អានតួអត្ថបទ
ប៉ូឡូញ-រុស្ស៊ី

ខួប​៧០​ឆ្នាំ​នៃ​សោកនាដកម្ម​ក្នុង​ព្រៃ Katyn (មេសា ១៩៤០-មេសា ២០១០)

កុនឯកសារ​ស្តីពី​ការសម្លាប់​រង្គាល​នៅ​កាទីន (Katyn) ត្រូវ​បាន​ផ្សាយតាមទូរទស្សន៍​រដ្ឋ​របស់​រុស្ស៊ី
កុនឯកសារ​ស្តីពី​ការសម្លាប់​រង្គាល​នៅ​កាទីន (Katyn) ត្រូវ​បាន​ផ្សាយតាមទូរទស្សន៍​រដ្ឋ​របស់​រុស្ស៊ី ©RFI
ដោយ៖ កែវ ឆាយា
១៣ នាទី

គឺ​ជា​លើក​ទី​១ ដែល​ថ្ងៃ​ពុធ ៧​មេសា​នេះ ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី​លោកVladimir Poutine និង​សមភាគី​ប៉ូឡូញ លោក​នាយក​រដ្ឋមន្ត្រី Donald Tusk ចូលរួម​ក្នុង​ពិធី​ស្មិងស្មាធិ៍​រួមគ្នា​លើ​ផ្នូរ​ក្នុង​ព្រៃ Katyn នៅ​ប៉ែក​ខាងលិច​ប្រទេស​រុស្ស៊ី ក្នុង​ខេត្ត​Smolensk នៅ​ចម្ងាយ ៤៥០គ.ម. និរតី​ពី​រដ្ឋធានី​ម៉ូស្គូ ជាទី​ដែល​មាន​កប់​សព​នាយ​ទាហាន​ប៉ូឡូញ​ប្រមាណ ៤.០០០​នាក់ បាញ់​សម្លាប់ ដោយ​ពួក​ប៉ូលិស​សម្ងាត់​នៃ​របប​Staline ក្នុង​ឆ្នាំ ១៩៤០ ពេល​ដែល​សង្គ្រាម​លោក​លើក ទី​២​ទើប​ឆាបឆេះ។

ផ្សាយពាណិជ្ជកម្ម

គិត​ជា​សរុប សម័យ​នោះ នៅ​តាម​ព្រៃ​នៃ​ដែនដី​រុស្ស៊ី Ukraine Bielorussie នៃ​អតីត​សហភាព​សូវៀត គឺ​មាន​ប្រហារ​ជីវិត​នាយ​ទាហាន និង​ឈ្លើយ​សង្គ្រាម​ប៉ូឡូញ អស់​ជិត​២ ម៉ឺន​២.០០០​នាក់​ឯណោះ។

ទោះបី​ទីស្មសាន​ដែល​មាន​កប់​ខ្មោច​រួម​នេះ បាន​ត្រូវ​គេ​រក​ឃើញ តាំង​ពី ក្នុង​ឆ្នាំ ១៩៤៣​ក្តី ក៏ អំណាច​សូវៀត អស់​អំឡុង​ពេល​យូរ​ឆ្នាំ តែង​បាន​ខិតខំ​លាក់​បំបាំង​រឿង​ពិត​អំពី​សោកនាដកម្ម នៅ​ក្នុង​ព្រៃ Katyn ដោយ​អះអាង​ថា នាយ​ទាហាន​ប៉ូឡូញ​ទាំងនោះ​បាន​ត្រូវ​បាញ់​សម្លាប់ គឺ​ដោយ​ដៃ​ពួក​យោធា​អាល្លឺម៉ង់​ទេ​តើ ក្រោយ​ពី​ពួកនេះ​បាន​វាយលុក​ចូល​ដែនដី​សហភាព​សូវៀត យ៉ាង​គំហុក កាល​ក្នុង​ឆ្នាំ ១៩៤១។

តាម​ពិត​ទៅ នាយ​ទាហាន​ប៉ូឡូញ​ទាំង​នោះ​បាន​ត្រូវ​ភាគី​អាល្លឺម៉ង់​ប្រគល់​មក​ក្នុង​ដៃ​ប៉ូលិស​សម្ងាត់​សូវៀត ជំនាន់Staline ដែល​មាន​ឈ្មោះ​ថា “ស្នង​ការដ្ឋាន​ប្រជាជន​ខាង​កិច្ចការ​មហាផ្ទៃ” ហៅ​កាត់​ជា​ភាសា​រុស្ស៊ី​ថា NKVD ដែល​គ្រាន់តែ​អ្នកស្រុក​ឭ​ឈ្មោះ គឺ​ព្រឺ​ឆ្អឹងខ្នង​ទៅហើយ។ ប្រគល់​នេះ គឺ​ក្រោយ​ពី​មាន​ចុះ ក្នុង​ឆ្នាំ ១៩៣៩ ជា​កតិកា​សញ្ញា​រវាង​របប​សូវៀត Staline និង របប​Hitler​អាល្លឺម៉ង់។ ឯកសារ​នេះ ត្រូវ​គេ​ស្គាល់​ក្រោម​ឈ្មោះ​ថា កតិកាសញ្ញា Molotov-Ribbentrop ដែល​កាលណោះ សុទ្ធ​តែ​ជា​រដ្ឋមន្ត្រី​ការបរទេស​ចុះ​ហត្ថលេខា​តំណាង​ឲ្យ​របប​ទាំង​ពីរ។

ទំព័រ​សោកនាដកម្ម​ក្នុង​ព្រៃ Katyn បាន​នាំ​ឲ្យ​ល្អក់​យ៉ាងខ្លាំង​ដល់​ទំនាក់​ទំនង​រុស្ស៊ី- ប៉ូឡូញ។ ទោះបី​ក្នុង​ឆ្នាំ ១៩៩០ មេដឹកនាំ​សូវៀត​ដែល​ល្បី​ខាង​ធ្វើ​កំណែ​ទម្រង់ គឺ​លោក Gorbatchev សុខចិត្ត​សារភាព​អំពី​នាទី​ទទួល​ខុសត្រូវ​របស់​សហភាព​សូវៀត ចំពោះ​ឃាតកម្ម​ពួក​នាយ​ទាហាន និង​ពួក​អ្នកតំណាង​ដ៏​ឆ្នើមៗ​នៃ​បញ្ញវន្ត​ប៉ូឡូញ​ក្តី ក៏​បណ្ណសារ​ជាច្រើន​ទាក់ទង​នឹង​រឿង​នេះ នៅ​តែ​បន្ត​ស្ថិតនៅ​ក្នុង​ភាព​សម្ងាត់​ដដែល។ ការស៊ើប​អង្កេត​ជា​ផ្លូវការ ធ្វើ​តាំងពី​ពេល​សារភាព​នោះ​មក ដោយ​ស្ថាប័ន​រដ្ឋ​អាជ្ញា​រុស្ស៊ី​បាន​ត្រូវ​បញ្ឈប់​ទៅ​ក្នុង​ឆ្នាំ ២០០៤ ដោយ​គ្មាន​ច្រកចេញ​ឲ្យ​បាន​ច្បាស់លាស់ និង​ទាំង​មិន​ព្រម​ចាត់ទុក​ព្រឹត្តិការណ៍ នៅ Katyn ថា ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ឡើយ។

រីឯ​ការប៉ុនប៉ង​ច្រើន​ឥត​គណនា​របស់​សាច់ញាតិ​ពួក​អ្នកអភ័ព្វ​ស្លាប់​ទៅ តវ៉ា នៅ​តាម​តុលាការ​រុស្ស៊ី ទល់​នឹង​ការសំរេចចិត្ត​ឈប់​ស៊ើបអង្កេត​នេះ គឺ​សុទ្ធ​តែ​ចប់​ទៅ​ដោយ​គ្មាន​លទ្ធផល​អ្វី​ណា​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ