អង្គការសុខភាពពិភពលោក៖ផ្សែងពុលក្នុងបរិយាកាសសម្លាប់មនុស្ស ៧លាននាក់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មនុស្ស៧លាននាក់បានស្លាប់មុនអាយុ នៅឆ្នាំ ២០១២ ដោយសារផ្សែងពុលក្នុងបរិយាកាស។ នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ដែលបានចុះផ្សាយ កាលពីថ្ងៃអង្គារទី ២៥ មីនា។ ប្រទេសដែលមានប្រាក់ចំណូលតិចតួច ដូចជានៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិកខាងលិចរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែផ្សែងពុលក្នុងបរិយាកាស។
ក្នុងឆ្នាំ ២០១២ មនុស្ស៣លាន៧សែននាក់ស្លាប់ដោយសារជម្ងឺ ដែលបណ្តាលមកពីខ្យល់ពុល នៅខាងក្រៅផ្ទះ នៅក្នុងពេលមនុស្សជាង៤លាននាក់ផ្សេងទៀត ស្លាប់ដោយសារផ្សែងពុល ដែលបង្កឡើងក្នុងផ្ទះ។ និយាយឲ្យចំ ផ្សែងពុលដែលកើតចេញពីផ្សែងចង្រ្កាន ដែលឆេះដោយអុស ធ្យូង ឬផ្សែងដែលចេញមកពីម៉ាស៊ីនកំដៅផ្សេងៗ ដែលមាននៅក្នុងផ្ទះ។
តាមអ្នកជំនាញសុខភាពគ្រួសាររបស់អង្គការសុខភាពពិភពលោក ស្រ្តី និងកុមារជាអ្នករងគ្រោះច្រើនជាងគេ ដោយផ្សែងពុលក្នុងផ្ទះ ដោយមូលហេតុមកពីពួកគេចំណាយពេលច្រើននៅក្នុងផ្ទះ និងហិតស្រូបយកផ្សែងពុលទាំងប៉ុន្មាន ដែលហើរចេញពីចង្រ្កានដុតអុស។
អង្គការសុខភាពពិភពលោកបានធ្វើការសិក្សាម្តងហើយ កាលពីឆ្នាំ ២០០៨ ដែលកាលណោះ ចំនួនមនុស្សស្លាប់ដោយផ្សែងពុលមានត្រឹម៣លាន ២សែននាក់។ តួលេខនេះបង្ហាញថា ក្នុងរវាងតែបួនឆ្នាំ ប៉ុណ្ណោះ ចំនួនមនុស្សស្លាប់ដោយសារជម្ងឺដែលបង្កមកពីផ្សែងពុល ក្នុង និងក្រៅផ្ទះ បានកើនឡើងទ្វេដង នៅក្នុងពិភពលោកទាំងមូល។ មិនថា ប្រទេសអ្នកមាន ឬប្រទេសក្រីក្រសុទ្ធតែត្រូវរងគ្រោះ ប៉ះពាល់ដោយសារផ្សែងពុល ដែលកំពុងបៀតបៀនសុខភាពមនុស្សកាន់តែខ្លាំង។
តួលេខរបស់អង្គការសុខភាពពិភពលោកបានបង្ហាញកាន់តែច្បាស់ពីការជាប់ទាក់ទងគ្នារវាងផ្សែងពុលបរិយាកាស និងជម្ងឺមហារីសួត ជម្ងឺបេះដូង និងជម្ងឺផ្លូវដង្ហើម។ យោងតាមលោកស្រីMaria Neira ប្រធាននាយកដ្ឋានសុខភាពសាធារណៈរបស់អង្គការសុខភាពពិភពលោក គ្រោះថ្នាក់ជាងការគិតទៅទៀតនោះ គឺផ្សែងពុលក្នុងបរិកាសអាចបណ្តាលឲ្យមនុស្សកើតជម្ងឺបេះដូង និងគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល។
កាលពីខែតុលាឆ្នាំ ២០១៣ មជ្ឈមណ្ឌលអន្តរជាតិដើម្បីស្រាវជ្រាវជម្ងឺមហារីក របស់អង្គការសុខភាពពិភពលោកបានចេញអនុសាសន៍ ស្នើឲ្យគេប្រកាសចាត់ទុក ផ្សែងពុលក្នុងបរិយាកាស ដែលចេញពីម៉ាស៊ីនរថយន្ត ផ្សែងរោងចក្រឧស្សាហកម្ម ជាដើម ជាភ្នាក់ងារ បង្កឲ្យកើតមានជម្ងឺមហារីក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ