់ជាច្រើនឆ្នាំហើយក៏ដោយ។ គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានប្រារព្ធខួប៣៣ឆ្នាំនៃថ្ងៃ៧មករានៅទូទាំងប្រទេស ក្នុងអត្ថន័យថា «បើគ្មានថ្ងៃ៧មករាទេ ក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ រាប់ទាំងជីវិតមនុស្ស និង សមិទ្ធផលទាំងឡាយដែលយើងកំពុងមាន»។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រសម្រាប់គណបក្សប្រជាជនកម្ពុជា និងពលរដ្ឋខ្មែរជាទូទៅ។ សច្ចធម៌នេះងាយនឹងយល់ណាស់សម្រាប់អ្នកដែលបានហែលឆ្លងកាត់របបខ្មែរក្រហម។
គឺក្នុងន័យនេះហើយដែលគណបក្សកាន់អំណាចបានពង្រីកអត្ថន័យថ្ងៃ៧មករាឲ្យហួសពីគុណសម្បត្តិផ្តាច់មុខរបស់ខ្លួនឲ្យទៅជារបស់រួមសម្រាប់ប្រជាជនខ្មែរទាំងមូល។ សម្រាប់គណបក្សប្រជាជនកម្ពុជា មានតែរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះដែលជាសត្រូវរបស់ថ្ងៃ៧មករា ពោលគឺ អ្នកប្រឆាំងថ្ងៃ៧មករាគឺជាពួកខ្មែរក្រហម។ ជាញឹកញាប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅក្រុមប្រឆាំងថា ពួកគេធ្វើជាភ្លេចគុណថ្ងៃ៧មករា ដោយសារតែហេតុផលនយោបាយបើទោះបីជាពួកគេបានរួចជីវិតដោយសារតែថ្ងៃ៧មករាក៏ដោយ។ ទាំងអស់នេះគឺជាអ្វីដែលគេបានលឺជាង៣០ឆ្នាំមកហើយ។
ប៉ុន្តែ សច្ចធម៌ប្រវត្តិសាស្ត្ររបស់ក្រុមអ្នកនយោបាយប្រឆាំងវិញ គឺថ្ងៃ៧មករាជាថ្ងៃដែលវៀតណាមបានចូលមកលុកលុយប្រទេសកម្ពុជាដោយលើកបន្តុបក្រុមមេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចសព្វថ្ងៃ។ ទឡ្ហីករណ៍របស់ពួកគេគឺ ក្រោយការផ្តួលរំលំរបបខ្មែរក្រហមរួចហើយ កងទ័ពវៀតណាមមិនបានដកចេញពីកម្ពុជាទេ តែបន្តស្ថិតនៅនិងកាន់កាប់ប្រទេសនេះរហូតដល់១០ឆ្នាំ ដែលគេចាត់ទុកថាជាការធ្វើអាណានិគមមកលើប្រទេសកម្ពុជា បើទោះបីជា វត្តមានយូរអង្វែងរបស់កងទ័ពវៀតណាមត្រូវបានគណបក្សប្រជាជនកម្ពុជាបកស្រាយថា ជាការចាំបាច់ដើម្បីទប់ស្កាត់ការវិលមកវិញរបស់ខ្មែរក្រហមក៏ដោយ។
ជម្លោះនេះបានស្តែងឲ្យឃើញថា ភាគីជម្លោះម្ខាងបានព្យាយាមលើកតែគុណសម្បត្តិ ដោយបំភ្លេចគុណវិបត្តិ រីឯភាគីម្ខាងទៀតបានលើកតែគុណវិបត្តិ ហើយបំភ្លេចគុណសម្បត្តិទាំងស្រុងរបស់ថ្ងៃ៧មករា។ ទឡ្ហីករណ៍ទាំងនេះមិនឆ្លុះបញ្ចាំងពីទស្សនៈគ្រប់ជ្រុងជ្រោយនោះឡើយ។ សម្រាប់ក្រុមអ្នកវិភាគស្ថានការណ៍នយោបាយប្រទេសកម្ពុជា ជំនួសឲ្យការបន្តជម្លោះបែកបាក់គ្នា ជនជាតិខ្មែរគ្រប់និន្នាការ ជាពិសេសអ្នកនយោបាយតែម្តង គួរនាំគ្នាសិក្សាពីសច្ចធម៌ប្រវត្តិសាស្ត្រពិតប្រាកដមួយអំពីថ្ងៃ៧មករា ដោយឈរលើទស្សនៈគ្រប់ជ្រុងជ្រោយ។ ការស្វែងរកឲ្យឃើញគុណសម្បត្តិ និងគុណវិបត្តិរបស់ថ្ងៃ៧មករា គឺដើម្បីទាញយក បទពិសោធន៍នយោបាយសម្រាប់តម្រង់ទិសប្រទេសជាតិទៅថ្ងៃអនាគត។
តាមពិត ៧មករា១៩៧៩ គ្រាន់តែជារបត់នយោបាយមួយប៉ុណ្ណោះ ប៉ុន្តែ ឫសគល់ពិតប្រាដករបស់វាគឺរបបខ្មែរក្រហមឯណោះទេ។ តើហេតុអ្វីបានជាមានរបបខ្មែរក្រហម? តើហេតុអ្វីបានជារបបនេះកាប់សម្លាប់ប្រជាពលរដ្ឋខ្លួនឯង? នេះទើបជាសំណួរសំខាន់ និងមានប្រយោជន៍ដែលត្រូវពិចារណារកហេតុផល និងដកបទពិសោធន៍។ ការព្យាយាមបង្កើតជម្លោះគ្រាន់តែដើម្បីផលប្រយោជន៍នយោបាយមិនផ្តល់ផលល្អសម្រាប់ប្រទេសជាតិឡើយទោះបីជាគេត្រូវបន្តជម្លោះនេះ១០០ឆ្នាំទៀតក៏ដោយ។ សម្រាប់ប្រទេសកម្ពុជា បទពិសោធន៍អតីតកាលគឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់សម្រាប់បច្ចុប្បន្ន និងអនាគត។
បទពិសោធន៍ដែលល្អជាងគេគឺ ការបង្កជម្លោះផ្ទៃក្នុងរវាងខ្មែរនិងខ្មែរគ្នាឯងរហូតដល់ប្រទេសជាតិធ្លាក់ក្នុងក្តីវិនាសអន្តរាយ ដែលទាមទារឲ្យមានអន្តរាគមន៍ពីបរទេស។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រមួយរបស់កម្ពុជាដែលអ្នកនយោបាយគួរនាំគ្នាសិក្សា និងយកជាមេរៀនដើម្បីកុំឲ្យប្រវត្តិសាស្ត្រច្រំដែល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ